ជាតិ
សុខភាព
ក្រសួងសុខាភិបាល ប្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់ ដោយសារ​បរិភោគ​សាច់ជ្រូក​ព្រៃ
26, Sep 2017 , 1:01 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខភិបាល
​ភ្នំពេញ​៖ យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ធំ ចំនួន​៨​នាក់ បាន​ស្លាប់​ដោយសារ​ការបរិភោគ​សាច់ជ្រូក​ព្រៃ​។ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​នេះ ដោយសារតែ​ពួកគេ​បរិភោគ​សាច់​ចម្អិន​មិនបាន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ដែលជា​មេរោគ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។


 
​ជំងឺ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ឬ​ហៅថា ទ្រី​ស៊ី​ណែ​ឡូ​ស៊ី​ស គឺជា​ជំងឺ​មួយ​ដែល​ចម្លង​មក​មនុស្ស តាមរយៈ​ការបរិភោគ​សាច់​ឆៅ ឬ បរិភោគ​សាច់​ចម្អិន​មិនបាន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ផ្ទុក​ដង្កូវ​ព្រូន​ប្រភេទ​នេះ​។ នេះ​ជាការ​ពន្យល់​របស់​ក្រសួងសុខាភិបាល ដែល​បាន​បន្ថែមថា រោគសញ្ញា​ដំបូង​នៃ​ការពុល ដោយសារ​បរិភោគ​សាច់សត្វ​ព្រៃ ដែល​ផ្ទុក​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា រួមមាន ការ​ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និង​គ្រុនក្តៅ ហើយ​ករណី​ឈឺពោះ​អាច​កើតមានឡើង​ក្នុងអំឡុងពេល ១​ថ្ងៃ ទៅ​២​ថ្ងៃ បន្ទាប់ពី​ឆ្លង​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ចូលក្នុង​ខ្លួន​មនុស្ស​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៦ កញ្ញា​នេះ បាន​ពន្យល់​ដូច្នេះ​ថា​៖«​បន្ទាប់ពី​រោគសញ្ញា​ដំបូង​មក មាន​អាកា​រៈ​ដូចជា​ឈឺក្បាល គ្រុនក្តៅ ក្អក ហើម​មុខ​និង​ត្របកភ្នែក (​អាចមាន​ហើម​ដៃ ហើមជើង​) ឈឺសន្លាក់ និង​ឈឺ​សាច់ដុំ រមាស់​ស្បែក រាក ឬ​ទល់លាមក​។ រោគសញ្ញា​ផ្សេងទៀត​ជាធម្មតា​ចាប់ពី​២​ទៅ​៨​សប្ដាហ៍ បន្ទាប់ពី​បរិភោគ​សាច់​ដែលមាន​ដង្កូវ​ព្រូន​នេះ​។ ហើយ​រោគសញ្ញា​ធ្ងន់ធ្ងរ មានដូចជា​ពិបាកធ្វើ​ចលនា និង​បង្កបញ្ហា​ដល់​បេះដូង និង​ដង្ហើម ដែល​បណ្ដាលមកពី​ការ​រាតត្បាត​នៃ​ដង្កូវ​ព្រូន​នេះ នៅក្នុង​សរីរាង្គ​របស់​មនុស្ស (​ដូចជា​សួត បេះដូង ថ្លើម និង​ខួរក្បាល​ជាដើម​) អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​»​។​
 
​ត្រង់ចំណុច​នេះ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ច្រក​តោ​ល ឃុំ​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ មាន​រោគសញ្ញា​ខាងលើនេះ ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទី​ពេទ្យ ដើម្បី​ទទួល​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា ចៀសវាង​ទុក​យូរ​ដែល​ធ្វើ​ឲ្យ​ដង្កូវ​ព្រូន​វាយលុក​ចូល​ប្រព័ន្ធ​សេរី​រា​ង្គ​ច្រើន​កន្លែង ដែល​នាំ​ឲ្យ​បាត់​បង់ជីវិត​។ បន្ថែម​ពីនេះ​ក្រសួងសុខាភិបាល ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​លើ​ការបរិភោគ​ចំណីអាហារ ដែល​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ផងដែរ​។​
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើង​ដូច្នេះ​ថា​៖«​សូម​ប្រជាពលរដ្ឋ​បញ្ឈប់​ការបរិភោគ​សាច់​ឆៅ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ ដោយ​គ្រប់ៗ​គ្នា​ត្រូវ​ចម្អិន​សាច់​ឲ្យ​បាន​ឆ្អិន​ល្អ និង​មាន​អនាម័យ​ម្អូ​ប​អាហារ​ត្រឹមត្រូវ ដើម្បី​ការពារ​ពី​ជំងឺ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា និង​ជំងឺ​ផ្សេងៗ ហើយ​រួមគ្នា​ប្រុងប្រយ័ត្ន​នូវ​ការប្រុងប្រយ័ត្ន​ដ៏​សាមញ្ញ​មួយចំនួន នៅពេលដែល​កាន់​និង​រៀបចំ​ម្ហូបអាហារ ដែល​អាច​ការពារ​អ្នក​គ្រប់គ្នា​និង​ក្រុមគ្រួសារ​អាការ​ឈឺ​»​។​
 
​ករណី​នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ត្រង់ចំណុច​តំបន់​ព្រៃ​ឡង់ បាន​ជួប​អាការ​ជំងឺ​ដូច​ការរៀបរាប់​របស់​ក្រសួង​សុខ​ភិ​បាល​ខាងលើ ចាប់ពី​តាំងពី​ថ្ងៃទី​១ សីហា ឆ្នាំ​២០១៧ រហូតមក​ដល់ពេល​ថ្ងៃទី​២៦ កញ្ញា ដែល​កើតឡើង​ចំនួន​៣៣​ករណី ក្នុងនោះ​មនុស្ស​ចំនួន​៨​នាក់​បាន​ស្លាប់​។ ក្នុងចំណោម​អ្នក​ជំ​ងឹ​១៣​នាក់ ដែល​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ មន្ទី​ពេទ្យ​កាល់​ម៉ែត្រ និង​មន្ទី​ពេទ្យ​ព្រះ​កេតុមាលា ត្រូវបាន​ក្រុមការងារ​និង​ក្រុមគ្រូពេទ្យ បាន​យក​សំណាក​កោសិកា​សាច់ដុំ​ដើមដៃ​អ្នកជំងឺ​៣​នាក់ និង​ឈាម​អ្នកជំងឺ​៩​នាក់​ទៅ​វិភាគ រកឃើញថា អ្នកជំងឺ​៣​នាក់ មាន​ផ្ទុក​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា នៅក្នុង​សាច់ដុំ​ផងដែរ​។​
 
 

Tag:
 សុខាភិបាល​
 ​ជ្រូកព្រៃ​
 ​កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com