អន្តរជាតិ
មី​យ៉ាន់​ម៉ា​៖ ជនភាគតិច​ហិណ្ឌូ​ក្លាយជា​ជនរងគ្រោះ​ថ្មី​នៃ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា
26, Sep 2017 , 8:19 pm        
រូបភាព
​យុទ្ធនាការ​បោសសម្អាត​របស់​កម្លាំង​យោធា​មី​យ៉ាន់​ម៉ា បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន និង​បង្ខំ​ឲ្យ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​រត់​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​។ លំហូរ​យ៉ាងគំហុក​នៃ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​បាន​បង្ក​ជា​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ ដល់​ថ្នាក់​អង្គការសហប្រជាជាតិ​ចាត់ទុក​ជាការ​បោសសម្អាត​ពូជ​សាន៍​ផងដែរ​។ មិន​ត្រឹមតែ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ឡើយ សូម្បីតែ​ក្រុម​ភាគ​ហិណ្ឌូ​នៅ​មី​យ៉ាន់​ម៉ា​ក៏​ក្លាយជា​ជនរងគ្រោះ​នៃ​វិបត្តិ​នេះដែរ​។



​យោធា​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​២៥ ខែកញ្ញា បានគាស់​រណ្ដៅ​កប់​សាកសព​រួម​របស់​អ្នកភូមិ​ជនជាតិ​ហិណ្ឌូ ដែលមាន​សាកសព​ចំនួន​១៧ ។ នេះ​ជា​រណ្ដៅ​សព​រួមមួយ​ទៀត​ដែល​ត្រូវបាន​រកឃើញ​នៅឯ​រដ្ឋ Rakhine ភាគ​ខាងជើង​មី​យ៉ាន់​ម៉ា ហើយ​ដែល​ធ្វើ​ឲ្យ​ចំនួន​សាកសព​ជនជាតិ​ហិ​ណ្ឌ​កើន​ដល់​៤៥​នាក់​ហើយ​។ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បានដាក់​ការសង្ស័យ​ករណី​សម្លាប់​មនុស្ស​នេះ​លើ​ក្រុម​ឧទ្ទាម​មូស្លីម​ជ្រុលនិយម​។​

​ការវាយប្រហារ​លើ​ទីតាំង​យោធា​ពី​សំណាក់​ក្រុម​ឧទ្ទាម ARSA ធ្វើ​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា​ចាត់វិធានការ​ឆ្លើយតប​វិញ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ធ្វើ​ឲ្យ​ជន​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​បួន​សែន​នាក់​រត់​ចាកចោល​ផ្ទះសម្បែង ឆ្ពោះទៅកាន់​ជំរំ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​។ សហគមន៍​អន្តរជាតិ​បានស្នើ​ឲ្យ​ក្រុង​ណៃ​ពិដោ​បញ្ឈប់​សកម្មភាព​ហិង្សា​របស់ខ្លួន​ជាបន្ទាន់ ព្រមទាំង​បាន​ហៅ​សកម្មភាព​របស់​យោធា​ជា​បោសសម្អាត​ក្រុម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​អស់ពី​មី​យ៉ាន់​ម៉ា​ទៀតផង​។

​យ៉ាងណាមិញ ម្ដង​ជា​ពីរដង រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ទាត់ចោល​ការចោទប្រកាន់​របស់​អន្តរជាតិ និង​បាន​ការពារ​ប្រតិបត្តិការ​របស់​យោធា​។ ក្រុង​ណៃ​ពិដោ អះអាងថា ប្រតិបត្តិការ​យោធា​នៅ Rakhine មាន​គោលដៅ​បោសសម្អាត​ក្រុម​ភេរវ​ករ​ដែល​អុកឡុក​ក្នុង​តំបន់​ប៉ុណ្ណោះ មិនមែន​ជាការ​បោសសម្អាត​ពូជសាសន៍​អ្វី​ឡើយ​។ តំណាង​មី​យ៉ាន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​ក៏​និយាយ​ដែរ​ថា រដ្ឋាភិបាល​ក៏​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​បញ្ចៀស​អំពើ​ប្រល័យពូជសាសន៍​ដែរ​។​

​ខណៈដែល​ក្រុម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​គឺជា​គោលដៅ​នៃ​យុទ្ធនាការ​របស់​យោធា​នោះ ជនភាគតិច​ហិ​ណ្ឌ​នៅ Rakhine ក៏​ក្លាយជា​ជនរងគ្រោះ​នៃ​វិបត្តិ​នេះដែរ​។ ពួកគេ​ខ្លះ​បានរ​ត់ទៅ​បង់​ក្លា​ដែ​ស​ដើម្បី​គេច​ពី​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​ក្រុម​យោធា ឬ​ក្រុម​ឧទ្ទាម​។ នៅ​ចុង​សប្ដាហ៍​មុន យោធា​មី​យ៉ាន់​ម៉ា​បាន​ស្វែងរក​ជនជាតិ​ហិណ្ឌូ​ដែល​បាត់​ខ្លួន​អំឡុងពេល​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម ASRA ហើយក៏​ប្រទះឃើញ​រណ្ដៅ​មាន​សាកសព​ចំនួន​២៨ នៅ​ថ្ងៃទី​២៤ ខែកញ្ញា​។​

​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជុំវិញ​ករណីនេះ​នៅឡើយ​ទេ ស្រប​ពេលដែល​យោធា​កំពុង​សហការ​ជាមួយ​មេដឹកនាំ​សហគមន៍​ហិណ្ឌូ​ដើម្បី​ស្វែងរក​ជនជាតិ​ហិ​ណ្ឌ​ដែល​បាត់​ខ្លួន​។ យ៉ាងណាមិញ អ្នកនាំពាក្យ​របស់​ក្រុម​ឧទ្ទាម ARSA បាន​បដិសេធ​ករណីនេះ និង​រិះគន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថា​កំពុង​បំបែកបំបាក់​សហគមន៍​ហិណ្ឌូ និង​សហគមន៍​មូស្លីម​។ អ្នកនាំពាក្យ​ដដែល​ប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុម​ខ្លួន​មិន​សម្លាប់​ជន​ស៊ីវិល​ទេ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  ហិណ្ឌូ​
© រក្សាសិទ្ធិដោយ thmeythmey.com