ជាតិ
រមណីយដ្ឋានបូកគោ​ ​​ត្រូវ​ដូរ​ទៅ​ឈ្មោះ​ដើម​វិញ​ឲ្យ​បាន​មុន​ម៉ោង​១១​​ ថ្ងៃនេះ
23, Sep 2017 , 8:42 am        
រូបភាព
ដោយ: ថ្មីៗ
 សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត​ ទម្លាក់ស្លាកសញ្ញា និងឈ្មោះថ្មី​របស់រមណីយដ្ឋានបូកគោ​ទៅឈ្មោះដើមវិញឲ្យបានមុនម៉ោង១១នៃថ្ងៃទី​២៣​ខែកញ្ញានេះ។ បញ្ជារបស់​សម្តេច​ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​តែប៉ុន្មានម៉ោង ក្រោយពីមានការផ្សព្វផ្សាយ​អំពីការដូរឈ្មោះ​រមណីយដ្ឋាបូកគោ ទៅជារមណីយដ្ឋាន​សុខាឋានសួគ៌ ហើយឈ្មោះថ្មីនេះបានបង្ក​ឲ្យមានប្រតិកម្មភ្លាមពីមហាជន។



សម្តេច​នាយករដ្ឋមន្ត្រី ដែល​បានទទួលដំណឹង​អំពី​ការ​ដូរឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រតាម​រយៈ​ការជូនដំណឹង​របស់​មហាជន​ បាន​សរសេរ​នៅ​លើទំព័រ​ហ្វេសប៊ុក​សម្តេច​នៅព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​មិនបានដឹង​អំពី​ការ​ដូរឈ្មោះ​តំបន់​ប្រវត្តិសាស្ត្រនេះ​ទេ។ ដោយបញ្ជាក់អំពី​ការ​បញ្ជា​ទៅអាជ្ញាធរ​ខេត្ត​កំពត​ឲ្យ​ដោះ​ស្លាកសញ្ញា​ និងឈ្មោះ​ថ្មី​នៃ​រមណីយដ្ឋាន​បូកគោ ដែលសម្រេច​ដោយ​ក្រុម​ហ៊ុនសុខានោះ សម្តេច​បានសរសេរបញ្ជាក់បន្ថែមប្រាប់​ជនរួមជាតិថា៖«តំបន់ប្រវត្តិសាស្ត្រ​ ត្រូវតែរក្សាឈ្មោះ​ដើម​ជាដាច់ខាត»។

យោងតាម​សេចក្តីជូនដំណឹងរបស់​ក្រុមហ៊ុន​សុខា ក្រុមហ៊ុន​ដែលទទួលសិទ្ធិវិនិយោគ​តំបន់រមណីយដ្ឋាន​បូកគោនេះ​បាន​ប្រកាសជូនដំណឹង​អំពី​ការ​ផ្លាស់ប្តូរតំបន់រមណីយដ្ឋា​ន​ឋានសួគ៌បូកគោ​ ទៅជាតំបន់​រមណីយដ្ឋាន​ សុខា​ឋានសួគ៌។ ការដូរឈ្មោះនេះ​តំបន់ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​មហាជន​រិះគន់ និង​បង្ហាញ​ការមិនពេញចិត្ត​នៅតាម​បណ្តាញសង្គម​ហ្វេសប៊ុក៕



© រក្សាសិទ្ធិដោយ thmeythmey.com