កីឡាជាតិ
ជាតិ
AFC U16៖ កម្ពុជា​យកឈ្នះ​ម៉ុង​ហ្គោ​លី ៣-២ ក្រោយ​ចាញ់​វៀតណាម​និង​អូស្ត្រាលី​
25, Sep 2017 , 11:08 am        
រូបភាព
ប្រធានក្រុម U16 កម្ពុជា គី​ រីណា ប្រជែងដណ្តើមបាល់ជាមួយកីឡាករម៉ុងហ្គោលី
ប្រធានក្រុម U16 កម្ពុជា គី​ រីណា ប្រជែងដណ្តើមបាល់ជាមួយកីឡាករម៉ុងហ្គោលី
ដោយ:
​ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​ក្នុង​លទ្ធផល ៣-២ នា​ជំនួប​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​ពូ​ល I ក្នុង​ព្រឹត្តិការណ៍ AFC U16 Championship 2018​។ ប៉ុន្តែ​លទ្ធផល​នេះ​មិន​អាចជួយ U16 កម្ពុជា​ឡើងទៅ​វគ្គ​បន្ត នោះឡើយ​។



​សម្រាប់​ការប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន Football Centre MFF ក្នុង​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី​កីឡាករ គី រី​ណា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​កម្ពុជា​នៅ​នាទី​ទី​៧ មុន​កីឡាករ មិ​ត សា​ម៉ើ​ល សម្រេច​គ្រាប់​បាល់​ទី​២​ឲ្យ​កម្ពុជា​នៅ​នាទី​ទី​១៨​។

​ការប្រកួត​ដំណើរការបាន​៦​នាទី​ខ្សែប្រយុទ្ធ Temuulen Erdenetsogt បា​នរក​គ្រាប់​បាល់​តាម​ពីក្រោយ ២-១ ឲ្យ​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី ក្រោយមក​កីឡាករ ប៊ុនធឿន ប៊ុន​ណា​រ៉ុង សម្រេច​គ្រាប់​ទី​៣​ឲ្យ​កម្ពុជា​នាំមុខ ៣-១ នៅ​នាទី​ទី​៣៤​។


កីឡាករ ប៊ុនធឿន ប៊ុន​ណា​រ៉ុង ព្យាយាមរ​ត់ទៅ​ដណ្តើម​បាល់​ជាមួយ​កីឡាករ​ម៉ុង​ហ្គោ​លី​, រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក FFC​

​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​បាន​ប្តូរ​ខ្សែការពារ Nasan-Erdene Bayaraa និង Enkhkhuslen Enkhbayar ជា​បន្តបន្ទាប់​ជំនួស​ដោយ Altagnerel Enkhsaikhan និង Temuujin Mendbayar នៅ​នាទី​ទី ៤២ និង​៤៩​។ ក្រោយមក​ខ្សែប្រយុទ្ធ Temuulen Erdenetsogt សម្រេចបាន​គ្រាប់​ទី​២​របស់ខ្លួន​ឲ្យ​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី ដើម្បី​តាម​ពីក្រោយ ៣-២ នៅ​នាទី​៥២​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ទោះបី​មានការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ក៏ដោយ​។

​តែ​យ៉ាងណា ជ័យជម្នះ ៣-២ លើ​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​មិន​អាចជួយ​ឲ្យ U16 កម្ពុជា​ឡើងទៅ​វគ្គ​បន្ត​ឡើយ ពោលគឺ​បាន​ត្រឹម​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំ​ពូ​ល I ដោយមាន ៣​ពិន្ទុ​ក្នុងចំណោម​៤​ប្រទេស​តែប៉ុណ្ណោះ ព្រោះ​ពីរ​ប្រកួត​កន្លងមក U16 កម្ពុជា​បាន​ចាញ់​វៀតណាម ៥-២ និង​អូស្ត្រាលី ៥-០​។ U16 វៀតណាម និង​អូស្ត្រាលី​បាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​តំណាង​ឲ្យ​ពូ​ល I៕   


Tag:
 បាល់ទាត់​
  AFC U16
© រក្សាសិទ្ធិដោយ thmeythmey.com