អន្តរជាតិ
មី​យ៉ាន់​ម៉ា ផ្តាំ​ប្រទេស​មួយចំនួន​ថា គ្មាន​ការសម្លាប់​បំបាត់​ជាតិ​សាសន៍​នៅ​មី​យ៉ាន់​ម៉ា​ឡើយ​
26, Sep 2017 , 10:59 pm        
រូបភាព
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអសប លោក Hau Do Suan (រូបភាព៖ AP)
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអសប លោក Hau Do Suan (រូបភាព៖ AP)
ដោយ:
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ហាក់ដូចជា​ខក​ខិ​ត្ត​ខ្លាំង នៅពេល​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ក្លាយជា​វេទិកា​សម្រាប់​ស្តីបន្ទោស​មី​យ៉ាន់​ម៉ា​រឿង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅវិញ ។ ក្រុង​រ៉ង​ហ្គូ​ន បាន​ថែមទាំង​ប្រាប់​សហគមន៍ជាតិ​ថា មិនមាន​ការសម្លាប់​ជាតិ​សាសន៍​នៅ​មី​យ៉ាន់​ម៉ា​ដូច​ការចោទប្រកាន់​រប​ស់​ប្រទេស​មួយចំនួន​ឡើយ ។



​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា និង​ជា​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្គការសហប្រជាជាតិ លោក Hau Do Suan នៅ​ថ្ងៃ ២៥ កញ្ញា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​មហាសន្និបាត បាន​ប្រើ​សិទ្ធិ​ឆ្លើយតប​របស់​អង្គការសហប្រជាជាតិ​ដើម្បី​បំភ្លឺ​ពី​បញ្ហា​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​បញ្ហា ដែល​សហគមន៍​អន្តរជាតិ កំពុងតែ​សំឡឹង​មិន​ដាក់​ភ្នែក​នោះ ។

​លោក​អគ្គរដ្ឋទូត បាន​ថ្កោលទោស និង​ហៅ​ការ​ថ្លែង​សុន្ទរកថា​របស់​ប្រទេសមួយ​ចំនួន​លើ​វិបត្តិ​នៅក្នុង​រដ្ឋ Rakhine ថា​គ្មាន​ការទទួលខុសត្រូវ ជាពិសេស​នោះ គឺ​ការ​ពិពណ៌នា​វិបត្តិ​នោះ​ថា​ជាការ​សម្លាប់​បំបាត់​ជាតិ​សាសន៍ ។ លោក​អគ្គរដ្ឋទូត បាន​ពន្យល់ថា បញ្ហា​ដែល​បាន​កើតឡើង​នៅក្នុង​រដ្ឋ Rakhine នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​បង្កឡើង​ដោយ​ក្រុម​ភេ​វរជន​នោះទេ ។

​បន្ថែម​ពី​ការជំទាស់​ទៅនឹង​ការលើកឡើង​របស់​ប្រទេស​មួយចំនួន ដែល​មី​យ៉ាន់​ម៉ា មិន​ចង់​បញ្ចេញ​ឈ្មោះ​នោះ តំណាង​អចិន្ត្រៃយ៍​មី​យ៉ាន់​ម៉ា បាន​អះអាង​ជាថ្មី​ពី​ជំហរ​របស់ខ្លួន ថា រដ្ឋាភិបាល បាននិងកំពុង​តែ​ធ្វើកា​រ​ដើម្បី​ស្តារ​ស្ថានភាព​ដើម និង​ផ្តល់​អាទិភាព​លើ​កិច្ចការ​មនុស្សធម៌​នៅ​តំបន់​ប៉ះពាល់​។ ជាពិសេស​នោះ មី​យ៉ាន់​ម៉ា ក៏បាន​ប្តេ​ជា្ញ​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ដោះស្រាយ​ស្ថានភាព និង​ព្រម​អនុវត្តតាម​អនុសាសន៍​ដែល​ធ្វើ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Kofi Annan ។

​តាមពិតទៅ តំណាង​មី​យ៉ាន់​ម៉ា បានផ្តល់​សុន្ទរកថា ក៏ដូចជា​ការពន្យល់​នានា​ជុំវិញ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ខ្លួន​នៅ​ចំពោះមុខ​សមាជិក​មហាសន្និបាត​អង្គការសហប្រជាជាតិ​ទាំង​១៩៣ នៅ​ថ្ងៃទី​២០ កញ្ញា​រួច​ម្តង​ទៅហើយ ។ ការណ៍​ដែល​តំណាង​អចិន្ត្រៃយ៍​មី​យ៉ាន់​ម៉ា ចេញ​ប្រតិ​កម្មនេះ ធ្វើឡើង​បន្ទាប់​រដ្ឋ​មួយចំនួន ដែល​រា​ប់ប​ញ្ចួ​ល​ទាំង​បង់​ក្លា​ដែ​ស បាន​វាយប្រហារ​ខ្លាំងៗ​ទៅ​មី​យ៉ាន់​ម៉ា រឿង​វិបត្តិ​នៅក្នុង​រដ្ឋ​Rakhine ។​

​សូម​ជម្រាប​ផងដែរ​ថា ក្រោយពី​មាន​ប្រតិបត្តិការ​វាយបក​របស់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម ដែល​បាន​វាយប្រហារ​ទៅលើ​អាជ្ញាធរ​ជាច្រើន​កន្លែង​នៅក្នុង​រដ្ឋ​Rakhine នៅ​ចុង​ខែសីហា​កន្លងទៅ មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា មិនតិចជាង​៣០​ម៉ឺន​នាក់​ឡើយ បាន​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស ។ ចំនួន​នៃ​ការ​ភៀសខ្លួន​ដ៏​ច្រើន​លើសលប់​នេះ ត្រូវបាន​រាយការណ៍​ថា ក៏បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ផងដែរ ៕


Tag:
 មី​យ៉ាន់​ម៉ា​
  មហាសន្និបាត​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com