ជាតិ
ព័ត៍មានសុខភាព
​បើ​មិន​ចង់​ឆាប់​ចាស់​ទេ សូម​កាត់បន្ថយ​អាហារ​ទាំង​៦​ប្រភេទ​នេះ​!
24, Sep 2017 , 9:19 am        
រូបភាព
ដោយ: ធីតា
នា​ការរីកចម្រើន​នៃ​យុគ​សម័យថ្មី មនុស្ស​មាន​ជម្រើស​កាន់តែច្រើន​លើ​ការបរិភោគ​អាហារ​។ ប៉ុន្តែ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​មួយចំនួន ព្រោះថា​វា​អាច​បំផ្លាញ​សុខភាព​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ជាង​វ័យ​។

តាម​ឯកសារ​បារាំង សារព័ត៌មាន​ថ្មីៗ សូម​លើកយក​អាហារ​៦​ប្រភេទ​ដែល​បង្ក​ភាព​ចាស់​មក​ជម្រាបជូន​លោកអ្នក​ឲ្យ​បានដឹង​ដូចខាងក្រោម ៖
 
១. អាហារ​សម្បូរ​ដោយសារ​ជាតិ​អំបិល​

​អាហារ​ដែល​ផ្ទុក​ជាតិ​អំបិល​ច្រើន​មានដូចជា នំ​ប៊ី​ស​គ្វី ដំឡូងបារាំង​បំពង និង​ប្រភេទ​សាច់​ឆ្អិន​ស្រាប់ (bacon) ។ ការបរិភោគ​ជាតិ​អំបិល​លើស​កម្រិត​ចាំបាច់​អាច​បណ្ដាល​ឲ្យ​អ្នក​ទៅជា​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន និង​មាន​អា​ការៈនឿយហត់​។ ទន្ទឹមនឹងនោះ វា​ធ្វើ​ឲ្យ​បាត់បង់​ជាតិ collagen និង​ប្រូតេអ៊ីន​នៅក្នុង​កោសិកា ជាហេតុ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់ (​ស្នាម​ជ្រីវជ្រួញ និង​មាន​ថ្នក់​ក្រោម​ភ្នែក​)​។ វា​បង្ក​ឲ្យ​សំពាធ​ឈាម​ឡើង​ខ្ពស់​ដែល​អាចឈាន​ទៅដល់​ការស្ទះ​សរសៃឈាម​ក្នុង​បេះដូង និង​មាន​ជំងឺ​ហើមជើង​។

២. អាហារ​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ដូចជា​កាហ្វេ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​
​ការបរិភោគ​ជាតិ​កាហ្វេ​អ៊ី​ន​លើស​កម្រិត​ក៏​នឹងធ្វើ​ឲ្យ​សា​ព៌ា​ង្គ​កាយ​អ្នក​ខ្វះ​ជាតិ​ទឹក បង្ក​ភាព​នឿយហត់ និង​ធ្វើ​ឲ្យ​ស្បែក​អ្នក​បាត់បង់​នូវ​ភាពទន់ភ្លន់​ផងដែរ​។ ម្យ៉ាងទៀត វា​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់ និង​ធ្មេញ​លឿង​។​

៣. ប្រភេទ​អាហារ​ផ្ទុក​ជាតិ​អាស៊ីត​ខ្លាញ់​ឆ្អែត​
​សារជាតិ​អាស៊ីត​ខ្លាញ់​ឆ្អែត​សម្បូរ​នៅក្នុង​ប៊័រ ក្រែ​ម ឈី​ស ប្រភេទ​សាច់​ឆ្អិន​ស្រាប់ និង​ប្រេងដូង​។ សារជាតិ​ខ្លាញ់​ប្រភេទ​នេះ​ក៏​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​បេះដូង​ផងដែរ​។​
 
៤. អាហារ​ផ្ទុក​ជាតិ​អាស៊ីត​ខ្លាញ់​អាក្រក់ trans-fatty acid
​សារជាតិ​អាស៊ីត​ខ្លាញ់​នេះ​មាននៅ​ក្នុង​ប្រភេទ​នំ​ប៊ី​ស​គ្វី ពពួក​នំ​ក្រ័ស​សង់ និង​នំ​ភី​ហ្សា​។ វា​បង្ក​ផលវិបាក​ដូចគ្នា​នឹង​សារជាតិ​អាស៊ីត​ខ្លាញ់​ឆ្អែត​ដែរ គឺ​ប៉ះពាល់​ដល់​បេះដូង​។ បើតាម​ការសិក្សា​មួយចំនួន គ្រាន់តែ​បរិមាណ​តិចតួច​ក៏​អាចរួមចំណែក​ដល់​ការវិវត្តន៍​នៃ​ជំងឺមហារីក​ខ្លះៗ​ដែរ​។​

៥. ភេសជ្ជៈ​ជាតិ​អាល់កុល​
​ជាតិ​អាកុល​ជំរុញ​ឲ្យ​កោសិកា​របស់​អ្នក​វិ​វត្ត​ទៅរក​ភាព​ចាស់ និង​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដល់​សុខភាព​។ វា​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក និង​ហត់នឿយ​។ មិនតែប៉ុណ្ណោះ វា​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​ហើម​ផងដែរ​។​

៦. អាហារ​មាន​ជាតិពុល​ដូចជា ពពួក​សាច់​អាំង និង​ត្រីឆ្អើរ​
​មិន​ថា​អ្នក​អាំង ដុត ឆ្អើរ ឬ​ចៀន​ទេ អ្នក​មិនគួរ​ទុក​ឲ្យ​សាច់​ខ្លោច​ឡើយ​។ អាហារ​ដែល​ខ្លោច​គឺមាន​ផ្ទុក​ជាតិពុល​ដែល​ជំរុញ​ដល់​ការប្រឈមមុខ​ខ្ពស់​ចំពោះ​ជំងឺមហារីក​មួយចំនួន​។ នៅពេលដែល​ខ្លាញ់​ស្រក់​ប៉ះ​នឹង​ធ្យូង ឬ​ភ្លើង វា​នឹងធ្វើ​ឲ្យ​សាយភាយ​ជាតិពុល​ដែល​នឹង​មក​តោង​លើ​សាច់​។​
 
​ដើម្បី​ឲ្យ​សរីរាង្គ​របស់​អ្នក​រឹងមាំ និង​រក្សា​ភាព​ក្មេង​នោះ អ្នក​គួរតែ​បរិភោគ​អាហារ​ដែលមាន​លំនឹង ពោលគឺ​ប្រភេទ​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ជាតិ​លីពីត ស្ករ វីតាមីន និង​អំបិល​ខនិជ​។ អ្នក​គួរតែ​កាត់បន្ថយ​ការបរិភោគ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ពេក ប្រៃ​ពេក និង​ផ្អែម​ពេក​។ ម្យ៉ាងទៀត អ្នក​គួរតែ​ពិនិត្យមើល​បរិមាណ​ធាតុ​ផ្សំ​នៃ​អាហារ​កំប៉ុង​ដែល​អ្នកទិញ ដើម្បី​គ្រប់គ្រង​សារជាតិ​ទាំងឡាយ​ដែល​រាងកាយ​អ្នក​ស្រូបយក​៕
 
​ដកស្រង់ និង​ប្រែ​សម្រួល​ពី​គេហទំព័រ http://www.atlantico.fr




© រក្សាសិទ្ធិដោយ thmeythmey.com