ជាតិ
នយោបាយជាតិ
មេពន្ធនាគារ សុំឲ្យសាលាឧទ្ធរណ៍ ពិចារណាចំពោះការដឹកឯកឧត្តម កឹម សុខា ពីត្បូងឃ្មុំ ទៅចូលរួមសវនាការនៅភ្នំពេញ
× ភ្នំពេញ៖ ព្រោះបារម្ភពីសុវត្ថិភាព មេពន្ធនាគារ បានស្នើឲ្យសាលាឧទ្ធរណ៍ ពិចារណាចំពោះការបញ្ជូនឯកឧត្តម កឹម សុខា ពីពន្ធនាគារក្នុងខេត្តត្បូងឃ្មុំ ទៅចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ។ តាមកាលកំណត់របស់សាលាឧទ្ធរណ៍ សវនាការលើរឿងក្តីឯកឧត្តម កឹម សុខា នឹងធ្វើឡើង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២0១៧។
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ហាក់ពុំទុកចិត្តពីសន្តិសុខនិងសុវត្ថិភាពនៅតាមផ្លូវ ប្រសិនបើដឹកឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចេញពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ទៅកាន់សាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២0១៧។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏ព្រួយបារម្ភពីបញ្ហាណាមួយ ដែលអាចកើតឡើងផងដែរ នៅពេលឯកឧត្តម កឹម សុខា មានវត្តមាននៅក្នុងសាលាឧទ្ធរណ៍ ក្នុងអំឡុងនៃការបើកសវនាការ។
ដោយក្តីព្រួយបារម្ភបែបនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានផ្ញើលិខិតមួយ ដែលចុះហត្ថលេខាដោយលោក ចាន់ គីមសេង ទៅកាន់អគ្គព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ ដើម្បីសុំពិចារណាចំពោះការដឹកឯកឧត្តម កឹម សុខា ពីខេត្តត្បូងឃ្មុំ ទៅកាន់រាជធានីភ្នំពេញ នាពេលខាងមុខ។
គម្រោងនៃការបើកសវនាការ នៅថ្ងៃទី២៦ ខែកញ្ញា នេះ គឺធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី ដែលការពារក្តីឲ្យឯកឧត្តម កឹម សុខា។ ក្រុមមេធាវី បានប្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំប្រឆាំងនឹងដីការបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការឃុំខ្លួនឯកឧត្តម កឹម សុខា។ សម្រាប់ក្រុមមេធាវី ការឃុំខ្លួនឯកឧត្តម កឹម សុខា គឺមិនស្របតាមនីតិវិធីនោះទេ។
លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីទាំងប្រាំរូបរបស់ឯកឧត្តម កឹម សុខា ធ្លាប់បកស្រាយថា ការចាប់ខ្លួនឯកឧត្តម កឹម សុខា ទាំងពាក់កណ្តាលអធ្រាត្រ គឺជាប្រការ ដែលច្បាប់ហាមឃាត់។ លោក បន្ថែមថា ម្យ៉ាងទៀត ឯកឧត្តម កឹម សុខា មិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ ដូច្នេះការចោទប្រកាន់ឬការចាប់ខ្លួនឯកឧត្តម កឹម សុខា តម្រូវឲ្យមានការដកអភ័យឯកសិទ្ធិសភាជាមុនសិន។ ផ្អែកលើហេតុផលទាំងនេះហើយ ដែលក្រុមមេធាវីបានប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីសុំប្រឆាំងនឹងសាលាដំបូងរាជធានីភ្នំពេញ ក្នុងការឃុំខ្លួនឯកឧត្តម កឹម សុខា។
ក្រៅពីការប្តឹងទៅសាលាឧទ្ធរណ៍ ក្រុមមេធាវី ក៏បានដាក់លិខិតទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីសុំឲ្យដោះលែងឯកឧត្តម កឹម សុខា។ ប៉ុន្តែ រហូតមកដល់ពេលនេះ សំណើសុំឲ្យដោះលែងឯកឧត្តម កឹម សុខា ខាងលើ នៅមិនទាន់មានដំណឹងលេចឮ យ៉ាងណានោះទេ។
ទោះជាក្រុមមេធាវីយល់យ៉ាងនេះក្តី ប៉ុន្តែសម្រាប់សមត្ថកិច្ចនិងតុលាការ ឯកឧត្តម កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយផ្អែកលើវីដេអូឃ្លីបមួយ ដែលផលិតដោយប្រព័ន្ធផ្សព្វផ្សាយឈ្មោះ CBN ហើយត្រូវបានបង្ហោះលើបណ្តាញសង្គមហេ្វសប៊ុក។ នៅក្នុងវីដេអូឃ្លីបនោះ ឯកឧត្តម កឹម សុខា បាននិយាយថា ឯកឧត្តម មានអ្នកជំនាញជាជនបរទេស នៅពីក្រោយខ្នង ដើម្បីជួយណែនាំ ក្នុងការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។
ក្រោយវីដេអូឃ្លីបនោះ បានបែកធ្លាយ សមត្ថកិច្ច បានទៅចាប់ឯកឧត្តម កឹម សុខា ដល់គេហដ្ឋាន ទាំងពាក់កណ្តាលអធ្រាត្រ ម៉ោងប្រហែល១២ និង៣0នាទី ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយរងបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលបទល្មើសនេះ ស្ថិតក្នុងអំពើក្បត់ជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com