ជាតិ
នយោបាយជាតិ
បក្សប្រឆាំង បន្តធ្វើសន្និសីទកាសែត ជុំវិញស្ថានភាពនយោបាយ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
× ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងធ្វើសន្និសីទកាសែតស្តីពី «ស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នាពេលព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២0១៧។
នេះជាលើកទីពីរហើយ ដែលគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការធ្វើសន្និសីទកាសែត ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោយឯកឧត្តម កឹម សុខា ត្រូវបានចាប់ខ្លួន។ ក្នុងសន្និសីទកាសែតលើកទីមួយ ក្រៅពីរឿងនយោបាយ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសពីជំហររបស់ខ្លួនផងដែរ បន្ទាប់ពីមិនមានវត្តមានឯកឧត្តម កឹម សុខា ដែលជាប្រធាន។
លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាននិយាយក្នុងសន្និសីទកាសែតថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរអហិង្សាដដែល ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោក សុន ឆ័យ លើកឡើងទៀតថា ការធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ក្នុងឆ្នាំ២0១៨ នៅតែជាគោលដៅដ៏សំខាន់ ដែលគណបក្សសង្គ្រោះជាតិ បានយកចិត្តទុកដាក់ជាប់ជានិច្ច។
បើតាម លោក សុន ឆ័យ គណបក្សសង្គ្រោះជាតិ មិនមានគម្រោងធ្វើបាតុកម្មឬបង្កឲ្យមានភាពចលាចលណាមួយ នោះទេ។ ប៉ុន្តែលោក អះអាងថា គណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យដោះលែងឯកឧត្តម កឹម សុខា៕
© រក្សាសិទ្ធិដោយ thmeythmey.com