អន្តរជាតិ
ប៊ូ​រុន​ឌី​៖ ប្រទេស​ខ្លះ​នៅតែ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ទោះ​ក្នុង​ស​វត្សរ៍​ទី​២១​ក៏ដោយ​
26, Sep 2017 , 7:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសប៊ូរុនឌីលោក Alain Aimé Nyamitwe នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)
រដ្ឋមន្ត្រីការបរទេសប៊ូរុនឌីលោក Alain Aimé Nyamitwe នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)
ដោយ:
​ប្រមុខ​ការទូត​ប្រទេស​អាហ្វ្រិក ប៊ូ​រុន​ឌី បាន​យក​វេទិកា​កំពូល​អន្តរជាតិ ដែលជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​ក្រើនរម្លឹក​ដល់​មហាអំណាច​ពី​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋ​នីមួយៗ​។ ប៊ូ​រុន​ឌី ចង់ឃើញ​ប្រទេស​ទាំងអស់​អនុវត្ត​ភាព​ស្មើមុខ​គ្នា និង​ការមិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក ដូចដែល​បានកំណត់​នៅក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ។



​លោក Alain Amié Nyamitwe រដ្ឋមន្ត្រីការបរទេស​ប៊ូ​រុន​ឌី នៅ​ថ្ងៃ​២៣ កញ្ញា បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា​៖«​ប៊ូ​រុន​ឌី ជឿជាក់ថា ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ​, ការគោរព​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់រ​ដ្ឋ បាន​បញ្ញត្តិ​យ៉ាងច្បាស់​រួចហើយ​នៅក្នុង​ប្រព័ន្ធ​អន្តរជាតិ ដែល​ស្របតាម​បទបញ្ញត្តិ​របស់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»​។

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែម​នៅ​ចំពោះមុខ​មេដឹកនាំ​កំពូល​ពិភពលោក ថា គោលការណ៍​ទាំងនេះ មិនមាន​ការចរចា​ឡើយ ពោលគឺ រដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ដោយ​គ្មាន​លក្ខខណ្ឌ ។

​ដោយ​មិនបាន​សង្កត់ធ្ងន់​ឈ្មោះ​ប្រទេស ឬ​មហាអំណាច​ណាមួយ​នោះ លោក​ប្រមុខ​ការទូត បាន​អះអាង​ពីសារ​ខ្លី​របស់ខ្លួន​ថា សេចក្តីថ្លែងការណ៍​រប​ស់ប៊ូ​រុន​ឌី មាន​គោលដៅ ចង់​ដាស់តឿន​រដ្ឋ​មួយចំនួន ដែល​នៅតែ​ជឿជាក់ថា ទោះជា​នៅក្នុង​ស​វត្សរ៍​ទី​២១​ហើយក៏​ដោយ  ពួកគេ នៅតែមាន​សិទ្ធិ​ក្នុងការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ​ជាពិសេស​ប្រទេស​កំពុងតែ​អភិវឌ្ឍ​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា មហាសន្និបាត​អង្គការសហប្រជាជាតិ កំពុងបើក​កិច្ចប្រជុំ​ពិភាក្សា​ទូទៅ​ប្រចាំឆ្នាំ​របស់ខ្លួន ដែល​បាន​ប្រព្រឹត្តឡើង​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៥ កញ្ញា ។ បណ្តា​រដ្ឋ​សមាជិក​នីមួយៗ មានឱកាស​ក្នុង​ការឡើង​ថ្លែង​ចំណាប់​អាមរ​ម្មណ៍ គោលជំហរ​រដ្ឋ និង​ក្តីបារម្ភ​រៀងៗ​ខ្លួន ៕

Tag:
 ប៊ូ​រុន​ឌី​
  មហាសន្និបាត​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com