ជាតិ
បក្ស​សំបុក​ឃ្មុំ និង​បក្ស​ខ្មែរ​រួបរួម​ជាតិ ប្តូរ​ប្រធាន​ថ្មី
26, Sep 2017 , 9:20 am        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានធ្វើ​សមាជ​វិសាមញ្ញ ចំ​ថ្ងៃ​ជាមួយគ្នា ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី​។ សម្រាប់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ជា​ធិបតេយ្យ លោកស្រី ហួន ផាន់​ណា​រី បាន​ក្លាយជា​ប្រធាន ចំណែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក សឹង្ហ គី​រី បាន​ក្លាយជា​ប្រធាន​។



​លោកស្រី ហួន ផាន់​ណា​រី គឺជា​ប្រធាន​ថ្មី​នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ជំនួស​លោក ម៉ម សូណង់ដូ​។ លោកស្រី ទទួល​តំណែង​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត​របស់​អង្គសមាជ​វិសាមញ្ញ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២0១៧​។ 

​លោក​សី ហួន ផាន់​ណា​រី គឺជា​ជំនួយការ​របស់លោក ម៉ម សូ​ណង់ កាលពី​មិនទាន់​បង្កើត​គណបក្ស​។ ក្រោយ​លោក ម៉ម សូណង់ដូ បង្កើត​គណបក្ស និង​ដឹកនាំ​អស់​មួយរយៈ​មក លោកស្រី ក៏​ឡើងកាន់តំណែង​ជា​អនុប្រធាន​។

​លោក ម៉ម សូណង់ដូ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស កាល​ដើមខែ​សីហា ឆ្នាំ​២0១៧​។ ការមិនទទួលបាន​ល​ទ្ធ​ផល​បោះឆ្នោត​តាម​ការរំពឹងទុក គឺជា​ហេតុផល ដែល​លោក ម៉ម សូណង់ដូ សម្រេចចិត្ត​លាលែង​ពី​តំណែង​។ 

​រីឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​បង្កើតឡើង ហើយ​ធ្លាប់​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក ញឹក ប៊ុនឆៃ ក៏បាន​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ដែរ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២0១៧​។ អ្នក​ដែល​ត្រូវ​អង្គសមាជ បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស គឺ​លោក សឹង្ហ គិរី​។

​លោក សឹង្ហ គី​រិ ដែលជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​មនុស្ស​ម្នាក់ ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ​។ ក្រោយ​អវត្តមាន​របស់លោក ញឹក ប៊ុនឆៃ តំណែង​ជា​ប្រធានស្តីទី បាន​ធ្លាក់​ទៅលើ​លោក សឹង្ហ គិរី ដើម្បី​ដឹកនាំ​គណបក្ស​។ លោក ក៏​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​ក្នុង​ជូរ​រដ្ឋាភិបាល​ផងដែរ ដែលមាន​តំណែង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ធនធានទឹក​។

​ការជ្រើសរើស​ប្រធាន​ថ្មី​នេះ គឺធ្វើឡើង​បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ ជាប់ពន្ធនាគារ​។ លោក ញឹក ប៊ុនឆៃ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​យកទៅ​ឃុំ​បណ្តោះអាសន្ន កាលពីដើម​ខែសីហា ឆ្នាំ​២0១៧ ដោយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​។


                      លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ

​ក្រៅពី​គណបក្ស​ទាំងពីរ​ខាងលើ គណបក្ស​អំណាច​ខ្មែរ ក៏បាន​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី​ដែរ​។ លោក សួង សុ​ភ័​ណ្ឌ អតីត​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​អំណាច​ខ្មែរ ហើយ​ក្រោយមក បាន​ក្លាយជា​ប្រធាន​តាមរយៈ​អង្គសមាជ​វិសាមញ្ញ ជំនួស​លោក សួន សេរី​រដ្ឋា​។ លោក សួន សេរី​រដ្ឋា   ដែលជា​អតីត​ប្រធាន​និង​ជា​ស្ថាបនិក​នៃ​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​តុលាការ​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ពីបទ​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បទបញ្ជា​៕


Tag:
 ​បក្ស​សំបុក​ឃ្មុំ​
  បក្ស​ខ្មែរ​រួបរួម​ជាតិ​
  ប្រធាន​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com