ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​ពន្ធនាគារ ខ្លាច​មាន​បាតុកម្ម បើ​ដឹក​ឯកឧត្តម កឹម សុខា ពី​ត្បូងឃ្មុំ ទៅកាន់​សវនាការ​នៅ​ភ្នំពេញ​
24, Sep 2017 , 3:39 pm        
រូបភាព
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តកំពង់ចាម កាលពីខែសីហា ឆ្នាំ ២០១៧។ (រូបពីងហ្វេសប៊ុក​ឯកឧត្តម កឹម សុខា)
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តកំពង់ចាម កាលពីខែសីហា ឆ្នាំ ២០១៧។ (រូបពីងហ្វេសប៊ុក​ឯកឧត្តម កឹម សុខា)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​ពន្ធនាគារ ព្រួយបារម្ភ​ថា បាតុកម្ម អាច​នឹង​កើតឡើង បើ​ដឹក​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​សវនាការ​នៃ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ក្រុម​មេធាវី​ការពារ​ក្តី ចង់​ឲ្យ​មន្ត្រី​ពន្ធនាគារ ដឹក​ឯកឧត្តម កឹម សុខា ទៅ​ចូលរួម​សវនាការ​។



ការបញ្ជូន​ខ្លួន​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅ​ចូលរួម​សវនាការ​នៃ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ កំពុងតែ​បង្ក​ឲ្យ​មានការ​យល់ឃើញ​ផ្ទុយគ្នា រវាង​មន្ត្រី​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក នុត សាវ​នា អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឯកឧត្តម កឹម សុខា គឺជា​បុគ្គល​សាធារណៈ និង​ជា​អ្នកនយោបាយ ដែល​មនុស្ស​ទូទៅ​ស្គាល់ ហើយ​ក្នុងនោះ ក៏មាន​អ្នកខ្លះ​គាំទ្រ និង​អ្នក​ខ្លះទៀត មិន​គាំទ្រ​។ អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​រូបនេះ ព្រួយបារម្ភ​ថា ភាពចលាចល អាច​នឹង​កើតឡើង ដោយ​ការតវ៉ា​របស់​ក្រុម​ណាមួយ នៅពេល​បញ្ជូន​ឯកឧត្តម កឹម សុខា ទៅកាន់​សវនាការ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ដឹង​ហើយ រឿង​គាត់ [​ឯកឧត្តម កឹម សុខា​] គឺជា​រឿង​ធ្ងន់ធ្ងរ ដែល​យើង ត្រូវ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​។ គេ អាចបង្កើត​សេណា​រី​យូ​ថ្មី ដូចជា​ការធ្វើ​បាតុកម្ម និង​អំពើហិង្សា ជាដើម​។ យើង មិន​ចង់​ឲ្យ​មានរឿង​បែបនេះ កើតឡើង​ទេ​។ កាលណា​មាន​ករណី​ធំៗ [​ដូចជា​ករណី​របស់​ឯក​ឧ​ត្ត​ម កឹម សុខា​] គឺ​យើង ពិបាក​គ្រប់គ្រង​ស្ថានការណ៍​»​។

លោក នុត សាវ​នា មិន​និយាយ​នោះទេ ថា​សមត្ថកិច្ច នឹង​ដឹក​ឯកឧត្តម កឹម សុខា ទៅកាន់​សវនាការ​នៅ​រាជធានី​ភ្នំពេញ ឬ​យ៉ាងណា​។ លោក បញ្ជាក់ថា ការដឹក​ឯកឧត្តម កឹម សុខា ទៅ​ចូលរួម​សវនាការ​នៅ​រាជធានី​ភ្នំពេញ ឬក៏​មិន​ដឹក​នោះ គឺ​អាស្រ័យ​លើ​សាលាឧទ្ធរណ៍ ជា​អ្នកសម្រេច​។ ប៉ុន្តែ លោក បានទទួល​ដំណឹង​ក្រៅផ្លូវការ​ថា សវនាការ​នេះ អាច​ដំណើរការបាន ទោះជា​គ្មាន​វត្តមាន​របស់​ឯកឧត្តម កឹម សុខា ក៏ដោយ​។

ជុំវិញ​បញ្ហា​នេះ​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​ចូល​ដែរ តែ​គ្មាន​ការទទួល​។

ប៉ុន្មាន​ថ្ងៃមុន លោក ចាន់ គីម​សេង អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ បាន​ផ្ញើលិខិត​មួយច្បាប់ ទៅកាន់​អគ្គព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​ពិចារណា ពី​ដឹក​ឯកឧត្តម កឹម សុខា ទៅ​ចួ​ល​រួម​សវនាការ។ នៅក្នុង​លិខិត​នោះ អគ្គនាយក​ពន្ធនាគារ បានបង្ហាញ​ក្តីបារម្ភ​ពី​សន្តិសុខ​និង​សុវត្ថិភាព​នៅតាម​ផ្លួ​វ ក្នុងការ​នាំខ្លួន​ឯកឧត្តម កឹម សុខា​។

ហេតុផល​របស់​មន្ត្រី​ខាង​ពន្ធនាគារ​ខាងលើ មិនអាច​ទទួលយកបាន​នោះទេ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២0១៧ ដោយ​ចាត់ទុក​ហេតុផល​ខាង​ពន្ធនាគារ ថា​ជា​លេស ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា មិនមាន​វត្តមាន​ក្នុង​សវនាការ​នៃ​សាលាឧទ្ធរណ៍​។

តាមរយៈ​សេចក្តីថ្លែងការណ៍ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​មន្ត្រី​ខាង​ពន្ធនាគារ ដឹក​ឯកឧត្តម កឹម សុខា ទៅ​ចូលរួម​សវនាការ​តាម​កាលកំណត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្នុង​សេចក្តីថ្លែងការណ៍​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍ គោរព​នីតិវិធី​ផងដែរ ដើម្បី​ធានា​និង​គោរព​សិទ្ធិ​របស់​ឯកឧត្តម កឹម សុខា ក្នុងការ​ទទួលបាន​យុត្តិធម៌​។ គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា សវនាការ នឹង​មិនមាន​ភាពត្រឹមត្រូវ​តាមច្បាប់​ឡើយ បើ​ឯកឧត្តម កឹម សុខា មិនបាន​ចូលរួម​។

គម្រោង​នៃ​ការបើក​សវនាការ​ខាងលើ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា​។ សំណើ​របស់​ក្រុម​មេធាវី ដែល​ដាក់​ទៅកាន់​សាលាឧទ្ធរណ៍ គឺដើម្បី​សុំ​ប្រឆាំងនឹង​ដីកា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ឃុំខ្លួន​ឯកឧត្តម កឹម សុខា​។ សម្រាប់​ក្រុម​មេធាវី ការឃាត់ខ្លួន​ឯកឧត្តម កឹម សុខា ដែលជា​តំណាងរាស្ដ្រ ទាំង​ពាក់​កណ្តាលអធ្រាត្រ ហើយ​យកទៅ​ឃុំ ទាំង​មាន​អភ័យឯកសិទ្ធិសភា​បែបនេះ គឺ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ឡើយ​។

ទោះជា​ក្រុម​មេធាវី រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ យល់​យ៉ាងនេះ​ក្តី តែ​ចំពោះ​សមត្ថកិច្ច​និង​តុលាការ ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដូច្នេះ​ការឃាត់​និងការ​ឃុំខ្លួន មិនចាំបាច់​គិតពី​អភ័យឯកសិទ្ធិ​នោះទេ​។ 

សូមបញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច បាន​ដឹក​ឯកឧត្តម កឹម សុខា ពី​រាជធានី​ភ្នំពេញ យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូង​ឃុំ​។ ឯកឧត្តម កឹម សុខា បាន​រង​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com