អន្តរជាតិ
ម៉ាឡេស៊ី ទិះ​តៀន​សេចក្តីថ្លែងការណ៍​ប្រធាន​អាស៊ាន​រឿង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
26, Sep 2017 , 8:59 am        
រូបភាព
​ម៉ាឡេស៊ី​អះអាងថា ខ្លួន​មិន​គាំទ្រ​សេចក្តីថ្លែងការណ៍​ប្រធាន​អាស៊ាន​ហ្វីលីពីន​ពាក់ព័ន្ធ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែល​ចេញ​នៅ​ថ្ងៃអាទិត្យ​នៅ​ដាច់ដោយឡែក​ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧២​ឡើយ​។ រដ្ឋ​សមាជិក​អាស៊ាន​មួយ​នេះ​បកស្រាយ​ថា សេចក្តីថ្លែងការណ៍​អាស៊ាន​ប្រាសចាក​ពី​ស្ថានការណ៍​ដែល​កើតឡើង​ជាក់ស្តែង ដែល​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់រយ​នាក់​រង​ទុក្ខ​បុក​ម្នេញ និង​ជាង​បួន​សែន​នាក់​រត់​ភៀសខ្លួន​។ តាមពិតទៅ​សេចក្តីថ្លែងការណ៍​នោះ​ថ្កោលទោស​ការវាយប្រហារ​រ​បស់​កម្លាំង​ផ្តាច់ខ្លួន​រ៉ូ​ហ៊ី​យ៉ា​លើ​កងកម្លាំង​សន្តិសុខ តែ​មិនមាន​លើកឡើង​ពី​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​និង​បាត់បង​ជម្រក​ដោយសារ​ប្រតិបត្តិការ​បោសសម្អាត​របស់​កងទ័ព​មី​យ៉ាន់​ម៉ា​ឡើយ​។​



​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​បន្ត​ជា​រឿង​ក្តៅគគុក​សម្រាប់​តំបន់​អាស៊ាន និង​សហគមន៍​អន្តរជាតិ ស្រប​ពេលដែល​ជនជាតិភាគតិច​នេះ​ប្រហែល បួន​សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ទឹកដី​បង់​ក្លា​ដែ​ស​ដើម្បី​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​។ ស្ថាប័ន​សិទ្ធិមនុស្ស​ជាច្រើន​អះអាងថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ប្រើប្រាស់​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ដើម្បី​បោសសម្អាត​ប្រជាជន​រ៉ូ​ហ៊ី​យ៉ា​ដែលជា​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម​នោះ​តែម្តង​។

​សហគមន៍​អន្តរជាតិ​បាន​បន្ត​តាមដាន ហើយ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​លើក​ទី ៧២ ប្រទេស​ជាច្រើន​បាន​ថ្កោលទោស​អំពើហិង្សា​ដែល​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា​។ ចំណែក​ខ្លះទៀត​បាន​ថ្កោលទោស​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​មិនសូវមាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​វិបត្តិ​មនុស្សជាតិ​នេះ​ផងដែរ​។ ចំណែក អាស៊ាន​ដែលជា​អង្គការ​តំបន់​នោះ​នៅ​ថ្ងៃអាទិត្យ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បន្ទាប់ពី​មាន​កិច្ចប្រជុំ​បិទទ្វារ​មួយ​រវាង​បណ្តា​រដ្ឋមន្ត្រីការបរទេស​ខ្លួន​នៅ​ដាច់ដោយឡែក​ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

១.​សេចក្តីថ្លែងការណ៍​ប្រធាន​អាស៊ាន​គ្មាន​ពាក្យ​«​រ៉ូ​ហ៊ី​យ៉ា​»​ដែលជា​ជនរងគ្រោះ​

​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia សេចក្តីថ្លែងការណ៍​ប្រធាន​អាស៊ាន​មាន​បង្ហាញ​ពី​ក្តីបារម្ភ​របស់​អាស៊ាន​ចំពោះ​ស្ថានការណ៍​ដែល​កំពុង​កើតឡើង​នៅ​រដ្ឋ Rakhine មី​យ៉ាន់​ម៉ា ហើយ​សេចក្តីថ្លែងការណ៍​ដដែល​នេះ​ក៏បាន​ថ្កោលទោស​កម្លាំង​ឧទ្ទាម «​ទាហាន​រំដោះ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Arakan» ដែល​បើក​ការវាយប្រហារ​លើ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ ២៥ ខែសីហា​ផងដែរ​។​

​បន្ថែម​ពីនេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានចាត់ទុក​ស្ថានការណ៍​ដែល​កើតឡើង​នៅ​រដ្ឋ Rakhine ជា​ជម្លោះ​ដ៏​ស្មុគស្មាញ​ដែលមាន​ដើមហេតុ​ចេញពី​ប្រវត្តិសាស្ត្រ​យូរអង្វែង​មកហើយ​។ អង្គការ​តំបន់​នេះ​បាន​បន្ត​ទទូច​ឲ្យ​រាល់​ភាគី​ពាក់ព័ន្ធ​ចៀសវាង​ឲ្យ​បានការ​ប្រើប្រាស់​សកម្មភាព​ទាំងឡាយណា​ដែល​បង្ក​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ថែមទៀត​នោះ​។

​ដំណោះស្រាយ​រយៈពេល​វែង​ដើម្បី​បញ្ចប់​ជម្លោះ និង​ស្តារ​សន្តិភាព និង​ស្ថិរភាព​ឡើងវិញ​។
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ អាស៊ាន​បាន​ស្វាគមន៍​ការប្តេជ្ញាចិត្ត​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ការធានា​សុវត្ថិភាព​ជន​ស៊ីវិល និង​ចាត់វិធានការ​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​បញ្ចប់​ហិង្សា​នៅក្នុង​រដ្ឋ Rakhine​។ ក្រៅពីនេះ​មី​យ៉ាន់​ម៉ា​ក៏​ត្រៀម​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន និង​ស្តារឡើងវិញ​ស្តា​នភា​ព​សង្គម និង​សេដ្ឋកិច្ច​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​អាច​ត្រឡប់មក​រស់នៅក្នុង​សហគមន៍​របស់ខ្លួន​បាន​ឡើងវិញ​ដែរ​។​

​យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​នេះ​មិនមាន​និយាយ​ពី​ឈ្មោះ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ដែលជា​ជនរងគ្រោះ​ពិតប្រាកដ​ក្នុង​វិបត្តិ​មនុស្សជាតិ​នេះ​ទេ​។ អ្នកណា​ក៏​ដឹងថា សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត និង​គោរព​តាម​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ដែល​មិន​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​ខ្នើសចិត្ត ឬ​ខឹងសម្បារ​ឡើយ​។ ប៉ុន្តែ​ម៉ាឡេស៊ី​បាន​បញ្ចេញយោបល់​ជាថ្មី ថា​ខ្លួន​មិន​ឯកភាព និង​ដកខ្លួន​ចេញពី​ជំហរ​នៃ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​នេះ​។​

២.​ម៉ាឡេស៊ី​៖ ការលើកឡើង​របស់​អា​ស៊ាន​ប្រាក​ចាក​ពី​ភាព​ពិត​ជាក់ស្តែង​នៅ​រដ្ឋ Rakhine

​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Anifah Aman បាន​អះអាងថា​ការបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន​មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​នោ​ក្នុង​រដ្ឋ Rakhine ឡើយ​ព្រោះ​សូម្បីតែ​ឈ្មោះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែលជា​ជនរងគ្រោះ​ពិតប្រាកដ​នោះ​មិនមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែរ​។ ក្រៅពី​បង្ហាញ​ជំហរ​ថ្កោលទោស​ការវាយប្រហារ​លើ​សន្តិសុខ​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី​បានចាត់ទុក​ប្រតិបត្តិការ​បោសសម្អាត​នៅ​រដ្ឋ Rakhine ជា​រឿង​មិន​សមស្រប​ឡើយ ហើយ​វា​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​រាប់រយ​នាក់​ស្លាប់​និង​ច្រើនជាង​បួន​សែន​នាក់​ផ្សេងទៀត​រត់​ភៀសខ្លួន​។​

​ប្រមុខ​ការទូត​ម៉ាឡេស៊ី​បានបញ្ជាក់​ដូច្នេះ​៖« យើង​បារម្ភ​ខ្លាំង​ចំពោះ​ការសម្លាប់​រង្គាល​ដែល​ធ្វើ​ឲ្យ​វិបត្តិ​មនុស្សជាតិ​កើតឡើង​កាន់តែ​ធំ ហើយ​វា​ជា​រឿង​ដែល​សហគមន៍​អន្តរជាតិ​មិនអាច​ព្រងើយកន្តើយ​បានឡើយ​និង​ត្រូវ​ដោះស្រាយ​ឲ្យ​ខាងតែបាន​»​។

​តំណាង​ម៉ាឡេស៊ី​រូបនេះ​បាន​ទទូច​ជាថ្មី​ទៅកាន់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ឲ្យ​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង​ដើម្បី​បញ្ចប់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ  ជាពិសេស​អនុញ្ញាត​ឲ្យ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​អាច​រស់រានមានជីវិត​បាន​ដោយ​សុខសាន្ត​ផងដែរ​។

«​ដំណោះស្រាយ​យូរអង្វែង និង​មាន​ប្រសិទ្ធភាព​ដែល​អាច​ដោះស្រាយ​ដើមហេតុ​នៃ​ជម្លោះ​ត្រូវតែ​ដាក់ចេញ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ដែលជា​ជនរងគ្រោះ​នោះ​អាច​កសាង​ជីវិត​របស់ខ្លួន​បាន​។ យើង​ក៏​សំណូមពរ​ឲ្យ​មី​យ៉ាន់​ម៉ា​អនុវត្ត​អនុសាសន៍​ដែលមាន​ចែង​ក្នុង​របាយការណ៍​គណៈកម្មការ​ប្រឹក្សា​យោបល់​លើ​បញ្ហា​រដ្ឋ Rakhine ឲ្យ​បាន​ពេញលេញ​និង​ឆាប់រហ័ស​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក Anifah Aman​។


Tag:
 ម៉ាឡេស៊ី​
  UNGA
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  Rakhine
© រក្សាសិទ្ធិដោយ thmeythmey.com