អន្តរជាតិ
បោះឆ្នោតអាល្លឺម៉ង់៖ អធិការបតី Merkel រំពឹងបន្តកាន់តំណែងនៅអាណត្តិទីបួន
× ប្រជាជនអាល្លឺម៉ង់ នៅថ្ងៃទី២៤ ខែកញ្ញា បាននាំគ្នាទៅកាន់ការិយាល័យនៅទូទាំងប្រទេសក្នុងការបោះឆ្នោតថ្នាក់ជាតិ ដែលត្រូវជ្រើសរើសមេដឹកនាំថ្មី។ លោកស្រី Angela Merkel ដែលកាន់តំណែងអធិការបតីបីអាណត្តិមកហើយនោះ រំពឹងខ្ពស់ក្នុងការបន្តឈ្នះឆ្នោតនៅអាណត្តិទីបួននេះ។ ជាមួយគ្នាដែរ បក្សស្ដាំនិយម ក៏រំពឹងថានឹងទទួលបានការគាំទ្រដើម្បីបង្ហាញវត្តមានក្នុងសភាជាលើកដំបូងក្នុងរយៈពេលច្រើនជាងមួយសតវត្សរ៍មកនេះ។
ក្រុមអភិរក្សរបស់អធិការបតី Angela Merkel មានភាគរយខ្ពស់ក្នុងការទទួលបានសំឡេងគាំទ្រដើម្បីក្លាយជាក្រុមមតិភាគច្រើននៅក្នុងសភា ក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៤ ខែកញ្ញា។ យ៉ាងណាក្ដី ការបែកបាក់ក្នុងនយោបាយ អាចក្លាយជាឧបសគ្គសម្រាប់បក្សលោកស្រី Merkel ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះនៅអាណត្តិថ្មីនេះ។ លោកស្រី Merkel អាចនឹងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងការកាន់តំណែងអធិការបតីបួនអាណត្តិជាប់គ្នា។
អធិការបតីរូបនេះ ហាក់ស្ទាក់ស្ទើរក្នុងការចូលរួមការបោះឆ្នោតលើកនេះ បន្ទាប់បក្សលោកស្រីរងបរាជ័យក្នុងការបោះឆ្នោតថ្នាក់តំបន់ ប៉ុន្តែក្រោយមកក៏ផ្លាស់ប្ដូរចិត្តវិញ។ ក្នុងពេលឃោសនា លោកស្រី Merkel ដែលកាន់តំណែងបីអាណត្តិមកហើយនោះ បានផ្ដោតសំខាន់លើការកែប្រែសេដ្ឋកិច្ចអាល្លឺម៉ង់ឲ្យសមតាមសម័យឌីជីថល នយោបាយបង្ការវិបត្តិជនភៀសខ្លួននៅថ្ងៃអនាគត ក៏ដូចជាការពារតម្លៃបស្ចិមប្រទេសដែលធ្លាក់ចុះដោយសារការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ជុំវិញការបោះឆ្នោតនេះ ទាំងលោកស្រី Merkel ទាំងគូប្រជែង គឺលោក Martin Schulz សុទ្ធតែព្រួយបារម្ភចំពោះចំនួនអ្នកបោះឆ្នោតដែលមានកម្រិតទាប ព្រោះវាក្លាយជាឱកាសសម្រាប់ក្រុមស្ដាំនិយមទៅវិញ។ បក្សស្ដាំនិយម AfD មានសង្ឃឹមខ្ពស់ក្នុងការបង្ហាញវត្តមានជាលើកដំបូងក្នុងសភាអាល្លឺម៉ង់។ ប៉ុន្តែលោក Schulz បានរិះគន់បក្សនេះជាអ្នកជីកផ្នូរប្រជាធិបតេយ្យទៅវិញ។
ការស្ទង់មតិនៅថ្ងៃទី២៣ ខែកញ្ញា បង្ហាញថា ការគាំទ្របក្សរបស់លោកស្រី Merkel បានធ្លាក់ចុះពីរភាគរយមកត្រឹម៣២ភាគរយ ខណៈដែលបក្ស SPD របស់លោក Schulz ទទួលការគាំទ្រចំនួន២១ភាគរយ។ នេះមានន័យថា បក្សធំទាំងពីរសុទ្ធតែពិបាកក្នុងការទទួលបានសំឡេងភាគច្រើនក្នុងសភា។ ឯបក្សប្រឆាំងជនអន្តោប្រវេសន៍ AfD វិញមានការគាំទ្រចំនួន១៣ភាគរយ ហើយរំពឹងថាក្លាយជាបក្សធំលំដាប់ទីបី។
ក្នុងករណីឈ្នះការបោះឆ្នោតលើកនេះ លោកស្រី Merkel នឹងក្លាយជាឥស្សរជននយោបាយអាល្លឺម៉ង់ទីបី ដែលអាចកាន់តំណែងអធិការបតីបួនអាណត្តិ។ អតីតអធិការបតី លោក Helmut Kohl ដែលជាអ្នកបង្រួបបង្រួមអាល្លឺម៉ង់ទាំងពីរ និងលោក Konrad Adenauer ដែលបានដឹកនាំអាល្លឺម៉ង់ក្រោយសង្គ្រាមលោកលើកទីពីរ គឺជាមេដឹកនាំពីររូបដែលអង្គុយកៅអីអធិការបតីបានបួនអាណត្តិ៕
© រក្សាសិទ្ធិដោយ thmeythmey.com