ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន ចុះ​អនុស្សរណៈ លើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​
20, Sep 2017 , 8:50 pm        
រូបភាព
សម្តេច ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង លោក លីវ យុន​សាន សមាជិក​គណៈអចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុនី​ស្ត​ចិន ចាប់ដៃគ្នា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈមួយចំនួន ដែលធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី២0 ខែកញ្ញា ឆ្នាំ២0១៧។ រូបភាពពីទំព័រហ្វេស​ប៊ុ​ក ​សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង លោក លីវ យុន​សាន សមាជិក​គណៈអចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុនី​ស្ត​ចិន ចាប់ដៃគ្នា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈមួយចំនួន ដែលធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី២0 ខែកញ្ញា ឆ្នាំ២0១៧។ រូបភាពពីទំព័រហ្វេស​ប៊ុ​ក ​សម្តេច ហ៊ុន សែន
ភ្នំពេញ​៖ អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី «​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា និង ការ​សហប្រតិបត្តិការ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន​» ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២0 ខែកញ្ញា ឆ្នាំ​២0១៧​នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។



​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ បានសរសេរថា ការចុះ​អនុស្សរណៈ​ខាងលើ គឺធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល និង​លោក លីវ យុន​សាន សមាជិក​គណៈអចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុយនី​ស្ត​ចិន​។ សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​បញ្ជាក់ថា ការសម្រេច​ចុះ​អនុស្សរណៈ​នេះ គឺ​ក្រោយពី​បញ្ចប់​កិច្ច​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​រវាង​សម្តេច ហ៊ុន សែន និង​លោក លីវ យុន​សាន​។

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន អនុស្សរណៈ​ចំនួន​៥​ផ្សេងទៀត ក៏​ត្រូវបាន​ចុះហត្ថលេខា​ផងដែរ ដែល​រួមមាន អនុស្សរណៈ​ស្តីពី «​ការជំរុញ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល នៃ​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​» អនុស្សរណៈ ស្តីពី «​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព រវាង​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា និង​មូលនិធិ​ចិន ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​» អនុស្សរណៈ​ស្តីពី «​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព រវាង​ក្រសួង​អប់រំ នៃ​ប្រទេស​កម្ពុជា និង​មូលនិធិ​ចិន ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ អនុស្សរណៈ​ស្តីពី «​កិច្ចសហការ​ថត​ភាពយន្ត​ឯកសារ រវាង​ស្ថានីយទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន និង ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា និង អនុស្សរណៈ​ស្តីពី «​ការ​សហប្រតិបត្តិការ​សិក្សា​លើ​គម្រោង​សាងសង់​បណ្តាញ​ទូរទស្សន៍​ឌីជីថល​ទូទាំងប្រទេស​កម្ពុជា រវាង​ក្រសួង​ព័ត៌មាន នៃ​ប្រទេស​កម្ពុជា និង ទូរទស្សន៍​យួ​ណាន នៃ​ប្រទេស​ចិន​»​។​

​សូមបញ្ជាក់ថា លោក លីវ យុន​សាន បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​។ លោក​និង​គណៈប្រតិភូ បាន​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២0១៧៕



Tag:
 បក្សប្រជាជន
  បក្សកុម្មុយនីស្តចិន
  ចុះអនុស្សរណៈ
© រក្សាសិទ្ធិដោយ thmeythmey.com