អន្តរជាតិ
បច្ចេកវិទ្យា
អ្នកកើតចន្លោះឆ្នាំ១៩៨០-២០០០ ភាគច្រើន ខឹងសម្បាពេលនៅឆ្ងាយពីស្មាតហ្វូន
× អ្នកកើតចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០ ភាគច្រើនពិបាករស់នៅឆ្ងាយពីស្មាតហ្វូនខ្លាំងណាស់ ដោយពួកគេតែងតែមានអារម្មណ៍ខឹងសម្បារនៅពេលដែលពួកគេនៅឆ្ងាយពីវា។ នេះបើតាមការស្ទង់មតិលើយុវជនប្រមាណ៧០០០នាក់របស់ LendEDU។
ភ្នាក់ងារទីផ្សាអនឡាញ LendEDU បានចោទជាសំណួរទៅកាន់យុវជនប្រមាណ៧០០០នាក់ថា «តើអ្នកទាំងអស់មានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលគ្មានស្មាតហ្វូននៅជាប់ខ្លួន?»។ ចម្លើយបានបង្ហាញថា ៦៩ភាគរយ មានអារម្មណ៍ខឹងសម្បា ខណៈ៣១ភាគរយ បានចាត់ទុកថា ជារឿងធម្មតា។
បើតាមរបាយការណ៍លំអិតលើលទ្ធផលនៃការស្ទង់មតិ យុវជនដែលកើតចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០ រហូតដល់ទៅ៧៦ភាគរយឯណោះ ដែលបានឆ្លើយថា ពួកគេនៅមិនសុខនោះឡើយ នៅពេលដែលគ្មានស្មាតហ្វូននៅក្នុងដៃ។
LendEDU បានផ្តល់ការសន្និដ្ឋានរបស់ខ្លួនថា យុវជនទាំងនោះ គឺជាអ្នកដែលប្រើប្រាស់ស្មាតហ្វូនច្រើនជាងគេបំផុត ហើយអ្វីដែលសំខាន់នោះ ពួកគេចូលប្រើប្រាស់កម្មវិធី App ដើម្បីតាមដានព័ត៌មានផ្សេងៗ ។ វ័យដែលកើតចន្លោះឆ្នាំ១៩៨០ ដល់២០០០ ស្ថិតក្នុងចំណោមមនុស្សដែលត្រូវការព័ត៌មានបំផុត។
ទាក់ទងនឹងការស្ទង់មតិដែលរៀបចំឡើងចន្លោះពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី២៦ ខែសីហា លោក Larry Rosen ដែលជាអ្នកជំនាញផ្នែកចិត្តវិទ្យា បានរកឃើញថា មនុស្សដែលធ្លាប់ប្រើស្មាតហ្វូន ប៉ុន្តែបែរជាឆ្ងាយពីវា បានធ្វើឲ្យអ័រម៉ូនឈ្មោះ Cortisol បានមានការកើនឡើង។ ការកើនឡើងខ្ពស់នូវអ័រម៉ូន Cortisol បានធ្វើឲ្យមនុស្សមានការធុញថប់ក្នុងអារម្មណ៍ និងឆាប់ខឹង។
អ្នកជំនាញបានអះអាងបន្ថែមថា បច្ចុប្បន្ន ស្មាតហ្វូនបានក្លាយជាឧបករណ៍ជួយរំងាប់អារម្មណ៍របស់មនុស្ស ព្រោះវាមិនត្រឹមតែជាមធ្យោបាយភ្ជាប់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយ ការស្រាវជ្រាវ និងការគន់គូរនានាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com