អន្តរជាតិ
បក្សលោក ម៉ាក្រុង ខ្សត់សំឡេងនៅព្រឹទ្ធសភា ខណៈក្រុមអភិរក្សមានសំឡេងភាគច្រើន
× គណបក្ស La République en marche (LREM) របស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានរងបរាជ័យក្នុងការដណ្ដើមសំឡេងគាំទ្រក្នុងការបោះឆ្នោតបំពេញបន្ថែមសមាជិកព្រឹទ្ធសភាបារាំងនៅថ្ងៃទី២៤ ខែកញ្ញា ។ បក្ស LREM ទទួលបានកៅអីព្រឹទ្ធសភាតិចជាងការរំពឹងទុក ខណៈដែលក្រុមអភិរក្សឈ្នះបានកៅអីបន្ថែមទៀត និងក្លាយជាបក្សសំឡេងភាគច្រើន។ ជ័យជម្នះនេះ នឹងបង្កឧបសគ្គខ្លះដល់ផែនការកែទម្រង់របស់លោក ម៉ាក្រុង ។
លទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាបារាំងថ្មីចំនួន១៧១ ក្នុងចំណោមសមាជិកសរុប៣៤៨ បង្ហាញថា បក្សកាន់អំណាច La République en marche (LREM) របស់លោក អេម៉ានុយអែល ម៉ាក្រុង មិនទទួលបានកៅអីដូចការគ្រោងទុកឡើយ។ ក្នុងការបោះឆ្នោតនៅថ្ងៃទី២៤ ខែកញ្ញា បក្ស LREM ឈ្នះកៅអីចំនួនតែ២៣ ប៉ុណ្ណោះ ខណៈបក្សនេះរំពឹងថាអាចទទួលបានកៅអីចន្លោះពី៤០ ទៅ៥០ ដែលគ្រប់គ្រាន់សម្រាប់ការកែទម្រង់របស់លោក ម៉ាក្រុង ។
ដោយឡែក បើតាមទូរទស្សន៍បារាំង France 24 ក្រុមអភិរក្សមានបក្សសាធារណរដ្ឋជាដើមនោះ រំពឹងទទួលបានកៅអីសមាជិកព្រឹទ្ធសភាទាំងអស់ក៏១៥០ ដែរ។ ជាមួយជោគជ័យនេះ ក្រុមអភិរក្សដែលបរាជ័យក្នុងការបោះឆ្នោតរដ្ឋសភា នឹងក្លាយជាកម្លាំងចលករខ្លាំងក្លាមួយដើម្បីទប់ទល់សំឡេងភាគច្រើនរបស់បក្ស LREM ដែលកំពុងគ្រប់គ្រងរដ្ឋសភា។ យ៉ាងណាក្ដី ការសម្រេចចិត្តចុងក្រោយ គឺស្ថិតក្នុងកណ្ដាប់ដៃរដ្ឋសភាទាំងអស់ ចំណែកឯព្រឹទ្ធសភាអាចត្រឹមពន្យារពេលនីតិវិធីប៉ុណ្ណោះ។
តាមពិតទៅ ការទទួលបានកៅអីព្រឹទ្ធសភាតិចតួចបែបនេះ ក៏ព្រោះតែនេះជាការបោះឆ្នោតអសកល។ តាមច្បាប់បារាំង សមាជិកព្រឹទ្ធសភា ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតមិនទូទៅមួយ ដែលមន្ត្រីថ្នាក់ក្រោមជាតិ និងសមាជិករដ្ឋសភាប៉ុណ្ណោះទើបមានសិទ្ធិបោះឆ្នោតបាន។ ដោយសារបក្ស LREM ជាបក្សចំណូលថ្មី មិនទាន់ពង្រីកវត្តមានគ្រប់ទីតាំង និងមានការមិនពេញចិត្តពីមន្ត្រីថ្នាក់ក្រោមចំពោះនយោបាយលោក ម៉ាក្រុង ខ្លះផង ទើបបក្សនេះមិនអាចឈ្នះសំឡេងបានច្រើន។
ការខ្សត់សំឡេងនៅឯព្រឹទ្ធសភា នឹងក្លាយជារឿងលំបាកមួយសម្រាប់ប្រធានាធិបតីវ័យក្មេង ម៉ាក្រុង ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំង ដែលលោកគ្រោងធ្វើនៅពាក់កណ្ដាលឆ្នាំ២០១៨ ។ លោក ម៉ាក្រុង ត្រូវការសំឡេងគាំទ្របីភាគប្រាំនៃចំនួនសមាជិកសភាទាំងពីរជាន់ ពោលគឺចំនួន៥៥៥ នៃសមាជិកសភាទាំងពីរ ។ នៅរដ្ឋសភា លោកអាចប្រមូលសំឡេងគាំទ្រចំនួនជាង៤០០ ដែលភាគច្រើនជាសមាជិកបក្ស LREM របស់លោកផ្ទាល់។
លោក ម៉ាក្រុង ដែលប្រជាប្រិយភាពធ្លាក់ចុះគួររឲ្យកត់សម្គាល់នោះ ប្រហែលជាត្រូវធ្វើការជាមួយបក្សនយោបាយផ្សេងទៀតរាប់ទាំងបក្សសាធារណរដ្ឋផង ដើម្បីប្រមូលការគាំទ្រក្នុងការអនុវត្តផែនការកែទម្រង់ ជាពិសេសនោះ គឺជាគម្រោងកាត់បន្ថយចំនួនសមាជិករដ្ឋសភាចំនួនបីភាគតែម្ដង។ ក្នុងករណីមិនអាចបំពេញសំឡេងខ្វះខាតបាន លោក ម៉ាក្រុង ទំនងជាជ្រើសរើសផ្លូវធ្វើជាប្រជាមតិដើម្បីសម្រេចផែនការរបស់ខ្លួន៕
Tag:
បារាំង
ព្រឹទ្ធសភា
អេម៉ានុយអែល ម៉ាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com