ជាតិ
លោក សុន ឆ័យ មាន​សុទិដ្ឋិនិយម​ថា ខ្មែរ​អាច​ដោះស្រាយ​បញ្ហា​ខ្មែរ​បាន​!
26, Sep 2017 , 8:39 am        
រូបភាព
លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ដោយ:
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​សុទិដ្ឋិនិយម​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មានតែ​អ្នកនយោបាយ​ខ្មែរ​គ្នាឯង​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។ លោក​ថា បរទេស​គ្រាន់តែ​ជា​អ្នកជំរុញ​ឲ្យ​ខ្មែរ​និយាយ​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​តែប៉ុណ្ណោះ​។



​ការជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ គឺជា​ក្តីសង្ឃឹម​ដ៏​សំខាន់បំផុត ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់ថា អាច​ដោះស្រាយ​បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ន​បាន​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ករណី​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៧ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​យ៉ាងនេះ​ថា​៖«​យើង​នៅតែមាន​សង្ឃឹម និង​មាន​ជំនឿ​ចំពោះ​ការដោះស្រាយ​បញ្ហា​ក្នុង​ប្រទេសមួយ ហើយ​អ្វី​ដែលជា​ការងារ​ជោគជ័យ មាន​ប្រសិទ្ធភាព គឺ​ការដោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​។ បរទេស​គ្រាន់តែ​ជា​អ្នក​ជួយ​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្លួន​ដោយ​ខ្លួ​ឯង​តែប៉ុណ្ណោះ​»​។

​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​រួសរាន់​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់រហ័ស ដោយ​កុំ​បណ្តោយ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់​ឡើង​។ «​យើង​សង្ឃឹមថា នឹងមាន​យន្តការ​ដែល​អាច​ជជែក​គ្នា​បាន ដើម្បី​ធានាថា ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការបង្ក​លក្ខណៈ​នៃ​ការបោះឆ្នោត​មាន​យុត្តិធម៌​ត្រឹមត្រូវ តាមរយៈ​ការដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​នេះ​ជាមួយគ្នា​»​។ នេះ​ជាការ​បន្ថែម​របស់លោក សុន ឆ័យ​៕


Tag:
 សុន ឆ័យ​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com