អន្តរជាតិ
លោក ត្រាំ ដាក់​ប្រទេស​បី​ទៀត​ក្នុង​បញ្ជី​រឹតត្បិត​ការធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក​
25, Sep 2017 , 4:08 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែកញ្ញា បានចេញ​បញ្ជា​ឲ​ហាមឃាត់​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន​បី​ពី​ការធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក ដែល​ធ្វើ​ឲ្យ​ប្រទេស​ដែល​រង​ការ​រឹតត្បិត​ការធ្វើដំណើរ​កើន​ដល់​៨​ប្រទេស​ហើយ​។ បទបញ្ជា​នេះ គឺជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់លោក ត្រាំ ក្នុងការ​ពង្រឹង​លំហូរ​ជនអន្តោប្រវេសន៍​ចូល​ទឹកដី​អាមេរិក ទោះជា​រង​ការរិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ដែល​ចាត់ទុកជា​ការបំពាន​សិទ្ធិមនុស្ស​ក្ដី​។​



​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា កូរ៉េខាងជើង និង​ឆាដ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ជាន់​ទឹកដី​អាមេរិក​ឡើយ​។ នេះ​បើ​យោងតាម​សេចក្ដីសម្រេច​ថ្មី​មួយ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ក្រោម​ហេតុផល​ថា ពលរដ្ឋ​ប្រទេស​ទាំងបី​អាច​បង្ក​អសន្តិសុខ​នៅ​អាមេរិក​។ ប្រទេស​ទាំងបី មានឈ្មោះ​ក្នុង​បញ្ជី​ហាមឃាត់​ជាមួយ​ប្រទេស​ចំនួន​៥​ផ្សេងទៀត ខណៈដែល​ស៊ូដង់​បាន​រួចខ្លួន​ពី​ការ​រឹតត្បិត​នេះ​។​

​ប្រជាជន​អ៊ីរ៉ង់ លី​ប៊ី យេ​ម៉ែន ស៊ី​រី និង​សូ​ម៉ាលី ត្រូវបាន​រដ្ឋបាល​លោក ត្រាំ ចាត់​ចូលក្នុង​បញ្ជី​ហាមឃាត់​តាំងពី​ខែមីនា​មកម្ល៉េះ ប៉ុន្តែ​ការហាមឃាត់​នេះ​អស់​សុពលភាព​នៅត្រឹម​ថ្ងៃទី​២៤ ខែកញ្ញា​។ ដូចនេះហើយ​ទើប​លោក ត្រាំ ចេញ​បញ្ជា​ថ្មី​មួយទៀត​ដោយ​រក្សាទុក​ប្រទេស​ទាំង​៥​នេះ រួច​បញ្ចូល​ប្រទេស​បី​ខាងលើ​ទៀត​។ ដោយឡែក អ៊ីរ៉ាក់​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ហាមឃាត់​នេះ​ទេ តែ​ប្រជាជន​អ៊ីរ៉ាក់​ត្រូវ​ទទួល​ការត្រួតពិនិត្យ​តឹង​រ៉ឺ​ង​ជាង​មុន​។​

​ក្រោយ​ការចេញផ្សាយ​បញ្ជា​ថ្មី ប្រធានាធិបតី ត្រាំ បានប្រកាស​ជំហរ​របស់លោក​ក្នុង​ការបន្ត​ការពារ​សុវត្ថិភាព​ប្រជាជន​អាមេរិក​។ លោក​បាន​សរសេរ​លើ Twitter ថា ធ្វើ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព គឺជា​អាទិភាព​ទីមួយ​របស់លោក ហើយ​លោក​ក៏​មិន​ទទួល​អ្នកណា​ឲ្យ​ជាន់​ទឹកដី​អាមេរិក​ដែរ បើ​មិនទាន់​ឆ្លង​ការ​កាត់​ការវិនិច្ឆ័យ​ត្រឹមត្រូវ​នោះ​។

​បទបញ្ជា​ថ្មី​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១៨ ខែតុលា​ខាងមុខ ហើយ​ការបន្ថែម​ឈ្មោះ​កូរ៉េខាងជើង និង​វេ​ណេ​ស៊ុយ​អេ​ឡា​ចូលក្នុង​បញ្ជី​ហាមឃាត់​នេះ គឺជា​ពង្រីក​បញ្ជី​រឹតត្បិត ដែល​ពីមុន​គោលដៅ​នៃ​ការហាមឃាត់​មានតែ​ប្រទេស​សម្បូរ​ជន​មូស្លីម​ប៉ុណ្ណោះ​។ មន្ត្រី​អាមេរិក​និយាយ​ដែរ​ថា ការ​រឹតត្បិត​នេះ​មាន​លក្ខណៈ​ខុសគ្នា​តាម​ប្រទេស​នីមួយៗ និង​អាស្រ័យ​លើ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ទាំងនោះ​ជាមួយ​អាមេរិក​។​

​សូមបញ្ជាក់ថា បម្រាម​ធ្វើដំណើរ​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ រង​ការរិះគន់​យ៉ាងខ្លាំង​។ ក្រុម​អ្នកប្រឆាំង​បម្រាម​នេះ​អះអាងថា លោក ត្រាំ បាន​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​អា​មេ​រិ​ក​ដែល​ធានា​ការពារ​សេរីភាព​សាសនា និង​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ក៏ដូចជា​ធ្វើ​ខុសច្បាប់​អន្តោប្រវេសន៍​របស់​អាមេរិក​ផងដែរ​។ លើសពីនេះ ការ​រឹតត្បិត​នេះ ក៏​អាច​បង្ក​ជាការ​រើសអើង​ពូជសាសន៍ និង​ការ​ស្អប់ខ្ពើម​ខាង​សាសនា​ទៀតផង​៕ 


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com