ជាតិ
លោក ប្រាក់ សុខុន ៖ យើង​ត្រូវបាន​ចោទថា​បំពាន​ប្រជាធិបតេយ្យ ព្រោះ​ដាក់ទោស​អ្នក​បំពាន​ច្បាប់​
24, Sep 2017 , 4:44 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កំពុងថ្លែងនាឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កំពុងថ្លែងនាឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស)
ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃទី​២២ ខែកញ្ញា បាន​ថែ្ល​ង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ចោទប្រកាន់ថា​បាន​បំពាន​ប្រជាធិបតេយ្យ ព្រោះ​បានដាក់​ទោស​អ្នក​ដែល​បំពាន​ច្បាប់​។ លោក ប្រាក់ សុខុន ថ្លែង​ដូចនេះ​នៅ​ចំពោះមុខ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​កំពុង​ធ្វើឡើង​នៅ​ទីក្រុង​ញូវយ៉ក​។ ប្រមុខ​ការទូត​កម្ពុជា ក៏បាន​រិះគន់​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​លោក​អះអាងថា​ធ្វើឡើង​ដោយ​លម្អៀង​។



​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បានបង្ហាញ​ការសោកស្ដាយ​ដែល​កម្ពុជា​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ពី​សំណាក់​ស្ថាប័ន​របស់​អង្គការ​ពិភពលោក​មួយ​នេះ និង​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ​ខ្លះ​ជុំវិញ​សំណុំរឿង​សិទ្ធិមនុស្ស​។ លោក ប្រាក់ សុខុន ក៏បាន​រិះគន់​ពី​ភាពលម្អៀង​របស់​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស ពេល​សរសេរ​របាយការណ៍​ពី​កម្ពុជា​។​

​ក្នុង​សុន្ទរកថា​ជាង​១៦​នាទី ជា​ភាសា​អង់គ្លេស និង​ភាសា​បារាំង ប្រមុខ​ការទូត​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា ការត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​មាន​ភាពខុស​គ្នា​ទៅតាម​ឱកាស​នយោបាយ​របស់​ម​ហា​អំណាច​ខ្លះ ហើយ​អង្គការ​អន្តរជាតិ​ខ្លះ​នៅ​ឆ្ងាយ​ពី​អព្យាក្រឹត​នយោបាយ​ទៅទៀត​។ លោក ប្រាក់ សុខុន បន្តថា សំណួរ​ស្ដីពី​សិទ្ធិមនុស្ស ត្រូវបាន​លើកឡើង​តែ​ក្នុង​គោលការណ៍​នៃ​ផលប្រយោជន៍​ពិសេស​ខ្លះ និង​យោងតាម​ឱកាស​ប៉ុណ្ណោះ​។​

​ឆ្លៀតឱកាស​នោះ លោក ប្រាក់ សុខុន ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​ដែល​កម្ពុជា​ក្លាយជា​ជនរងគ្រោះ​នៃ​ការបោក​បញ្ឆោត​នយោបាយ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នេះ ហើយ​សហគមន៍​អន្តរជាតិ​ក៏​ថែមទាំង​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​នៅ​សម័យ​ខ្មែរក្រហម​ទៅទៀត​។ លោក​លើកឡើងថា ជា​រឿង​ឈឺចាប់​សម្រាប់​អ្នក​រស់រានមានជីវិត​ម្នាក់ ពេលឮ​សម្ដី​អ្នករាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែលថា ឧក្រិដ្ឋកម្ម​បង្កដោយ​ខ្មែរក្រហម​គ្រាន់តែ​ជា​ចលាចល​មួយ​។​

​បើតាម​លោក ប្រាក់ សុខុន កម្ពុជា​ក៏​នៅតែ​ប្រធានបទ​នៃ​ការរិះគន់​របស់​របាយ​ការណ៍​សិទ្ធិមនុស្ស ខណៈដែល​របាយការណ៍​នោះ​ត្រូវបាន​រាយការណ៍​ដោយ​លម្អៀង​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូបនេះ​បន្តថា របាយការណ៍​សិទ្ធិមនុស្ស​នៅតែ​បន្ទោស​រដ្ឋាភិបាល​កម្ពុជា ហើយ​បាន​លើក​ដំឡើង​ក្រុមប្រឆាំង​ទៅជា​វីរជន​ប្រជាធិបតេយ្យ​ទៅវិញ​។ លោក ប្រាក់ សុខុន អះអាងថា ទង្វើ​ខុសច្បាប់ និង​កំហុស​របស់​បក្សប្រឆាំង​មិនដែល​កត់​ទុក​ក្នុង​របាយការណ៍​ទាំង​នោះឡើយ​។​

«​សព្វថ្ងៃ យើង​ត្រូវបាន​ចោទប្រកាន់ថា​បំពាន​ប្រជាធិបតេយ្យ ព្រោះ​ក្រោម​ច្បាប់​ជា​ធរមាន យើង​កំពុង​កាត់ទោស និង​ពិន័យ​អ្នក​ដែល​បំពាន​ច្បាប់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​កម្ពុជា មុននឹង​បន្ថែមថា ការអធិប្បាយ​របស់​ម​ន្ត្រី​រដ្ឋាភិបាល​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ អាច​គួរ​ទុកចិត្តបាន​ជាង ប្រសិនបើ​ពួកគេ​អនុវត្ត​ដោយ​ខ្លួនឯង​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com