ជាតិ
ក្រសួងពាណិជ្ជកម្ម អនុញ្ញាត​ឲ្យ​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​សុខា មិនមែន​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​បូកគោ​ទេ​ ​
24, Sep 2017 , 11:28 am        
រូបភាព
ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្ដីជូនដំណឹង​ជុំវិញ​ការចុះហត្ថលេខា លើ​លិខិត​ប្ដូរ​នាម​ករ​ណ៍រ​បស់​ក្រុមហ៊ុន​សុខាអូតែល ពី​សាខា​ក្រុមហ៊ុន​សុខាអូតែល «​ឋានសួគ៌​បូកគោ​» ទៅជា សាខា​ក្រុមហ៊ុន សុខាអូតែល «​សុខា​ឋានសួគ៌​»​។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការប្ដូរ​នាម​ករ​ណ៍​នេះ ក្នុង​គោលបំណង​បញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល មាន​សាខា​ធ្វើ​អាជីវកម្ម​តាម​ខេត្ត​តែប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្ដី​ជូន​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។​



បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ជុំវិញ​ការចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​នាម​ករ​ណ៍រ​បស់​សាខា​ក្រុមហ៊ុន​សុខាអូតែល ពី​សាខា​ក្រុមហ៊ុន​សុខាអូតែល «​ឋានសួគ៌​បូកគោ​» ទៅជា សាខា​ក្រុមហ៊ុន សុខាអូតែល «​សុខា​ឋានសួគ៌​» ក្នុង​គោលបំណង​បញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល មាន​សាខា​ធ្វើ​អាជីវកម្ម​តាម​ខេត្ត​តែប៉ុណ្ណោះ​។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម លើកឡើងថា ចំពោះ​ការលើក​ស្លាក​គឺ​ត្រូវ​លើក​នៅលើ​អគារ​ទីស្នាក់ការ​សាខា​ក្រុមហ៊ុន​របស់ខ្លួន​តែប៉ុណ្ណោះ ក្នុងការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អាជ្ញាធរ បំពេញបែបបទ​ពន្ធដារ និង​នីតិវិធី​នានា ស្របតាម​ច្បាប់​កំណត់​។​

ក្នុង​សេចក្ដីជូនដំណឹង​ដដែល ក្រសួងពាណិជ្ជកម្ម អះអាងថា ការអនុញ្ញាត​ដោយ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ​២០១៧ គឺជា​ការអនុញ្ញាត​ឲ្យ​ប្ដូរ​នាម​ករ​ណ៍ របស់​សាខា​ក្រុមហ៊ុន​សុខាអូតែល​តែប៉ុណ្ណោះ មិនមែន​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​បូកគោ​ទេ​។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្រសួង ពុំមាន​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន សុខាអូតែល ប្ដូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែល​បាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​នោះឡើយ​។

សូមបញ្ជាក់ថា ជុំវិញ​បញ្ហា​ផ្លាស់ប្ដូរ​នេះ  ត្រូវបាន សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តកំពត ទម្លាក់​ស្លាក​សញ្ញា និង​ឈ្មោះ​ថ្មី​របស់​រមណីយដ្ឋាន​បូកគោ ទៅ​ឈ្មោះ​ដើម​វិញ​ឲ្យ​បាន​មុន​ម៉ោង​១១ នៃ​ថ្ងៃទី​២៣ ខែកញ្ញា​៕


© រក្សាសិទ្ធិដោយ thmeythmey.com