អន្តរជាតិ
បង់ក្លាដែស ទទូចមីយ៉ាន់ម៉ាឲ្យ «បញ្ឈប់ការសម្លាប់បំបាត់ជាតិសាសន៍» ហើយបង្កើតតំបន់សុវត្ថិភាពវិញ
× ទោះមីយ៉ាន់ម៉ា ព្យាយាមពន្យល់ពីស្ថានភាពល្អប្រសើរក្នុងប្រទេសខ្លួនយ៉ាងណាក៏ដោយ វិបត្តិរ៉ូហ៊ីងយ៉ា នៅតែជាក្តីបារម្ភដែលសហគមន៍អន្តរជាតិ ត្រូវចូលរួមដឹងលឺ ។ លើបញ្ហានេះ បង់ក្លាដែស ដែលជារដ្ឋមួយ ជួយរ៉ាប់រងលើបញ្ហានេះ បានទទូចឲ្យមីយ៉ាន់ម៉ា បញ្ឈប់ការធ្វើទុកបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ហើយបង្កើតតំបន់សុវត្ថិភាពដើម្បីធានាដល់អាយុជីវិតប្រជាជនស៊ីវិល ។
ថ្លែងក្នុងមហាសន្និបាតអង្គការលោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina នៅថ្ងៃ២១ កញ្ញា បានប្រើពាក្យធ្ងន់ៗប្រឆាំងនឹងហិង្សា ដែលបានកើតនៅរដ្ឋ Rakhine នៃមីយ៉ាន់ម៉ា ។ លោកស្រី បានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំ បានមកដល់ទីនេះ បន្ទាប់ពីបានឃើញជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលកំពុងតែស្រេកឃ្លាន និងអស់សង្ឃឹម ដែលបានភៀសខ្លួនពីមីយ៉ាន់ម៉ាមកជ្រកខ្លួននៅជំរំ Cox’s Bazar នៅបង់ក្លាដែស»។
នាសន្និបាតប្រចាំរបស់មហាសន្និបាតនោះដែរ លោកស្រីនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា បច្ចុប្បន្ន បង់ក្លាដែស បានផ្តល់ទីលំនៅដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាលើសពី៨០ម៉ឺននាក់ហើយ ដែលជនភៀសខ្លួនទាំងនេះ បានរត់គេចខ្លួនពីមីយ៉ាន់ម៉ា ក្រោយពីមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅក្នុងតំបន់ Rakhine ។
ប្រមុខរដ្ឋាភិបាលរូបនេះ ក៏បានស្នើឲ្យមីយ៉ាន់ម៉ា បញ្ឈប់ការអនុវត្ត«សកម្មភាពបោសសម្អាត(សម្លាប់)ជាតិសាសន៍»នៅក្នុងរដ្ឋ Rakhine ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងជារៀងរហូត ហើយ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ត្រូវតែបញ្ជូនមន្ត្រីខ្លួនដើម្បីស្វែងរកអង្គហេតុពិតនៅមីយ៉ាន់ម៉ាផងដែរ ។
ទន្ទឹមនឹងនេះ លោកស្រី ក៏បានស្នើឲ្យមាន «តំបន់សុវត្ថិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា» ដើម្បីការពារជនស៊ីវិល ក្រោមការតាមដានរបស់អង្គការសហប្រជាជាតិ ហើយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់ដែលកំពុងតែស្នាក់នៅបណ្តោះអាសន្ននៅបង់ក្លាដែស ក៏ត្រូវបញ្ជូនត្រលប់ទៅមីយ៉ាន់ម៉ាវិញផងដែរ ។
ជុំវិញបញ្ហាដែលបានកើតឡើងនៅមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានផ្ញើសារពីមីយ៉ាន់ម៉ាទៅកាន់សហគមន៍អន្តរជាតិថា លោកស្រី មិនចង់មីយ៉ាន់ម៉ាក្លាយជាប្រជាជាតិដែលបើកបាក់នោះឡើយ។ «យើងជាជាតិតែមួយ យើងត្រូវធ្វើការរួមគ្នា»។ នេះជាការប្តេជ្ញារបស់លោកស្រី ស៊ូជី ដោយទទួលស្គាល់ថា មីយ៉ាន់ម៉ា គឺរដ្ឋប្រជាធិបតេយ្យដ៏ក្មេងខ្ចី។
លោកស្រី បានលើកឡើងផងដែរថា ការវាយប្រហារគ្នា មិនអាចជួយដោះស្រាយបញ្ហាអ្វីបាននោះឡើយ។ «យើងត្រូវតែបញ្ចប់ការស្អប់ខ្ពើម គោលការណ៍របស់ខ្ញុំមិនមានជាការលើកតម្កើងជម្លោះនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com