អន្តរជាតិ
ហ្វីលីពីន​ប្រាប់ UNGA ថា សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​គឺ​ដើម្បី​ការពារ​សិទ្ធិ​ប្រជាជន​ដែល​គោរព​ច្បាប់​ប៉ុណ្ណោះ​
26, Sep 2017 , 8:19 am        
រូបភាព
ប្រមុខការទូតហ្វីលីពីនលោក Alan Peter Cayetano នៅមហាសន្និបាតអង្គការសហប្រជាជាត ( រូបភាព៖ UN)
ប្រមុខការទូតហ្វីលីពីនលោក Alan Peter Cayetano នៅមហាសន្និបាតអង្គការសហប្រជាជាត ( រូបភាព៖ UN)
ដោយ:
​ប្រមុខ​ការទូត​ហ្វីលីពីន​បាន​ថ្លែងប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧២ នៅ​ថ្ងៃ​សុក្រ​ទី ២៣ កញ្ញា ថា ស​ង្គ្រា​បង្ក្រាប​អំពើពុករលួយ កម្ចាត់​ឧក្រិដ្ឋកម្ម និង​ការ​ជួញ​គ្រឿងញៀន មាន​គោលដៅ​ការពារ​សិទ្ធិ​របស់​ប្រជាជន​ដែល​គោរព​ច្បាប់​ប៉ុណ្ណោះ​។ ការលើកឡើង​នេះ​គឺ​ដើម្បី​ឆ្លើយ​បត​ការ​ថ្កោលទោស​និង​រិះគន់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ហ្វីលីពីន​ដែល​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​នោះ​។



​ស្ថិតក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Alan Peter Cayetano បាន​អះអាងថា ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​ក៏ដូចជា​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​ហ្វីលីពីន គឺជា​ការរួមចំណែក​ការពារ​សិទ្ធិ​ប្រជាជន​ដែល​គោរព​ច្បាប់​។​

​លោក​បាន​ថ្លែង​ដូច្នេះ​៖ «​ហ្វីលីពីន​ដាក់​ប​ញ្ជូ​ល​របៀបវារៈ​ការពារ​សិ​ទិ្ធ​មនុស្ស​ក្នុង​គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍ​របស់ខ្លួន​ក្នុង​គោលបំណង​ការពារ​ប្រជាជន​តែប៉ុណ្ណោះ​ជាពិសេស​នោះ​គឺ​ជន​ដែល​ងាយ​រងគ្រោះ​ដោយសារ​អំពើ​អាណាធិបតេយ្យ និង​ភាព​គ្មាន​ច្បាប់ទម្លាប់​»​។​

​តាមពិតទៅ ការលើកឡើង​ពី​ការការពារ​សិទ្ធិ​ប្រជាជន​ស្លូតត្រង់​ដោយ​កម្ចាត់​គ្រឿងញៀន រួម​ទាំ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀនរ​បស់​តំណាង​រដ្ឋាភិបាល​ហ្វីលីពីន​នេះ កើតឡើង​ចំពេល​ដែល​ហ្វីលីពីន​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​រឿង​សម្លាប់​រង្គាល​មនុស្ស​។  ប្រជាជន​ច្រើនជាង ៦០០០​នាក់​ត្រូវបាន​ក្រុម​ការពារ​សិទ្ធិមនុស្ស​អះអាងថា បាន​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ជាពិសេស​ស្លាប់​ដោយសារ​ការសម្លាប់​មនុ​ស្ស​ក្រៅ​ប្រព័ន្ធតុលាការ​តែម្តង​។​

​ប្រមុខ​ការទូត​ហ្វីលីពីន​រូបនេះ​បាន​ឆ្លៀត​លើកសរសើរ​ពី​គោលនយោបាយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ផងដែរ​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​។

​លោក​គូសបញ្ជាក់ថា គ្រប់យ៉ាង​ដែល​ប្រធានាធិបតី​ធ្វើ​គឺ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​ស្លូតត្រង់ ការពារ​សហគមន៍ រួមទាំង​ទប់ស្កាត់​ហ្វីលីពីន​កុំ​ឲ្យ​ក្លាយជា​ប្រទេស​ដែលជា​ប្រភព​គ្រឿងញៀន​ផងដែរ​។​លើសពីនេះ​ទៀត ហ្វីលីពីន​មិនដែល​ប្រើការ​បង្ក្រាប​នេះ​ដើម្បី​រំលោភសិទ្ធិ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​សិទ្ធិមនុស្ស​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ​ឡើយ​។​

​បន្ថែម​ពីនេះ លោក Cayetano ប្រាប់​អង្គ​មហាសន្និបាត​ផងដែរ​ថា ហ្វីលីពីន​បាន​រកឃើញ​នូវ​ទំនាក់ទំនង​រវាង​ភេរវកម្ម និង​ភាពក្រីក្រ រួមទាំង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ដែរ​។ នេះ​ក៏​ដោយសារតែ​ភាពក្រីក្រ និង​ការ​ចរាចរណ៍​គ្រឿងញៀន​ខុសច្បាប់ ទើប​ធ្វើ​ឲ្យ​ចលនា​ភេរវកម្ម​កើនឡើង​នៅក្នុង​ប្រទេស​ក៏ដូចជា​ក្នុង​តំបន់​ជាដើម​។


Tag:
 ហ្វីលីពីន​
  UNGA
 ​ Alan Peter Cayetano
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com