កីឡាជាតិ
ជាតិ
ជើងឯកសិស្សមធ្យមសិក្សា ជាថ្នាលបណ្តុះធនធានដ៏សំខាន់ដើម្បីត្រៀមប្រកួតអន្តរជាតិ លោក អ៊ុក សិទ្ធិជាតិ ពេលចូលរួមសន្និសីទសារព័ត៌មានការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស
× អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក អ៊ុក សិទ្ធិជាតិ បានចាត់ទុកការប្រកួតជើងឯកសិស្សមធ្យមសិក្សាទូទាំងប្រទេស ជាថ្នាលបណ្តុះធនធានកីឡាករដ៏សំខាន់ ដើម្បីឈានទៅប្រកួតថ្នាក់តំបន់ និងពិភពលោក។ ការលើកឡើងបែបនេះ ដោយសារអត្តពលិកជាសិស្សដែលចូលរួមប្រកួត សុទ្ធសឹងជាជើងខ្លាំងប្រចាំខេត្ត។ ការប្រកួតនេះ រៀបចំចាប់ពីថ្ងៃទី២៦ កញ្ញា ដល់ថ្ងៃទី៥ តុលា នៅទីរួមខេត្តកំពង់ចាម ដោយមានអត្តពលិកជាង២ពាន់នាក់ចូលរួម។
អត្តពលិកជាសិស្សដែលកំពុងរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ មកពី២៥រាជាធានី-ខេត្ត ប្រមាណជាង២ពាន់នាក់ ត្រូវប្រជែងគ្នាលើ៦ប្រភេទកីឡា រួមមានបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម និងវាយកូនឃ្លីលើតុ ដើម្បីដណ្តើមជើងឯក ប្រចាំព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស។ ការប្រកួតនេះ រៀបចំនៅទីរួមខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៦ ខែកញ្ញានេះ រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ថាបានចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡា និងសង្គមកម្ពុជា។ លោកបានបញ្ជាក់ថា ការប្រកួតនេះ មិនត្រឹមតែជួយឲ្យអត្តពលិកមានសុខភាពល្អ និងប្រាជ្ញាវាងវៃនោះទេ ថែមទាំងបានជួយ បណ្តុះធនធានកីឡាករ ឲ្យឈានទៅរកកម្រិតអាជីព ដើម្បីតំណាងឲ្យប្រទេសជាតិ ចូលរួមប្រកួតអន្តរជាតិទៀតផង។
«ដើម្បីរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស យើងត្រូវមានការប្រកួតជើងឯកថ្នាក់ខេត្តជាមុនសិន ដើម្បីចម្រាញ់យកជើងខ្លាំង មកចូលរួម។ ហើយកីឡាករដែលមានទេពកោសល្យ អាចមានឱកាសក្លាយជាយុវជនថ្នាល ប្រចាំសហព័ន្ធនៃប្រភេទកីឡានីមួយៗ ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមចេញទៅប្រកួតកម្រិតតំបន់ និងពិភពលោក»។ នេះជាការលើកឡើងរបស់ លោក អ៊ុក សិទ្ធិជាតិ។
លោកបានបន្ថែមថា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជាឲ្យកាន់តែទូលំទូលាយ ក្រសួងអប់រំ យុវជន និងកីឡាគ្រោងរៀបចំឲ្យមានការប្រកួតកីឡាផ្សេងៗទៀត ក្រៅពីកីឡាទាំង៦ប្រភេទខាងលើផងដែរ។ លោកបានអះអាងថា ក្រសួងបាននិងកំពុងធ្វើកំណែទម្រង់ឲ្យមានទីលានហ្វឹកហាត់កីឡាផ្សេងៗ នៅតាមសាលាទូទាំង២៥រាជធានី-ខេត្ត ព្រោះមានសាលាមួយចំនួន នៅមានការខ្វះខាតទាំងធនធាន និងទីលាន ដែលផ្គត់ផ្គង់ឲ្យការហ្វឹកហាត់ និងប្រកួត។
បើយោងតាមលោក អ៊ុក សិទ្ធិជាតិ អត្តពលិកចូលរួមប្រកួតឆ្នាំនេះ មានចំនួន២,៥៦៥នាក់ (ស្រី១,០៦០នាក់) ដោយអត្តពលិកទាំងនេះ មកពីសាលាទូទាំង២៥រាជធានី-ខេត្ត។ អត្តពលិកទាំងនេះ ត្រូវប្រកួតប្រជែងលើ២៩វិញ្ញាសា និង៦ប្រភេទកីឡា រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម និងវាយកូនឃ្លីលើតុ៕
Tag:
ជើងឯកសិស្សមធ្យមសិក្សា
អ៊ុក សិទ្ធិជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com