ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង ស្នើ​ឲ្យ​មេ​ពន្ធនាគារ ដឹក​ឯកឧត្តម កឹម សុខា ពី​ត្បូងឃ្មុំ ទៅ​ចូល​សវនាការ​នៅ​ភ្នំពេញ​ ​
23, Sep 2017 , 6:48 pm        
រូបភាព
រូបភាព៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនដល់គេហដ្ឋាន ទាំងកណ្តាលអធ្រាត្រ នៅម៉ោងប្រហែលជា ១២ និង៣0នាទី នាថ្ងៃទី២ ឈានចូលថ្ងៃទៅ៣ ខែកញ្ញា ឆ្នាំ២0១៧។
រូបភាព៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនដល់គេហដ្ឋាន ទាំងកណ្តាលអធ្រាត្រ នៅម៉ោងប្រហែលជា ១២ និង៣0នាទី នាថ្ងៃទី២ ឈានចូលថ្ងៃទៅ៣ ខែកញ្ញា ឆ្នាំ២0១៧។
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បក្សប្រឆាំង អះអាងថា ការបើក​សវនាការ​នៃ​សាលាឧទ្ធរណ៍ នាពេលខាងមុខ នឹង​មិនមាន​ភាពត្រឹមត្រូវ​តាមច្បាប់​ឡើយ បើ​អវត្តមាន​របស់​ឯកឧត្តម កឹម សុខា ដែលជា​ជន​ត្រូវ​ចោទ​។ ដូច្នេះ បក្សប្រឆាំង ក៏​ស្នើ​ទៅ​មេ​ពន្ធនាគារ ដើម្បី​សុំ​ឲ្យ​បញ្ជូន​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូ​វ​ឃ្មុំ ទៅ​ចូលរួម​សវនាការ​នៃ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ​។

 

គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដឹក​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅ​ចូលរួម​សវនាការ​នៃ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ តាម​កាលកំណត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២0១៧​។ លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​បាន​ចេញសេចក្តីថ្លែងការណ៍​ខាងលើមែន​។

សំណើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ចុះ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២0១៧ គឺធ្វើឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានបង្ហាញ​ក្តីបារម្ភ​ពី​សន្តិសុខ​និង​សុវត្ថិ​ភា​នៅតាម​ផ្លូវ ប្រសិនបើ​បញ្ជូន​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅ​ចូលរួម​សវនាការ​នៃ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​ក្តីបារម្ភ​ពី​សន្តិសុខ​និង​សុវត្ថិភាព​របស់​ឯកឧត្តម កឹម សុខា អគ្គនាយដ្ឋាន​ពន្ធនាគា​រ ក៏បាន​ផ្ញើលិខិត​មួយច្បាប់ ទៅកាន់​អគ្គព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​ពិចារណា អំពី​រឿងនេះ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍ គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក ហេតុផល​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ​ខាងលើ ថា​ជា​លេស ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា អវត្តមាន​ពី​សវនាការ​នៃ​សាលាឧទ្ធរណ៍​។  តាមរយៈ​សេចក្តីថ្លែងការណ៍ គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹមតែ​ស្នើ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នោះទេ តែ​ក៏បាន​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍ គោរព​នីតិវិធី​ផងដែរ ដើម្បី​ធានា​និង​ការពារ​សិទ្ធិ​របស់​ឯកឧត្តម កឹម សុខា ក្នុងការ​ទទួលបាន​យុត្តិធម៌​។

គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ យ៉ាង​ដូច្នេះ​៖«​មេធាវី​ការពារ​ក្តី​បាន​បញ្ជាក់ថា ឯកឧត្តម កឹម សុខា មានបំណង​យ៉ាង​មុតមាំ​ក្នុងការ​ចូលរួម​សវនាការ​។ [….] ការមិន​អនុញ្ញាត​ឲ្យ​ឯកឧត្តម កឹម សុខា ចូលរួម​សវនាការ នឹងធ្វើ​ឲ្យ​លទ្ធផល​នៃ​ការជំនុំជម្រះ មិន​ត្រឹមត្រូវ តាមច្បាប់​»​។​

គម្រោង​នៃ​ការបើក​សវនាការ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២0១៧ នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា​។ ក្រុម​មេធាវី បាន​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ប្រឆាំងនឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ឃុំខ្លួន​ឯកឧត្តម កឹម សុខា​។ សម្រាប់​ក្រុម​មេធាវី ការឃុំខ្លួន​ឯកឧត្តម កឹម សុខា គឺ​មិន​ស្របតាម​នីតិវិធី​នោះទេ​។

លោក សំ សុ​គង់ មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប​របស់​ឯកឧត្តម កឹម សុខា ធ្លាប់​បកស្រាយ​ថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ទាំង​ពាក់​កណ្តាលអធ្រាត្រ គឺជា​ប្រការ ដែល​ច្បាប់​ហាមឃាត់​។ លោក បន្ថែមថា ម្យ៉ាងទៀត ឯកឧត្តម កឹម សុខា មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះទេ ដូច្នេះ​ការចោទប្រកាន់​ឬ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា តម្រូវ​ឲ្យ​មាន​ការដក​អភ័យឯកសិទ្ធិសភា​ជាមុនសិន​។ ផ្អែកលើ​ហេតុផល​ទាំងនេះ ហើយ​ដែល​ក្រុម​មេធាវី​បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍ ប្រឆាំងនឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ឃាត់​និង​ឃុំខ្លួន​ឯកឧត្តម កឹម សុខា​។

ទោះជា​ក្រុម​មេធាវី​យល់​យ៉ាងនេះ​ក្តី ប៉ុន្តែ​សម្រាប់​សមត្ថកិច្ច​និង​តុលាការ ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដោយ​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​ផលិត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ CBN ហើយ​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​។ នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា បាន​និយាយថា ឯកឧត្តម មាន​អ្នកជំនាញ​ជា​ជនបរទេស នៅ​ពី​ក្រោយខ្នង ដើម្បី​ជួយ​ណែនាំ ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​។

ក្រោយ​វីដេអូ​ឃ្លី​ប​នោះ បាន​បែកធ្លាយ សមត្ថកិច្ច បាន​ទៅ​ចាប់​ឯកឧត្តម កឹម សុខា ដល់​គេហដ្ឋាន ទាំង​ពាក់​កណ្តាលអធ្រាត្រ ម៉ោង​ប្រហែល​១២ និង​៣0​នាទី ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣
ខែកញ្ញា ឆ្នាំ​២0១៧​។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ដោយ​រង​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com