ជាតិ
ព័ត៍មានសុខភាព
រយៈពេល​១​ខែ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប ពិនិត្យ​ព្យាបាល​កុមារ និង​ស្ត្រី ជាង ១​សែន​នាក់​ ​
24, Sep 2017 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក បេអាត រិចឆ្នឺរ
រូបពីហ្វេសប៊ុកលោក បេអាត រិចឆ្នឺរ
​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃទី ២១ ខែសីហា ដល់​ថ្ងៃទី ២០ ខែកញ្ញា មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ខេត្តសៀមរាប  បានទទួល​កុមារ និង​ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន ១១៥, ៤៥៥​នាក់ សម្រាប់​ការពិនិត្យ និង​សម្រាក​ព្យាបាល​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក បេ​អាត រិច​ឆ្នឺ​រ នៅ​ថ្ងៃទី​២៤ កញ្ញា​នេះ​។​



តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ខេត្តសៀមរាប បាន​បង្ហាញថា រយៈពេល​១​ខែ ចាប់ពី​ថ្ងៃទី ២១ ខែសីហា ដល់​ថ្ងៃទី ២០ ខែកញ្ញា កុមារ​និង​ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន ១១៥, ៤៥៥​នាក់ បាន​ទៅពិនិត្យ និង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​។ របាយការណ៍​ខាងលើ​បាន​លម្អិត ចំនួន​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ រួមទាំង​កុមារ​ទទួល​ការវះកាត់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ​។​

បើតាម​តួលេខ​ខាងលើ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ កុមារ​មាន​ជំងឺ​ចំនួន ៥២,៨៧៥​នាក់ ត្រូវបាន​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ បន្ថែម​លើ​នេះ កុមារ​ចំនួន ៨១៩៣​នាក់ មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​កុមារ​ចំនួន ១,១០២​នាក់ ត្រូវបាន​វះកាត់​។ ជាមួយគ្នានេះ កុមារ​ចំនួន ២៩២​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ និង​កុមារ​ចំនួន ២៨​នាក់​ផ្សេងទៀត មាន​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ​ផងដែរ​។

ចំណែកឯ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (​គន្ធបុប្ផា​ទី​៣ សៀមរាប​)​វិញ កុមារ​មាន​ជំងឺ​ចំនួន ២៩,០១០​នាក់ ត្រូវបាន​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ ទន្ទឹមនឹងនេះ កុមារ​ចំនួន ៦,៨២៩​នាក់ មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​កុមារ​ចំនួន ១,១១៥​នាក់ ត្រូវបាន​វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង ចំនួន ៤៩​នាក់​ផងដែរ​។ ម្យ៉ាងទៀត កុមារ​ចំនួន ២៣៥​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ និង​កុមារ​ចំនួន ១៦៨​នាក់​ផ្សេងទៀត មាន​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ​។

បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បេ​អាត រិច​ឆ្នឺ​រ ក្រៅពី​ពិនិត្យ​ព្យាបាល​កុមារ មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏បាន​ពិនិត្យ និង​ព្យាបាល​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១៣,២៥៨​នាក់ នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​។ ដោយឡែក ក្នុង​រយៈពេល​១​ខែ​នេះ មាន​ស្ត្រី​សម្រាលកូន​បាន​ចំនួន ២,៣០១​នាក់​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com