ជាតិ
ត្រ​យ៉ង​យក្ស ដែលជា​ប្រ​ភេ​ទេស​ត្វ​ជិត​ផុត​ពូជ ចំនួន​២​ក្បាល ត្រូវបាន​គេ​រកឃើញ​
26, Sep 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សត្វ​ត្រ​យ៉ង​យក្ស ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ចំនួន​២​ក្បាល ត្រូវបាន​ក្រុម​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​សមាគម​សត្វព្រៃ​នៅ​កម្ពុជា (WCS) រកឃើញ​ជា​លើកដំបូង​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​



​ទីប្រឹក្សា​បច្ចេកទេសផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​របស់​អង្គការ WCS លោក Olly Griffin បាន​និយាយថា ការរកឃើញ​សត្វ​ត្រ​យ៉ង​យក្ស​នេះ គឺ​ឆ្លុះបញ្ចាំង​ម្ដងទៀត ពី​សារៈសំខាន់​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា សម្រាប់​អភិរក្ស​ថនិកសត្វ និង​សត្វ​ស្លាប​ប្រភេទ​រងគ្រោះ​ជា​សាកល​។ លោក Griffin បាន​បន្ថែមថា​៖«​អង្គការ WCS និង​ក្រសួងបរិស្ថាន ទទួលបាន​ជោគជ័យ​ក្នុងការ​ការពារ​សំបុក​សត្វ​ត្រ​យ៉ង​យក្ស នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ ហើយនឹង​ធ្វើ​ឲ្យ​ជោគជ័យ​ដូចគ្នានេះដែរ នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ​»​។​

​ជាមួយគ្នានេះ​លោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេស​រប​ស់​អង្គការ WCS ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​និយាយថា ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការចូលរួម​របស់​ប្រជា​សហគមន៍ ពិតជា​ចាំបាច់​ណាស់ ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​សត្វព្រៃ​សំខាន់ៗ​ទាំងអស់នេះ នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ «​ប្រជាពលរដ្ឋ​គ្រប់រូប ក៏​ដើរតួនាទី​សំខាន់​ក្នុងការ​ថែរក្សា និង​អភិរក្ស​សត្វព្រៃ​ទាំងអស់នោះ កុំ​ឲ្យ​បាត់បង់​បាន​ដោយ​កុំ​ទិញ ឬក៏​បរិភោគ​សាច់សត្វ​ព្រៃ​។ ការបរិភោគ​សាច់សត្វ​ព្រៃ មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សុខភាព​»​។ នេះ​បើតាម​លោក​តាន់ សេដ្ឋា​។​

​សត្វ​ត្រ​យ៉ង​យក្ស ជា​សត្វ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក​។ ពួកវា​រស់នៅ​តែ​ក្នុងប្រទេស​កម្ពុជា និង​ចំនួន​តិចតួច​ប៉ុណ្ណោះ មាន​រស់នៅក្នុង​ប្រទេស​ឡាវ និង​វៀតណាម​។ សត្វ​ត្រ​យ៉ង​យក្ស​ពេញវ័យ ត្រូវបាន​គេ​រក​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​តែ​១៩៤​ក្បាល​ប៉ុណ្ណោះ​នៅលើ​ពិភពលោក ក្នុងនោះដែរ​ប្រមាណ​៩៩​ភាគរយ​នៃ​ចំនួន​របស់​ពួកវា មាន​វត្តមាន​រស់នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដ៏​សំខាន់បំផុត​នៅលើ​ពិភពលោក ដើម្បី​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​កុំ​ឲ្យ​បាត់បង់​។​

​ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​សារៈសំខាន់​ជា​សាកល​សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វ​ពានរ ដូចជា ស្វា​កន្ទុយ​ស និង​ទោច​ផ្ពា​ល់​លឿង ដែល​ចំនួន​របស់​ពួកវា​ច្រើនជាងគេបង្អស់ មាន​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​នេះ រួមទាំង ពពួកសត្វ​ខ្លា​ព្រៃ ដំរី​អាស៊ី ក្រុម​គោ​សាទិស និង​សត្វ​ស្លាប​ជាច្រើន​ផ្សេងទៀត​៕


Tag:
 ត្រ​យ៉ង​យក្ស​
  WCS
© រក្សាសិទ្ធិដោយ thmeythmey.com