ជាតិ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ​៖ ទេសចរ​ជាតិ​សម្រុក​មកលេង​ខេត្តសៀមរាប​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​
22, Sep 2017 , 12:34 pm        
រូបភាព
​សៀមរាប​៖ ដូច​រាល់​ឆ្នាំ ឲ្យ​តែមាន​បុណ្យទាន​សំខាន់ៗ ដូចជា​ភ្ជុំបិណ្ឌ ឬ​បុណ្យចូលឆ្នាំ ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​នានា តែង​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​។ ដោយសារ សម្បូរ​ទាំង​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ (​ភ្នំ​គូលែន​) ខេត្តសៀមរាប បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ ដែល​តែង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា ហើយ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​សង្កេតឃើញថា មាន​ទេសចរ​ជាតិ​ជា ច្រើន បាន​សម្រុក​មក​កម្សាន្ត​ក្នុង​ខេត្ត​មួយ​នេះ​។​



​បើតាម​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទអង្គរវត្ត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​ចូលមក​កម្សាន្ត​។ ពួកគេ​ទាំងនោះ ជា​អ្នក​មកពី​បណ្តា​ខេត្ត​នានា ដោយ​ធ្វើដំណើរ​តាម​រថយន្ត​ជា​លក្ខណៈ​គ្រួសារ និង​មានការ រៀបចំ​អាហារ​ដាក់​តាម​ខ្លួន​ផងដែរ​។​

​ក្រៅពី​តំបន់​ប្រាសាទ នៅ​តំបន់​កម្សាន្ត​មួយចំនួន ក៏​សម្បូរ​ភ្ញៀវ​ទៅ​ផងដែរ ក្នុងនោះ​រួមមាន រមណីយដ្ឋាន​ភ្នំ​គូលែន តំបន់​ផាប់​ស្ទ្រី​ត​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រមណីយដ្ឋាន​ត្រាវ​កុដិ កំពង់​ភ្លក់ និង​ភ្នំ​ក្រោម​ជាដើម​។​ល​។​

​របាយការណ៍​ពី​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប អំឡុងពេល​បិ​ណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ សរុប​មាន​ចំនួន ១៤៣,៦៩៣​នាក់ កើនឡើង ៤.៨១% ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ១២៦,០០០​នាក់ កើនឡើង ៥% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១៧,៦៩៣​នាក់ កើនឡើង ៣.៥២%៕

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ខ្លះៗ ដែល​ទេសចរ​ជាតិ​ដើរ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត នា​ថ្ងៃទី​២១ កញ្ញា ឆ្នាំ​២០១៧



















© រក្សាសិទ្ធិដោយ thmeythmey.com