អន្តរជាតិ
លោកស្រី Merkel បន្ត​ឈ្នះឆ្នោត​ជា​អធិកា​ប​តី​អាល្លឺម៉ង់​អាណត្តិ​ទី​បួន​
25, Sep 2017 , 11:39 pm        
រូបភាព
ដោយ:
​មេដឹកនាំ​គណបក្សនយោបាយ Christian Democratic Union លោកស្រី Angela Merkel បាន​បន្ត​ជាប់​ជា​អធិកា​ប​តី​អាល្លឺម៉ង់​អាណត្តិ​ទី​បួន បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​។ ទោះ​យ៉ាងនេះ​ក្ដី ប្រជាប្រិយភាព​របស់​អ្នកនយោបាយ​វ័យ​៦៣​ឆ្នាំ​រូបនេះ បាន​ធ្លាក់ចុះ ដ្បិត​សន្លឹកឆ្នោត​ដែល​អ្នកស្រី​ទទួលបាន​ទាប ខុសពី​ការរំពឹងទុក​របស់ខ្លួន​។



​លោកស្រី Angela Merkel បាន​ក្លាយជា​អធិកា​ប​តី​អាល្លឺម៉ង់​ចាប់តាំងពី​ឆ្នាំ​២០០៥ ហើយ​បច្ចុប្បន្ន​លោកស្រី ក៏បាន​បន្ត​ជាប់ឆ្នោត​ជា​អធិកា​ប​តី​អាល្លឺម៉ង់​អាណត្តិ​ទី​បួន ក្រោយ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន​៣៣​ភាគរយ​ក្នុងការ​បោះឆ្នោត​ម្សិលមិញ​។ មេដឹកនាំ​គណបក្ស Christian Democratic Union រូបនេះ​បាន​ទទួលស្គាល់ថា ប្រជាប្រិយភាព​របស់ខ្លួន​ពិតជា​បាន​ធ្លាក់ចុះ ព្រោះ​សន្លឹកឆ្នោត​គាំទ្រ​មិនបាន​ដល់​៤០​ភាគរយ​ដូច​ការរំពឹងទុក​ឡើយ​។​

​ទន្ទឹម​ការធ្លាក់​សន្លឹក​ឆ្នោត​នេះ ប្រជាជន​អាល្លឺម៉ង់​មួយចំនួនធំ​នៅតែ​គាំទ្រ​ការដឹកនាំ​របស់លោក​ស្រី Merkel អស់​រយៈពេល​ជាង​ដប់ឆ្នាំ​មកនេះ ហើយ​មួយចំនួន​តូច​ទៀត​មានបំណង​ចង់​ផ្លាស់ប្ដូរ​អធិកា​ប​តី​ថ្មី​របស់ខ្លួន​។ លើសពីនេះទៅទៀត ការធ្លាក់​សន្លឹកឆ្នោត​នេះ​ធ្វើ​ឲ្យ​គណបក្ស​ស្ដាំនិយម​ជ្រុល AfD មានឱកាស​ចូល​សភា​ស​ហ​ព័ន្ធ​ជា​លើកដំបូង​ផងដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្ដី​លោកស្រី Merkel ដូច្នេះ​ថា​៖ «​គណបក្ស​ស្ដាំនិយម AfD ដណ្ដើមបាន​កៅអី​នៅក្នុង​សភា​ជា​បញ្ហា​ស្មុគស្មាញ​ដែល​យើង​ត្រូវ​ប្រឈម​។ ដូចនេះ យើង​មានបំណង​ដណ្ដើមយក​សន្លឹកឆ្នោត​ម​ក​វិញ​»​។ គណបក្ស​ស្ដាំនិយម​AFD​បានឈ្នះ​សន្លឹកឆ្នោត​១៣​ភាគរយ ហើយ​បាន​ក្លាយទៅជា​គណបក្សនយោបាយ​ធំ​ទី​បី​នៅ​អាល្លឺម៉ង់​។​

​លោកស្រី Merkel ត្រូវបាន​គេ​ស្គាល់​ថា​ជា​ស្ដ្រី​ដែល​ខ្លាំង​បំផុត​នៅលើ​ពិភពលោក នោះ​ក៏ដោយ​សារ​អ្នកស្រី​នៅតែ​អាច​គ្រប់គ្រង​ប្រទេស​ខ្លួន​ឲ្យ​មាន​ស្ថេរភាព និង​ភាព​រីកចម្រើន​បាន ស្រប​ពេលដែល​ពិភពលោក​កំពុង​ច្របូកច្របល់​។ ដូច្នេះហើយ អ្នកស្រី​អាច​ទាញយក​សន្លឹកឆ្នោត​បាន​ពី​ប្រជាជន​អាល្លឺម៉ង់​លើសពី​៦១​លាន​នាក់​ដែលមាន​វ័យ​៥២​ឆ្នាំ​ឡើងទៅ​។​

​គួរ​បញ្ជាក់ដែរថា ប្រជាប្រិយភាព​របស់​អ្នកស្រី​Angela Merkel​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់ពី​ឆ្នាំ​២០១៥ មក​។ មូលហេតុ​មកពី​ជនភៀសខ្លួន ឬ​អ្នក​ចំណាកស្រុក​ដែលមាន​ចំនួន​ជាង​មួយ​លាន​នាក់​ដែល​មកពី​ស៊ី​រី អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​គាំទ្រ​អ្នកស្រី​យ៉ាងខ្លាំង​៕


Tag:
 Angela Merkel​
  ​គណបក្ស​ស្ដាំនិយម​AFD​
  Christian Democratic Union
© រក្សាសិទ្ធិដោយ thmeythmey.com