កីឡាជាតិ
ជាតិ
ជើងឯក​ពិភពលោក​៖ ក្នុងចំណោម​៧០​ប្រទេស ITF កម្ពុជា​ឈរ​ចំណាត់ថ្នាក់​ទី​១០
26, Sep 2017 , 8:39 pm        
រូបភាព
លោក កែវ រ៉េមី ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌​មាននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្រោយ​ត្រឡប់​ពី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​កូរ៉េខាងជើង​
លោក កែវ រ៉េមី ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌​មាននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្រោយ​ត្រឡប់​ពី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​កូរ៉េខាងជើង​
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤​ពី​ការប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​២០​នៅ​ទីក្រុង​ព្យុ​យ៉ាង​ប្រទេស​កូរ៉េខាងជើង​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​ទី​១០​ប្រចាំ​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក ដែលមាន​៧០​ប្រទេស​ចូលរួម​។ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បានចាត់ទុក​លទ្ធផល​នេះ​ថា ជា​សមិទ្ធផល​មួយ​ដ៏​ធំធេង និង​ជា​មោទកភាព​សម្រាប់​កម្ពុជា​។



​ទោះបី​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​មិនបាន​ឈ្នះ​មេដាយមាស ប៉ុន្តែ​ការទទួលបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤ ត្រូវបាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​នេះ​វាយតម្លៃថា ជា​មិទ្ធ​ផល​មួយ​ដ៏​កម្រ និង​ជា​កំណត់ត្រា​ដ៏​ល្អ​បំផុត​សម្រាប់​កីឡា​នេះ​។ ការចាត់ទុក​បែបនេះ ដោយសារ​ការចូលរួម​ប្រកួត​កន្លង ITF កម្ពុជា​មិន​ធ្លាប់​ទទួលបាន​ជោគជ័យ​បែបនេះ​ឡើយ ពោលគឺ​បានត្រឹមតែ​មេដាយ​សំ​រឺ​ទ្ធ​តែប៉ុណ្ណោះ​។​

​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក កែវ រ៉េមី បានចាត់ទុក​ការ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤​របស់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ថា ជា​មោទកភាព​ដ៏​ត្រចះត្រចង់​សម្រាប់​កម្ពុជា​ក៏ដូចជា​សហព័ន្ធ​ទាំងមូល ព្រោះ​ការប្រកួត​មាន​ភាព​តានតឹង​និង​ស្វិតស្វាញ​បំផុត​។ «​ទោះបី​យើង​មិនបាន​មេដាយមាស ប៉ុន្តែ​យើង​ពិត​ជាមាន​មោទកភាព​ខ្លាំងណាស់ ព្រោះ​មេដាយប្រាក់​១​និង​សំរឹទ្ធ​៤ បានធ្វើ​ឲ្យ​កម្ពុជា​យើង​ជាប់​ចំណាត់ថ្នាក់​លេខ​១០​ក្នុងចំណោម​៧០​ប្រទេស​ចូលរួម​។ អ្វីដែល​អស្ចារ្យ​ទៀត​នោះ គឺ​យើង​បាន​បង្ហោះ​ទង់ជាតិ​របស់​កម្ពុជា​រៀងរាល់​ក្រោយ​ការប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ រ៉េមី ប្រធាន​ប្រតិភូ​ដែល​បាន​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF ចូលរួម​ដោយផ្ទាល់​នៅ​ប្រទេស​កូរ៉េខាងជើង​។​


លោក ស៊ាន បូរ៉ា​ត ទទួល​ស្វាគមន៍​ម្ចាស់​ជ័យលាភី​ជើងឯក​ពិភពលោក​កីឡា​តេ​ក្វាន់​ដូ ITF នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ពិភព​លើក​ទី​២០​នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​ដែល​បានបញ្ចប់​កាលពីពេល​ថ្មីៗ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​១៥​នាក់​ឲ្យ​ចូលរួម​។ ជា​លទ្ធផល​កីឡាករ ប៉ាល់ ជីវ័ន ទទួលបាន​មេដាយប្រាក់​លើ​ការសម្តែង​មេគុន​កម្រិត​៤​ដាន់​។ បន្ទាប់មក ជីវ័ន រួមជាមួយ​មិត្ត​រួម​ក្រុម តាំង សៀ​សុង​, ជា ច័ន្ទ​ឡា​, ឃឿន ប៊ុន​លាង​, ឃឿន ប៊ុនឡុង និង សៀង អេង​ហ៊ុយ បាន​ប្រកួត​សម្តែង​បច្ចេកទេស​ពិសេស​ឈ្នះ​មេដាយ​សំរឹទ្ធ​១​។  ចំណែក​កីឡាការិនី ទូច ស្រី​និ​ច បានឈ្នះ​មេដាយ​សំរឹទ្ធ​២ លើ​ការប្រកួត​វាយ​បំបែក​ក្តារ​ឯកត្តជន និង​ប្រកួត​ទម្ងន់​៧៥​គីឡូក្រាម ខណៈ​កីឡាករ ហ៊ វិចិត្រ បានឈ្នះ​មេដាយ​សំរឹទ្ធ​១​លើ​ការប្រកួត​ទម្ងន់​៥៧​គីឡូក្រាម​៕


Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  ប៉ាល់ ជីវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com