ជាតិ
សវនាការ​លើ​រឿងក្តី​ឯ​.​ឧ កឹម សុខា ប្រព្រឹត្ត​ទៅដោយ​មានតែ​ក្រុមប្រឹក្សា​នៃ​អង្គជំនុំជម្រះ​
26, Sep 2017 , 3:02 pm        
រូបភាព
​ភ្នំពេញ​៖ សវនាការ​នៃ​សាលាឧទ្ធរណ៍ ដែល​ដំណើការ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ក​ញ្ញ ឆ្នាំ​២0១៧​នេះ មិនមាន​វត្តមាន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ជន​ត្រូវ​ចោទ​នោះ​។ អវត្តមាន​របស់​ឯក​ឧ​ត្ត​ម កឹម សុខា បណ្តាល​ឲ្យ​ក្រុម​មេធាវី សម្រេចចិត្ត​ដើរចេញ​ពី​បន្ទប់​សវនាការ​។ ចំណែកឯ ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង ក៏​មិន​ចូលរួម​ស្តាប់​សវនាការ​ដែរ​។



«​ដោះលែង​លោក ប្រធាន កឹម សុខា​»​។ នេះ​ជាការ​ទាមទារ​របស់​ស​កម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​៣០០​នាក់ នៅ​ខាងក្រៅ​បរិវេណ​នៃ​សាលាឧទ្ធរណ៍ ខណៈ​សវនាការ​កំពុង​ដំណើរការ​។ ពាក្យ​ទាមទារ​នេះ ត្រូ​វបាន​សរសេរ​នៅលើ​បដា រីឯ​អ្នកខ្លះ​ទៀត​បាន​កាន់​រូប​ថត​របស់​ឯកឧត្តម កឹម សុខា ដោយមាន​ពាក្យ​ទាមទារ​ឲ្យ​ដោះលែង​នេះ ដូចគ្នា​។ ប៉ុន្តែ អ្នកគាំទ្រ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​បានអនុញ្ញាត ឲ្យ​ចូលក្នុង​បរិវេណ​នៃ​សាលាឧទ្ធរណ៍​ដាច់ខាត​។





​ការធ្វើដំណើរ​តាមផ្លូវ ដើម្បី​ឆ្លងកាត់​សាលាឧទ្ធរណ៍ ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង ពី​សំណាក់​កម្លាំង​សមត្ថកិច្ច មុននឹង​ទទួលបាន​ការអនុញ្ញាត​។ កម្លាំង​សមត្ថកិច្ច​មិនតិចជាង​១00​នាក់ ដែល​ភាគច្រើន មាន​មាឌធំៗ បានបង្ហាញ​ឥរិយាបថ និង​ទឹក​មុខមាំ ក្នុងការ​ការពារ​សន្តិ​សុខ​។ សូម្បីតែ​អ្នកកាសែត ក៏​មិនត្រូវ​បានអនុញ្ញាត ឲ្យ​ចូលក្នុង​បរិវេណ​នៃ​សាលាឧទ្ធរណ៍​ដែរ​។​

«​តើ​មាន​លិខិតអញ្ជើញ​អត់​?»​។ សមត្ថកិច្ច​ម្នាក់ បាន​សួរ​បែបនេះ ទៅកាន់​អ្នកកាសែត នៅពេល​អ្នកកាសែត​ស្នើសុំ ឆ្លងកាត់​របាំង​ការពារ ដើម្បី​ដើរទៅ​មុខ​សាលាឧទ្ធរណ៍​។ បន្ទាប់មក សមត្ថកិច្ច​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បើ​អត់ មិនអាច​ចូល​បានទេ​។ ទាល់​តែមាន​លិខិតអញ្ជើញ​ទើប​អាច​ចូល​បាន​»​។





​ក្រៅពី​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គេ​ក៏​សង្កេតឃើញ​មន្ត្រី​នៃ​អង្គការ​ជាតិ​និង​អន្តរជាតិ​មួយចំនួន ដូចជា​មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ជាដើម បាន​ចូលរួម​តាមដាន​សវនាការ លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ដែរ​។​






​ដោយឡែក ក្រុមតំណាងរាស្ត្រ និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​លោកស្រី មូរ សុខ​ហួរ លោក សុន ឆ័យ លោក ម៉ៅ មុន្នី​វណ្ណ និង​លោក រៀល ខេមរិន្ទ ជាដើម ក៏បាន​នាំគ្នា ទៅកាន់​សាលាឧទ្ធរណ៍​ដែរ​។ លោក សុន ឆ័យ បាន​ចំណាយពេល​ជិត​មួយ​ម៉ោង នៅក្រោម​កម្តៅថ្ងៃ ដើម្បី​ផ្តល់​បទ​សម្ភាស​ដល់​ក្រុមអ្នកកាសែត មុនពេល​ក្រុម​មេធាវី ដើរ​ចេញពី​សាលាឧទ្ធរណ៍​។

លោក សុន ឆ័យ និយាយ​ទុកជាមុន​រួចហើយ​ថា ប្រសិនបើ មិនមាន​វត្តមាន​រប​ស់​ឯកឧត្តម កឹម សុខា មេធាវី មិនអាច​បន្ត​នៅ​ការពារ​ក្តី​នោះទេ ហើយ​ក្រុមតំណាងរាស្ត្រ ក៏​មិន​ចូលរួម​ស្តាប់​សវនាការ​ដែរ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ប្រាប់​អ្នកកាសែត​ថា សវនាការ មិនអាច​ដំណើរការ​ទៅ ដោយ​គ្មាន​ឯកឧត្តម កឹម សុខា នោះទេ​។ លោក សង្កត់ធ្ងន់ថា សវនាការ នឹងមិន​ស្របតាម​នីតិវិធី​ឡើយ ប្រសិនបើ​ឯកឧត្តម កឹម សុខា មិនបាន​ចូលរួម​។
     
​ក្រៅពី​និយាយ​រឿង​សវនាការ លោក សុន ឆ័យ ក៏​មិន​ភ្លេច​លើកឡើង​ពី​ការទាមទារ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា ដែរ​។ សម្រាប់​លោក ឯកឧត្តម កឹម សុខា នៅតែ​ជា​បុគ្គល ដែល​គ្មាន​ទោសកំហុស​។

​លោក សុន ឆ័យ អះអាងថា ការឃុំខ្លួន​ឯកឧត្តម កឹម សុខា នាំ​ឲ្យ​លោក រួមទាំង​ក្រុមតំណាងរាស្ត្រ​ផ្សេងទៀត ខាត​ពេលវេលា​ជាច្រើន ក្នុង​ការធ្វើ​កិច្ចការ​សម្រាប់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។ លោក​រៀបរាប់​បែបនេះ​ថា​៖«​បើ​គ្មាន​រឿង​ហ្នឹង យើង​ក៏​មិន​មកឈរ​ហាល​ក្តៅ​ដែរ​។ បើ​គ្មាន រឿង​ហ្នឹង ពេលនេះ ប្រហែលជា​យើង ត្រូវ​អង្គុយ​សរសេរ​លិខិត​រដ្ឋបាល​ផ្សេងៗ និង​រៀបចំ​គោលនយោបាយ សម្រាប់​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​»​។​


លោក សុន ឆ័យ និងលោកស្រី មូរ សុខហួរ

​ក្រោយមក​បន្តិច បន្ទាប់ពី​លោក សុន ឆ័យ បញ្ចប់​បទ​សម្ភាស​ជាមួយ​អ្នកកាសែត ភាព​ឈូឆរ បាន​កើតឡើង​ភ្លាមៗ នៅ​ខាងក្រៅ​បរិវេណ​នៃ​សាលាឧទ្ធរណ៍​។ នោះ​គឺ​ក្រុមអ្នកកាសែត​ជាតិ​និង​អន្តរជាតិ​ជាច្រើន បាន​រត់​ឆ្ពោះទៅកាន់​សហ​មេធាវី​ទាំង​ប្រាំបី​រូប របស់​ឯកឧត្តម កឹម សុខា ដើម្បី​សួរ​ពួកគាត់ ក្រោយ​ចាក​ចេញពី​បន្ទប់​សវនាការ ហើយ​ដើរមក​ខាងក្រៅ​នៃ​សាលាឧទ្ធរណ៍​។​

​ចម្លើយ​ដំបូង​ទៅកាន់​ក្រុមអ្នកកាសែត គឺ​សហ​មេធាវី សម្រេចចិត្ត​ធ្វើពហិកា​មិន​ចូលរួម​សវនាការ​នៃ​សាលាឧទ្ធរណ៍ ជាមួយនឹង​ក្រុមប្រឹក្សា​នៃ​អង្គជំនុំជម្រះ​ឡើយ​។ មូលហេតុ ដែល​ក្រុម​មេធាវី បោះបង់​សវនាការ​នោះ គឺ​ដោយសារតែ​សវនាការ មិនមាន​វត្តមាន​ឯកឧត្តម កឹម សុខា ដែលជា​កូនក្តី​របស់​ពួកគាត់​។


                                               ក្រុមមេធាវី ដើរចេញពីសាលាឧទ្ធរណ៍

​សម្រាប់​សហ​មេធាវី សវនាការ ដែល​មិនមាន​វត្តមាន ឯកឧត្តម កឹម សុខា គឺ​មិនត្រូវ​តាម​នីតិវិធី​នោះទេ​។ សហ​មេធាវី បកស្រាយ​ថា តាម​គោលការណ៍​ព្រហ្មទណ្ឌ សវនាការ​ត្រូវធ្វើឡើង​ចំពោះមុខ​ជន​ត្រូវ​ចោទ​។

«​ពួក​ខ្ញុំ ជា​មេធាវី យល់ថា សវនាការ​នេះ មិនអាច​ទទួលយកបាន ព្រោះ​មិនមាន​វត្តមាន​ឯកឧត្តម កឹម សុខា​។ វា មិន​យុត្តិធម៌ សម្រាប់​កូនក្តី​របស់​ពួក​ខ្ញុំ​។ ដូច្នេះ​ពួក​ខ្ញុំ សុខចិត្ត​មិន​ចូលរួម​»​។ នេះ​ជា​ប្រសាសន៍​របស់លោក សំ សុ​គង់ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំបី​រូប ដែល​រួមគ្នា ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា​។


                                                     លោកមេធាវី សំ សុគង់

​ក្រៅពី​លោក សំ សុ​គង់ មេធាវី​ផ្សេងទៀត ដូចជា​លោក ជូ​ង ជូ​ងី លោក ហែម សុជាតិ និង​លោកស្រី ម៉េង សុភា​រី ជាដើម បាន​បែង​ចែកគ្នា ទៅ​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កាសែត​ជា​ក្រុមៗ និង​ពន្យល់​ដល់​សកម្មជន រួមទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ព្យាយាម​សួរ​អំពី​វ​សនា​ការ​នេះ​។

​​លោក​មេធាវី ជូ​ង ជូ​ងី ដែល​កំពុងផ្តល់​បទ​ស​ម្ភា​ស​ដល់​អ្នកកាសែត​មួយក្រុម​ទៀត បាន​សង្កត់ធ្ងន់ យ៉ាង​ដូច្នេះ​៖«​ជំនុំជម្រះ​រឿង​គាត់ [​ឯកឧត្តម កឹម សុខា​] តែ​បែរជា​គ្មាន​គាត់​។ អ៊ីចឹង តើ​ម្តេច​មាន​យុត្តិធម៌ សម្រាប់​គាត់​?»​។​

«​តើ​ក្រុម​មេធាវី នឹងធ្វើ​អ្វី​បន្តទៀត​? មើលទៅ តើ​អាចនឹងប្តឹង​ទៅ​តុលាការ​កំពូល​ទេ​?»​។ នេះ​ជា​សំណួរ​របស់​អ្នកកាសែត​មា្ន​ក់ ដែល​សួរ​ទៅកាន់​មេធាវី ជូ​ង ជូ​ងី​។ ចំពោះ​សំនួរ​នេះ លោក​មេធាវី ដែល​ចោមរោម​ដោយ​អ្នកកាសែត​និង​ប្រជាពលរដ្ឋ បាន​ឆ្លើយ​យ៉ាងខ្លី​ថា​៖«​យើង មិនទាន់​ដឹង​ទេ​។ ចាំមើល លទ្ធផល​ដែល​សាលាឧទ្ធរណ៍ សម្រេច​សិន​។ ពេល​សាលាឧទ្ធរណ៍ សម្រេច​រួចហើយ យើង នឹង​ទៅ​ពិភាក្សា​ជាមួយ​ឯកឧត្តម កឹម សុខា ថា​ត្រូវធ្វើ​យ៉ាងម៉េច​»​។​


                                                       លោកមេធាវី ជូង ជូងី

​ការបារម្ភ​ពី​សន្តិសុខ និង​សុវត្ថិភាព​នៅតាម​ផ្លូវ គឺជា​ហេតុផល​របស់​សាលាឧទ្ធរណ៍ ដែល​សម្រេច​មិន​ឲ្យ​ដឹក​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ ក្នុង​ខេត្ត​ត្បូងឃ្មុំ មកកាន់​សវនាការ​នៃ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ​។ ហេតុផល​របស់​សាលាឧទ្ធរណ៍​ខាងលើនេះ គឺ​លោក​មេធាវី ហែម សុជាតិ ជា​អ្នក​យកមក​ប្រាប់​ក្រុមអ្នកកាសែត​។

បើតាម​លោក​មេធាវី ហែម សុជាតិ ដដែល ហេតុផល​មួយទៀត របស់​សាលាឧទ្ធរណ៍ គឺ​ថា​សវនាការ​នេះ អាច​ដំណើរ​ទៅបាន ទោះ​គ្មាន​ឯកឧត្តម កឹម សុខា ព្រោះ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើបសួរ​ប៉ុណ្ណោះ ពោលគឺ មិនមែនជា​សវនាការ ដើម្បី​ជំនុំជម្រះ​លើ​អង្គសេចក្តី​នោះទេ​។​


                                                 លោកមេធាវី ហែម សុជាតិ

​ការសម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​មិន​នាំខ្លួន​ឯកឧត្តម កឹម សុខា មកកាន់​សាលាឧទ្ធរណ៍ គឺ​ស្របតាម​សំណើ​របស់​អគ្គនាយក​ពន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ​។ មុននឹង​បើកសវនាការ​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា លោក ចាន់ គីម​សេង អគ្គនាយក​ពន្ធនាគារ បានដាក់​សំណើរ​មួយ ទៅជូន​អគ្គព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍​។ ក្នុង​សំណើ​នោះ អគ្គនាយក​ពន្ធនាគារ បាន​សម្តែង​ការបារម្ភ​ពី​សន្តិសុខ​និង​សុវត្ថិភាព​របស់​ឯកឧត្តម កឹម សុខា នៅតាម​ផ្លូវ ពេល​ដឹក​មកកាន់​សាលាឧទ្ធរណ៍​។ ហេតុដូច្នេះ​លោក​ក៏​សុំ​ឲ្យ​អគ្គព្រះរាជអាជ្ញា ពិចារណា​អំពី​រឿងនេះ​។

​ការបើក​សវនាការ​នៅថ្ងៃនេះ ធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី​។ ក្រុម​មេធាវី បានស្នើ​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ប្រឆាំងនឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​ឯកឧត្តម កឹម សុខា​។ សម្រាប់​ក្រុម​មេធាវី ការឃាត់ខ្លួន​ឯកឧត្តម កឹម សុខា ដែលជា​តំណាងរាស្ត្រ ទាំង​ពាក់​កណ្តាលអធ្រាត្រ ហើយ​យកទៅ​ឃុំ​ទាំង​មាន​អភ័យឯកសិទ្ធិសភា​បែបនេះ គឺ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​នោះទេ​។ 

​ទោះជា​ក្រុម​មេធាវី​យល់​យ៉ាងនេះ​ក្តី ប៉ុន្តែ​សមត្ថកិច្ច​និង​តុលាការ ចាត់ទុកថា ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដូច្នេះ​ការឃាត់​និង​ការឃុំខ្លួន មិនចាំបាច់​គិតពី​អភ័យឯកសិទ្ធិ​ឡើយ​។ ការចោទប្រកាន់​ឯកឧត្តម កឹម សុខា ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង គឺ តុលាការ បាន​ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​ផលិត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ CBN ហើយ​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​។ នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា បាន​និយាយថា ឯកឧត្តម មាន​អ្នកជំនាញ​ជា​ជនបរទេស នៅ​ពី​ក្រោយខ្នង ដើម្បី​ជួយ​ណែនាំ ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​។

​ក្រោយ​វីដេអូ​ឃ្លី​ប​នោះ បាន​បែកធ្លាយ សមត្ថកិច្ច​បាន​ទៅ​ចាប់​ឯកឧត្តម កឹម សុខា ដល់​គេហដ្ឋាន ទាំង​ពាក់​កណ្តាលអធ្រាត្រ ម៉ោង​ប្រហែល​១២ និង​៣0​នាទី ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ដោយ​រង​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​៕


Tag:
 ​កឹម សុខា​
  សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com