ជាតិ
ពីនេះ ពីនោះ
បុគ្គល​ជោគជ័យ ពឹង​ផ្អែកលើ​ជំនាញ​ទន់ ៨៥ % និង​តែ ១៥ % ប៉ុណ្ណោះ ទៅលើ​ជំនាញ​រឹង​
24, Sep 2017 , 9:19 pm        
រូបភាព
ដោយ:
​បុគ្គល​ជោគជ័យ គឺ​ពឹងផ្អែក ៨៥​ភាគរយ លើ​ជំនាញ​ទន់ និង តែ ១៥​ភាគរយ​ប៉ុណ្ណោះ ទៅលើ​ជំនាញ​រឹង​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​សាកលវិទ្យាល័យ Harvard នៅ​សហរដ្ឋអាមេរិក​។ ជំនាញ​ទន់ (Soft Skill) ពិបាក​ក្នុង​ការវាស់ស្ទង់ មិន​ដូច​ជំនាញ​រឹង​(Hard skill) ដែលជា​ជំនាញ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ឡើយ​។ ចេះតែ​ជំនាញ​រឹង ក៏​មិនអាច​ធានាថា អាច​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​ដែរ បើ​ខ្វះ​ជំនាញ​ទន់ ដែល​សំដៅ​ទៅលើ​ឥរិយាបថ​របស់​មនុស្ស រាប់ទាំង​ការទំនាក់ទំនង​, ការដឹកនាំ​, ការលើកទឹកចិត្ត ជាដើម​។​



ជំនាញ​ទន់ (Soft Skill) និង​ជំនាញ​រឹង (Hard Skill) គួប​បញ្ចូល​គ្នា​ទើប​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ អាច​ទទួលបាន​ជោគជ័យ​ភាគច្រើន​។ បើ​ខ្វះ​ជំនាញ​ណាមួយ​ក្នុងចំណោម​ជំនាញ​ទាំងពីរ​ខាងលើ បុគ្គល​ភាគច្រើន​នឹង​បរាជ័យ​ក្នុង​ជីវិត​។ នៅក្នុង​បរិបទ​ការងារ ចាំបាច់​បំផុត​គេ​ត្រូវការ​បុគ្គលិក​ដែល​ចេះ​ជំនាញ​ច្បាស់លាស់​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ដែល​អាចជួយ​ជំរុញ​ដល់​ការប្រតិបត្តិ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។

​ជំនាញ​ទន់ (Soft Skill) នោះ គឺជា​ជំនាញ​មួយ​ដែលមាន​លក្ខណៈ​ជា​សិល្បៈ​នៃ​ការធ្វើ​អ្វីមួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ជា​លក្ខណៈ​ចិត្តសាស្ត្រ ដែល​សំដៅ​ទៅលើ​ឥរិយាបថ​របស់​មនុស្ស រាប់ទាំង​ការទំនាក់ទំនង​, ការដឹកនាំ​, ការចរចារ​, ការលើកទឹកចិត្ត​, ការគ្រប់គ្រង​ពេលវេលា និង​គ្រប់គ្រង​អារម្មណ៍ ជាដើម​។ ជំនាញ​នេះ ពិបាក​ក្នុងការ​បណ្តុះបណ្តាល និង​មិន​ងាយ​ក្នុងការ​ចាប់យក​ចំណេះដឹង​ទាំង​នេះឡើយ ពីព្រោះ​វា​ជា​លក្ខណៈ​អ​រូបិយ និង​ចិត្តសាស្ត្រ ហើយ​អាស្រ័យ​ទៅតាម​ចរិតលក្ខណៈ​របស់​បុគ្គ​ល​ម្នាក់ៗ​ទៀតផង​។

​រីឯ ជំនាញ​រឹង (Hard Skill) ជា​ជំនាញ​មួយ​ដែលមាន​លក្ខណៈ​ជា​ឯកទេស ឬ​ជា​លក្ខណៈ​បច្ចេក ទេស និង​វិជ្ជាជីវៈ​មួយ​ច្បាស់លាស់ ដូចជា​ជំនាញ​ជុស​ជុល​ម៉ាស៊ីន​, ជំនាញ​កុំព្យូទ័រ​, អក្សរសាស្ត្រ​អង់គ្លេស​, គណនេយ្យ​, ហិរញ្ញវត្ថុ​, សេដ្ឋកិច្ច និង​ច្បាប់​។​ល​។ ជំនាញ​នេះ ងាយស្រួល​ក្នុងការ​បណ្តុះបណ្តាល និង​ងាយស្រួល​ក្នុងការ​ចាប់យក​ចំណេះដឹង​ទាំងនោះ ព្រោះ​វា​ជា​លក្ខណៈ​ទ្រឹស្តី​ច្រើនជាង​៕


© រក្សាសិទ្ធិដោយ thmeythmey.com