អន្តរជាតិ
ចិន ស្នើ​អាមេរិក និង​កូរ៉េខាងជើង រក្សា​ការអត់ធ្មត់​
26, Sep 2017 , 5:18 pm        
រូបភាព
ដោយ:
​ចិន​បានស្នើ​ឲ្យ​អាមេរិក​និង​កូរ៉េខាងជើង​បញ្ឈប់​ការប្រឈមមុខ​ដាក់គ្នា បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លើ Twitter ថា របប​ដឹកនាំ​កូរ៉េខាងជើង​នឹង​រលាយ​នៅពេល​ឆាប់ៗ​នេះ​។ ចិន​បាន​អះអាងថា ខ្លួន​ចង់​ឲ្យ​អាមេរិក​និង​កូរ៉េខាងជើង​រំសាយកំហឹង​សិន ហើយ​ងាក​មក​ដោះស្រាយ​វិបត្តិ​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី​វិញ ព្រោះ​ការប្រឈមមុខ​ដាក់គ្នារ​វាង​រដ្ឋ​ទាំងពីរ​នេះ​គ្មាន​ចំណេញ​អ្វី​ឡើយ​។​



​នៅ​ថ្ងៃទី​២៥​ខែកញ្ញា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Twitter ថា របប​ដឹកនាំ​កូរ៉េខាងជើង​មិនយូរ​នោះទេ​នឹងត្រូវ​រលាយ​ហើយ​។ ក្រុង​ព្យុងយ៉ាង​បាន​សន្និដ្ឋានថា ការគំរាមកំហែង​រប​ស់​អាមេរិក​ជាការ​ប្រកាសសង្គ្រាម​រវាង​រដ្ឋ​ទាំងពីរ ហើយ​ក្រុង​ព្យុងយ៉ាង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការប្រើ​ចំណាត់ការ​ការពារ​ដើម្បី​ខ្លួន​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuter បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​លោក Ri Yong Ho ថា ពាក្យ​គំរាមកំហែង​របស់​អាមេរិក​ស្មើនឹង​ការប្រកាសសង្គ្រាម​ច្បាស់​ណាស់​។ លោក​បន្តថា ពិភពលោក​ទាំងមូល​គួរតែ​ចងចាំ​ថា អាមេរិក​ជា​ភាគី​ដែល​ប្រកាសសង្គ្រាម​មុន​។ ម្យ៉ាងទៀត ដោយសារតែ​អាមេរិក​ជា​អ្នក​ប្រកាសសង្គ្រាម​មុន ក្រុង​ព្យុងយ៉ាង​មាន​សិទ្ធិ​ប្រើ​ចំណាត់ការ​ការពារ​ខ្លួន​ដោយ​បាញ់​កម្ទេច​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ទោះ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំងនេះ​មិន​នៅក្នុង​ទឹកដី​កូរ៉េខាងជើង​ក្ដី​។​

​ដោយឡែក អ្នកនាំពាក្យ​សេត​វិមាន​អ្នកស្រី Sarah Sanders បាន​លើកឡើងថា អាមេរិក​មិនបាន​ប្រកាសសង្គ្រាម​ឡើយ​។ អ្នកស្រី​បញ្ជាក់ថា ការប្រើ​ចំណាត់ការ​ការពារ​ខ្លួន​របស់​កូរ៉េខាងជើង​ពិតជា​មិន​សម​ហេតុផល​ទាល់តែសោះ ព្រោះ​វា​មិន​សម​នោះទេ​ដែល​កូរ៉េខាងជើង​មានបំណង​កម្ទេច​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ដែល​មិនបាន​ស្ថិតក្នុង​ដែនដី​ខ្លួន​។​

​ចំណែកឯ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Liu Jieyi បានស្នើ​កូរ៉េខាងជើង និង​អាមេរិក​គួរតែ​រំសាយកំហឹង​សិន ហើយ​ងាក​មក​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​វិញ​។ លោក​បន្ថែមថា ៖ «​មានតែ​ការចរចារ​ប៉ុណ្ណោះ​ដែលជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។ ចំណែកឯ​ចំណាត់ការ​ផ្សេងៗ​ទៀត​នឹង​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​។ ដូចនេះ វា​គ្មាន​ប្រយោជន៍​ឡើយ​ដែល​អាមេរិក​និង​កូរ៉េខាងជើង​នៅ​បន្ត​ប្រឈមមុខ​ដាក់គ្នា​»​។​

​តំណាង​ចិន​រូបនេះ​បាន​បន្ថែមទៀតថា វា​សំខាន់​ណាស់​ដែល​រដ្ឋ​មួយចំនួនទៀត​បាន​ចូលរួម​អនុវត្ត​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​លើ​កូរ៉េខាងជើង​។​

​ទាក់ទិន​នឹង​ការប្រឈមមុខ​រវាង​អាមេរិក និង​កូរ៉េខាងជើង ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក៏បាន​ស្នើសុំ​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ ឲ្យ​ព្យាយាម​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ​ទាំងអស់​តាមរយៈ​ការចរចា​ដើម្បី​ទទួលបាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​៕


Tag:
 ចិន
  ​កូរ៉េខាងជើង
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com