ជាតិ
នយោបាយជាតិ
សាលាឧទ្ធរណ៍ សម្រេចឲ្យឯកឧត្តម កឹម សុខា ជាប់ឃុំដដែល រូបភាព៖ ប្រជាពលរដ្ឋ នាំគ្នាលើកបដា និងរូបថត នៅក្រៅបរិវេណនៃសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យដោះលែងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
× ភ្នំពេញ៖ ក្រោយបញ្ចប់សវនាការ សាលាឧទ្ធរណ៍ បានសម្រេចថា ការឃុំខ្លួនឯកឧត្តម កឹម សុខា គឺធ្វើឡើងដោយត្រឹមត្រូវទៅតាមនីតិវិធី។ ដូច្នេះ ឯកឧត្តម កឹម សុខា ត្រូវបន្តជាប់ឃុំដដែល ក្នុងដំណាក់កាលនេះ។
សាលាឧទ្ធរណ៍ យល់ថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យចាប់និងឃុំខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺមានភាពត្រឹមត្រូវតាមនីតិវិធី។ នេះជាការអះអាងរបស់លោក ទូច ថារិទ្ធិ អ្នកនាំពាក្យនៃសាលាឧទ្ធរណ៍ ដែលប្រាប់សារព័ត៌ មានថ្មីៗតាមទូរសព្ទ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លើកឡើងថា ដោយយល់បែបនេះ ក្រោយបញ្ចប់សវនាការ សាលាឧទ្ធរណ៍ ក៏តម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលឃុំខ្លួនឯកឧត្តម កឹម សុខា ទុកជាបានការ។ លោក បកស្រាយថា ការបើកសវនាការនៃសាលាឧទ្ធរណ៍ នៅតែស្របតាមគោលការណ៍ច្បាប់ដដែល ទោះអវត្តមានរបស់ឯកឧត្តម កឹម សុខា ដែលជាជនត្រូវចោទ ហើយមេធាវី ធ្វើពហិកាមិនចូលរួមក៏ដោយ។
លោក ទូច ថារិទ្ធិ បញ្ជាក់យ៉ាងដូច្នេះ៖«ការអះអាងថា [សវនាការ មិនត្រឹមត្រូវ ព្រោះគ្មានជនត្រូវចោទ] គឺគ្រាន់តែជាសិទ្ធិបញ្ចេញមតិរបស់មេធាវីប៉ុណ្ណោះ។ ប៉ុន្តែ [អវត្តមានរបស់ជនត្រូវចោទ] មិនរាំងស្ទះដល់ដំណើរការនៃនីតិវិធីនោះទេ»។
សាលាឧទ្ធរណ៍ បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈអ្នកនាំពាក្យផងដែរ ដោយសម្តែងការសោកស្តាយ ដែលក្រុមមេធាវី សម្រេចចិត្តដើរចេញពីបន្ទប់សវនាការ។ សាលាឧទ្ធរណ៍ បានពន្យល់ហេតុផលយ៉ាងក្បោះក្បាយ ក្នុងសេចក្តីថ្លែងការណ៍ចំនួនពីរទំព័រ ទាក់ទងនឹងនីតិវិធីនៃការបើកសវនាការ ដែលមិនចាំបាច់តម្រូវឲ្យមានជនត្រូវចោទ។
សេចក្តីថ្លែងការណ៍នោះ ពន្យល់ថា សវនាការលើសំណុំរឿងរបស់ឯកឧត្តម កឹម សុខា នាពេលនេះ គឺស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ ប៉ុណ្ណោះ ពោលគឺមិនមែនជាសវនាការលើអង្គសេចក្តីឡើយ។ ដោយសំអាងលើហេតុផលត្រង់នេះ សាលាឧទ្ធរណ៍ បានអះអាងថា សវនាការ ដែលស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ គឺអាចដំណើរទៅបាន ដោយមិនចាំបាច់ទាមទារឲ្យមានវត្តមានរបស់ជនត្រូវចោទ ជាដាច់ខាតនោះទេ។ សាលាឧទ្ធរណ៍ បញ្ជក់ទៀតថា សវនាការ លើអង្គសេចក្តី ទើបមានភាពចាំបាច់ ក្នុងការនាំខ្លួនជនជាប់ចោទ ឲ្យមកចូលរួម។
ដោយបារម្ភពីសន្តិសុខនិងសុវត្ថិភាពនៅតាមផ្លូវ សាលាឧទ្ធរណ៍ ក៏សម្រេចមិនឲ្យនាំខ្លួនឯកឧត្តម កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សវនាការ ក្នុងរាជធានីភ្នំពេញ។
អវត្តមានរបស់ឯកឧត្តម កឹម សុខា បានធ្វើឲ្យក្រុមមេធាវី ដើរចេញពីបន្ទប់សវនាការ។ ក្រុមមេធាវី ប្រាប់អ្នកកាសែតនៅខាងក្រៅបរិវេណនៃសាលាឧទ្ធរណ៍ថា សវនាការ មិនអាចដំណើរការ ដោយគ្មានឯកឧត្តម កឹម សុខា ដែលជាកូនក្តីរបស់ពួកគាត់ទេ។ សម្រាប់ក្រុមមេធាវី វា គឺជារឿងអយុត្តិធម៌ ដែលសាលាឧទ្ធរណ៍ មិនបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឯកឧត្តម កឹម សុខា មកចូលរួមសវនាការ។
ដោយឡែក ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាទៅកាន់សាលាឧទ្ធរណ៍ ដើម្បីតាមដានសវនាការលើសំណុំរឿងរបស់ឯកឧត្តម កឹម សុខា។ ហើយសវនាការនេះ ក៏ស្ថិតនៅក្រោមការឃ្លាំមើលរបស់អង្គការជាតិនិងអន្តរជាតិមួយចំនួន ផងដែរ។ លើសពីនេះ ប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទាមទារឲ្យដោះលែងឯកឧត្តម កឹម សុខា នៅមុខសាលាឧទ្ធរណ៍ ខណៈសវនាការ កំពុងដំណើរការ។ ប្រជាពលរដ្ឋខ្លះ បានកាន់រូបរបស់ឯកឧត្តម កឹម សុខា ដោយសរសេរពាក្យថា «ដោះលែងលោកប្រធាន កឹម សុខា»។
សូមបញ្ជាក់ថា ការបើកសវនាការនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២0១៧នេះ គឺធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី។ ក្រុមមេធាវី បានស្នើទៅសាលាឧទ្ធរណ៍ ដើម្បីសុំប្រឆាំងនឹងដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឃុំខ្លួនឯកឧត្តម កឹម សុខា។ សម្រាប់ក្រុមមេធាវី ការឃាត់ខ្លួនឯកឧត្តម កឹម សុខា ដែលជាតំណាងរាស្ត្រ ទាំងពាក់កណ្តាលអធ្រាត្រ ហើយយកទៅឃុំទាំងមានអភ័យឯកសិទ្ធិសភាបែបនេះ គឺមិនត្រឹមត្រូវតាមនីតិវិធីនោះទេ។ ទោះជាមេធាវីយល់យ៉ាងនេះក្តី ប៉ុន្តែសម្រាប់សមត្ថកិច្ចនិងតុលាការ ឯកឧត្តម កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដូច្នេះការឃាត់និងការឃុំខ្លួន មិនចាំបាច់គិតពីអភ័យឯកសិទ្ធិឡើយ៕
Tag:
កឹម សុខា
ជាប់ឃុំ
សវនការ
ទូច ថារិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com