រថយន្ត
រថយន្តអគ្គិសនីជាង២លានគ្រឿងកំពុងចរាចរនៅលើពិភពលោក
× បើតាមរបាយការណ៍របស់ភ្នាក់ងារថាមពលអន្តរជាតិ ការលក់រថយន្តអគ្គិសនីនៅលើពិភពលោក (IEA) បានកើន៤០ភាគរយកាលពីឆ្នាំ២០១៦ ពោលគឺកើនដល់ ៧៥០ ០០០គ្រឿង ដោយចិនជាប្រទេសនាំមុខគេ។ ចំនួនសរុបនៃរថយន្តអគ្គិសនីដែលកំពុងចរាចរលើពិភពលោកកើនដល់ជាង២លានគ្រឿង។
«ការចរាចរណ៍រថយន្តអគ្គិសនី មានចំនួនជាកំណត់ត្រាថ្មីនៅក្នុងឆ្នាំ២០១៦»។ នេះបើតាមការលើកឡើងក្នុងរបាយការណ៍របស់ IEA ដែលជាបណ្តាញរបស់អង្គការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច (OECD) និងមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។
របាយការណ៍បានបង្ហាញថា រថយន្តអគ្គិសនីបានលក់ចេញនៅលើទីផ្សារកើនឡើង៤០ភាគរយ ពោលគឺក្នុងរង្វង់ ៧៥០ ០០០គ្រឿង។ ចំនួននេះ នាំឲ្យ IEA ប៉ាន់ប្រមាណឃើញថា រថយន្តអគ្គិសនីដែលកំពុងចរាចរលើពិភពលោកមានជាង២លានគ្រឿង។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP តួលេខសរុបរបស់រថយន្តអគ្គិសនីនៅលើទីផ្សារយានយន្ត មាន១.៥ភាគរយ ខណៈកាលពីឆ្នាំ២០១៦ ទីផ្សារចិនបានស្រូបយកជិតពាក់កណ្តាលនៃប្រភេទរថយន្តអគ្គិសនីថ្មី ពោលគឺប្រមាណ៣៣៦ ០០០គ្រឿង។
បន្ទាប់ពីចិន អឺរ៉ុបស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមានចំនួន២១៥ ០០០គ្រឿង។ ន័រវេសបោះជំហានទៅមុខគេនៅក្នុងបណ្តាប្រទេសអឺរ៉ុប ដោយរថយន្តអគ្គិសនី ត្រូវបានលក់ចេញ២៩ភាគរយលើទីផ្សារសរុប ដោយសារតែមានការគាំទ្រពីសាធារណជន។ ប្រទេសបន្ទាប់រួមមាន ចក្រភាពអង់គ្លេស បារាំង អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់។
ក្នុងបេសកកម្ម កាត់បន្ថយការបំពុលបរិយាកាស និងកាត់បន្ថយការបញ្ចេញកាបូនឲ្យដល់សូន្យភាគរយ IEA បានប៉ាន់ប្រមាណថា ពិភពលោកត្រូវប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីជាង៦០០លានគ្រឿង ដោយគិតត្រឹមឆ្នាំ២០៤០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com