ជាតិ
​២៨ឆ្នាំមុន កម្ពុជា ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​
24, Sep 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ថ្ងៃនេះ ជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​លើក​ទី​២៨ ដែល​ព្រះមហាក្សត្រ បាន​ឡាយព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។ រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់ ក្រោយ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ហើយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ បាន​បើកផ្លូវ​ឲ្យ​ប្រទេស​កម្ពុជា មានការ​បោះឆ្នោត​សាកល​ជា​លើកទីមួយ ដើម្បី​ជ្រើស​តំណាងរាស្ត្រ និង​ដើម្បី​បង្កើត​រាជរដ្ឋាភិបាល រួមទាំង​ស្ថា​ប័​ជាតិ​នានា​។

   

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​១៧​ជំ​ពួក និង​១៦០​មាត្រា។ ជំ​ពួក​ទាំង​១៧​នោះ ចែង​អំពី​អធិបតេយ្យ​, ព្រះមហាក្សត្រ​,  សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​, របប​នយោបាយ , សេដ្ឋកិច្ច​, អប់រំ វប្បធម៌ និង​សង្គមកិច្ច ,  រដ្ឋសភា​, ព្រឹទ្ធសភា​, សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល​, អំណាចតុលាការ​, ក្រុមប្រឹក្សាធម្មនុញ្ញ​,  ការគ្រប់គ្រង​រដ្ឋបាល , សមាជជាតិ​, ការ​អនុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, និង​អន្តរ​ប្បញ្ញត្តិ​។​

ចាប់​តាំង​១៩៩៣​មក រហូតដល់​ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​ហើយ​។ ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ កាលពី​ឆ្នាំ​២០០៤ រដ្ឋសភា បាន​បង្កើត​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម ដែល​សំដៅ​ដល់​ការធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។ មាត្រា​១​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​បន្លែ​ម បាន​ចែងថា​៖«​ច្បាប់​នេះ​មាន​គោលដៅ​ធានា​ក្នុង​គ្រប់​កាលៈទេសៈ​នូវ​ដំណើរការ​ល្អប្រសើរ​នៃ​ស្ថាប័ន​ជាតិ ដោយ​គោរព​ទៅតាម​គោ​ការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស សម​ស្របតាម​តំរូវការ​នៃ​ភាពចាំបាច់​»៕


© រក្សាសិទ្ធិដោយ thmeythmey.com