អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង​ចង់​ពង្រឹងសមត្ថភាព​យោធា​ខ្លួនឯង​ជាង​ការពង្រាយ​សព្វាវុធ​អាមេរិក​
23, Sep 2017 , 9:39 pm        
រូបភាព
ការសន្យា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការលក់​សព្វាវុធ​ទំនើបៗ​ដល់​កូរ៉េខាងត្បូង គឺជា​ឱកាស​សម្រាប់​ក្រុង​សេ​អ៊ូ​ល​ក្នុង​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង​ប្រឈមមុខ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ មុននេះ គេ​ឃើញ​មានការ​ពិភាក្សា​ជុំវិញ​ការពង្រាយ​អាវុធ​នុយក្លេអ៊ែរ​រ​រប​ស់​អាមេរិក​នៅ​កូរ៉េខាងត្បូង ប៉ុន្តែ​គំនិត​ត្រូវបាន​មេដឹកនាំ​កូរ៉េខាងត្បូង​ទាត់ចោល​។ ក្រុង​សេ​អ៊ូ​ល​ទំនងជា​ចង់​ឲ្យ​ខ្លួនឯង​ខ្លាំង​ជាជាង​ការពឹង​ផ្អែកលើ​ក្រុង​សេ​អ៊ូ​ល​។​



​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​បាន​កើនឡើង​ខ្លាំង ខណៈដែល​កូរ៉េខាងជើង​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​មិនចេះ​ឈប់​។ រដ្ឋ​កុម្មុយនីស្ត​ក្រីក្រ​មួយ​នេះ បាន​បាញ់​មី​ស៊ី​ល​ច្រើនជាង​ដប់​ដង និង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ម្ដង​ទៅទៀត​។ កូរ៉េខាងត្បូង​ដែល​នៅជាប់​កូរ៉េខាងជើង​ពិតជា​ដេក​មិន​លក់​បក់​មិន​ល្ហើយ​នឹង​ទង្វើ​គ្រោះថ្នាក់​បែបនេះ​ឡើយ ហើយ​ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ខ្លាំង​ជាង​មុន​។​

​ដើម្បី​ការពារ​ខ្លួន កូរ៉េខាងត្បូង​ត្រូវការ​អាមេរិក​ជា​ចាំបាច់​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ប្រកាស​ជា​ចំហ​ថា អាមេរិក​នឹង​ជួយ​ផ្គត់ផ្គង់​សព្វាវុធ​ឲ្យ​កូរ៉េខាងត្បូង​ដើម្បី​ទប់ទល់​ការវាយប្រហារ​ណាមួយ​ពី​កូរ៉េខាងជើង​។ ក្នុងជំនួប​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ទីក្រុង​ញ​វ​យ៉​កនៅ​ថ្ងៃទី​២១ ខែកញ្ញា លោក ត្រាំ ក៏​ឯកភាព​ក្នុងការ​ពង្រឹងសមត្ថភាព​សម្ព័ន្ធមិត្ត​របស់​អាមេរិក​តាមរយៈ​គម្រោង​របស់​ក្រុង​សេ​អ៊ូ​ល​ក្នុង​ការទិញ និង​អភិវឌ្ឍ​សព្វាវុធ​ស៊េរី​ចុងក្រោយ​។

​ជាមួយនឹង​គម្រោងការ​ទិញ​អាវុធ​របស់​កូរ៉េខាងត្បូង គេ​មើលឃើញថា អាមេរិក​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ក្រាស់ក្រែល​ខ្លាំង ខណៈដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ស្រួចស្រាល់​។ ទោះជា​គេ​មិនដឹង​ច្បាស់​ថា លោក ត្រាំ ចង់​ជួយ​សម្ព័ន្ធមិត្ត​ដោយស្មោះ ឬក៏​កំពុង​កេងចំណេញ​ក្ដី ការផ្ដល់​ភ្លើង​ខៀវ​ក្នុង​ការលក់​អាវុធ​នេះ គឺជា​ឱកាសល្អ​សម្រាប់​សេ​អ៊ូ​ល​ក្នុងការ​បង្កើន​សមត្ថភាព​របស់ខ្លួន ជាជាង​ពឹង​ផ្អែកលើ​អាមេរិក​ខ្លាំងពេក​។​

​មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ថា ភាគី​ទាំងសងខាង​បាន​ពិភាក្សាគ្នា​នៅ​ថ្នាក់​ក្រុមការងារ​លើ​ការទិញ​អាវុធ​នេះ ប៉ុន្តែ​ប្រឈមមុខ​ការលំបាក​ក្នុងពេល​ចរចា​។ កូរ៉េខាងត្បូង មានបំណង​ទិញ​សព្វាវុធ​ជាច្រើន​មុខ​ពី​អាមេរិក​ដើម្បី​ទុក​ការពារ​ខ្លួន ក៏ដូចជា​បង្កើន​សមត្ថ​ភាព​ឲ្យ​ប្រហាក់ប្រហែល​កូរ៉េខាងជើង​។​

​នាវាមុជទឹក និង​រ៉ា​ដា​ស៊ើបការណ៍ ស្ថិតក្នុង​បញ្ជី​សព្វាវុធ​ត្រូវ​ទិញ​

​រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កំពុង​ពិចារណា​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដើម្បី​ទប់ទល់​កម្លាំង​ទ័ព​ជើង​ទឹ​កូរ៉េខាងជើង​ដែលមាន​នាវាមុជទឹក​ដល់​ទៅ​៧០​គ្រឿង ហើយ​ខ្លះ​មាន​បំពាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទៅទៀត​។ មកទល់ពេលនេះ ទ័ពជើងទឹក​កូរ៉េខាងត្បូង​បាន​ប្រើប្រាស់​នាវាមុជទឹក​ដើរ​តាម​ថាមពល​ឥន្ធនៈ​ប៉ុណ្ណោះ​។ គោលដៅ​ទិញ​នាវាមុជទឹក​នុយក្លេអ៊ែរ ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ចៀស​ផុតពី​ការពង្រាយ​សព្វាវុធ​អាមេរិក​នៅ​កូរ៉េខាងត្បូង​ផងដែរ​។

​ស្របពេល​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​កំពុងតែ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការទិញ​នាវាមុជទឹក​នេះ គេ​ឃើញ​មានការ​ជជែក​ដេញដោល​យ៉ាងច្រើន​នៅ​កូរ៉េខាងត្បូង​ជុំវិញ​ផែនការ​នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ខាង​ធ្លាក់ចុះ​ខ្លាំង​។ ក្រុង​សេ​អ៊ូ​ល​ត្រូវការ​យ៉ាងហោចណាស់​នាវា​មុជទឹក​បី​គ្រឿង​ដើម្បី​ប្រចាំការ ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដ្បិត​អាមេរិក​មិនដែល​លក់​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទៅ​ឲ្យ​បរទេស​ទេ​។ នេះ​មិនទាន់​គិតពី​ថ្លៃ​ទិញ និង​ថ្លៃ​ថែ​ទាំង​ផង​។​

​ក្រៅពី​នាវាមុជទឹក កូរ៉េខាងត្បូង​ក៏​ចង់បាន​ឧបករណ៍​តាមដាន​ផងដែរ ជាពិសេស​យន្តហោះ​ផ្កាយរណប​ស៊ើបការណ៍​តែម្ដង​។ យោធា​កូរ៉េខាងត្បូង​ពឹង​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​រ៉ា​ដា​របស់​អាមេរិក​ដើម្បី​ស៊ើបការណ៍​ពី​ទីតាំង​យោធា​កូរ៉េខាងជើង និង​មូលដ្ឋាន​សាកល្បង​មី​ស៊ី​ល ទោះជា​សព្វថ្ងៃនេះ ខ្លួន​ប្រើប្រាស់​មនុស្ស និង​ការចាប់​រលកសញ្ញា​ដើម្បី​ទទួល​ព័ត៌មាន​ក្ដី​។ ឯ​អាមេរិក​ទៀតសោត ក៏​រឹត​ត្បិ​ការផ្ទេរ​ព័ត៌មាន​ផងដែរ ព្រោះ​ជាការ​សម្ងាត់​យោធា ដែល​នេះ​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ប្រឈមមុខ​ការលំបាក​ខ្លាំង​។​

​ជាមួយនឹង​គម្រោង​ទិញ​សព្វាវុធ​ទំនើប​នេះ កូរ៉េខាងត្បូង​ត្រូវ​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ​ឯណោះ ព្រោះ​អាមេរិក​មិនមែន​លក់​អាវុធ​របស់ខ្លួន​ដោយ​ទទេ​ឡើយ​។ លើសពីនេះ លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក៏​អាច​ជួប​ការរិះគន់​ខ្លាំង​ពី​មតិ​ក្នុង​ស្រុកលើ​ការចំណាយ​ច្រើន​លើសលប់​ក្នុងការ​ពង្រឹងសមត្ថភាព​យោធា​នេះ​ទៀតផង​។ ជាក់ស្ដែង​នោះ កូរ៉េខាងត្បូង​មិនទាន់​បង់ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ជុំវិញ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com