ជាតិ
តើ​អត្ថន័យ​នៃ​អានុភាព «​ពុកមាត់​» កាលពី​សម័យ​ដើម​មានន័យ​ដូចម្តេច​?
24, Sep 2017 , 11:04 pm        
រូបភាព
រូបកវីនិពន្ធ នូ កន
រូបកវីនិពន្ធ នូ កន
ដោយ:
​ភ្នំពេញ​៖ ជាទូទៅ នៅ​កម្ពុជា​បច្ចុប្បន្ន គេ​មើលឃើញថា ការនិយម​រក្សាទុក​ពុកមាត់ ឬ​ពុកចង្ការ ពុំ​សូវ​ពេញនិយម​ឡើយ ហើយ​ការ​រក្សាទុក​ពុកមាត់​របស់​យុវជន ឬ​បុរសៗ ខ្មែរ ក្នុងសម័យ​បច្ចុប្បន្ន គឺ​គ្រាន់តែ​ដើម្បី​បង្ហាញ​ពី​ការស្រលាញ់ ការនិយម​ចូលចិត្ត​របស់​សា​ម៉ី​ខ្លួន​ទៅ​អ្នកដទៃ​ប៉ុណ្ណោះ ដែល​ខុសពី​សម័យ​ដើម ការ​រក្សាទុក​ពុកមាត់ គឺ​ក្នុង​អត្ថន័យ​ផ្សេង​។​



​កាលពី​អំឡុង​ទសវត្សរ៍​៦០ ឬ​៧០ គេ​អាច​ស្តាប់ឮ​បទ​ចម្រៀង​មនោសញ្ចេតនាបែប​កំប្លែងមួយ​បទ របស់​អធិរាជ​សំឡេង​មាស លោក​ស៊ីន ស៊ី​សាមុត ដែលមាន​ចំណងជើង​ថា អានុភាព នៃ​ពុកមាត់​។ ក្នុង​បទ​ចម្រៀង​នេះ ភាគី​នារី បានទាមទារ​ឲ្យ​ភាគី​ខាង​បុរស​កោរពុកមាត់​ចេញ ប្រសិនបើ ចង់​ថើប​នាង។ ប៉ុន្តែ តា​មរយៈសំឡេង​ដ៏​ក្រអួន​ក្រអៅ លោក​ស៊ីន ស៊ី​សាមុត បាន​តប​ទៅ​ភាគី​នារី​វិញ​ថា ពុកមាត់​នេះ លោកកោរ​មិន​បានទេ ព្រោះ​វាជាអានុភាព ជា​កម្លាំង ហើយបើ​កោរ​ទៅ​វា​អស់​ខ្លាំង នាំ​ខ្មាំងសត្រូវ មើលងាយ​។​



ដោយឡែក​លោក​ មាស ហាំ អតីត​នាយក​ការិយាល័យ​សាលាក្រុង​ភ្នំពេញ បាន​សរសេរនៅក្នុង​ទស្សនា​វ​ដ្តី​កម្ពុជសុរិយា លេខ​៣ ប្រចាំខែ​មិនា ឆ្នាំ​១៩៦៥ ថា កាលសម័យ​អតីតកាល មាន​លោក​បុរស នាម៉ឺន​មន្ត្រី ឬ​លោកអ្នក ដែលមាន​ទ្រព្យធន​ស្តុកស្តម្ភ ឬ​លោកអ្នក​បុរសខ្លះ ដែល​ចង់​ឲ្យ​គេ​យល់ថា ខ្លួន​មាន​ឋានៈ​ប្រហាក់ប្រហែល​នឹង​នាម៉ឺន មន្ត្រី​ផង បាន​រក្សាទុក​ពុកមាត់​ឲ្យ​បាន​វែង និង​ពុត​ឲ្យ​ងរ ដូច​ស្នែងក្របី​។

​បណ្តា​បុរស​មាន​ឥទ្ធិ ដែល​គេ​អាច​មើលឃើញ​រហូតមកដល់​បច្ចុប្បន្ន មានដូចជា​សម្តេច ព្រះបាទ​ស៊ីសុវត្ថិ  ព្រះបាទ​ស៊ីសុវត្ថិ មុនី​វង្ស ឧកញ៉ា​ជហ្វា​ហ្វ៊ា​វាំ ជួន  លោកតា​អ៊ុក អ៊ូ ហៅ​ក្រម​ង៉ុ​យ កវីនិពន្ធ នូ កន  និង​ឧកញ៉ា​សុ​ត​ន្ត​ប្រិ​ជា​ឥន្ទ ជាដើម​។ ក្រៅពី​មន្ត្រី ឬ​អ្នកប្រាជ្ញ​ជាន់ខ្ពស់​ទាំងនេះ គេ​ក៏​សង្កេតឃើញ មាន​មន្ត្រីជាន់ខ្ពស់ នៃ​ពួក​អាណានិគមនិយម​បារាំង មាន​រក្សាទុក​ពុកមាត់ នេះដែរ​។​



​លោក​ មាស ហាំ បញ្ជាក់ថា ការ​រក្សាទុក​ពុកមាត់​ឲ្យ​បាន​វែង រាង​ស្នែងក្របី ពេលធ្វើ​ដំណើរ​ទៅណា​មក​ណា នឹងមាន​គេ​គោរព​កោតខ្លាច និង​នៅ​ភូមិ​ស្រុក​មួយចំនួន ជន​ដែលមាន​ពុកមាត់ វែង ហើយ​ងរ​ដូច​ស្នែងក្របី គឺ​ភាគច្រើន​ជា​ចៅហ្វាយស្រុក​។ ដើម្បី​រក្សាទុក​ពុកមាត់​ឲ្យ​បាន​វែង និង​ងរ​នេះ គឺ​គេ​ត្រូវយក​ក្រមួន ដែល​ចំរាញ ឬ​ផលិត​ចេញពី​ប្រេង​សំរោង​មក​លាប​។ សម្រាប់​ការ​លាប​ម្តងៗ  ក្រមួន​ប្រេង​សំរោង អាច​រក្សា​រោម​ពុកមាត់ ឬ​សរសៃ​រសក់ ឲ្យ​រឹង​ល្អ​បាន​រយៈពេល​យ៉ាងតិច​ពី​ពីរ​ទៅ​បី​ថ្ងៃ​។​



លោក​បណ្ឌិត ចិន្ត ច័ន្ទ​រតនា អ្នកស្រាវជ្រាវ ផ្នែក​បុរាណវិទ្យា បាន​មានប្រសាសន៍ថា ការនិយម រក្សាទុក​ពុកមាត់​របស់​ខ្មែរ គឺមាន​តាំង​ពីមុន​សម័យអង្គរ​មកម្ល៉េះ មិនមែន​ទើបតែ​មាន​ក្នុងសម័យ​ក្រោយមកនេះទេ​។

​លោក​បណ្ឌិត បាន​យល់ស្រប​ចំពោះ​ការលើកឡើង​ខាងលើ​ថា ពុកមាត់ ពុកចង្ការ ជាការ​បញ្ជាក់​ពី​បុណ្យស័ក្តិ និង​ឋានៈ​សង្គម របស់​ខ្មែរ​ពី​សម័យមុន ហើយ​រូបភាព ដែល​គេ​អាច​មើលឃើញ​យ៉ាងច្បាស់​នៅតាម​ចម្លាក់ នៃ​ជញ្ជាំង​ប្រាសាទ​នោះ គឺ​ពពួក​ព្រា​ហ្មប​រោហិត ដែលមាន​ឋានៈ និង​អំណាច​ខ្ពស់ ប៉ុន្តែ ពុកមាត់​ទាំងនោះ ភាគច្រើន​គេ​រក្សាទុក​នៅ​ផ្នែក​ខាងក្រោម ឬ​អាច​ហៅ​បាន​ថា ជា​ពុកចង្ការ​៕




© រក្សាសិទ្ធិដោយ thmeythmey.com