ជាតិ
ភ្នំពេញ និងខេត្តចំនួន១៦ទៀត អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃពុធនេះ ដល់ថ្ងៃទី៣ ខែតុលា
26, Sep 2017 , 8:03 pm        
រូបភាព
ទឹកភ្លៀងជន់លិចក្រុងភ្នំពេញកាលពីពេលកន្លងទៅ
ទឹកភ្លៀងជន់លិចក្រុងភ្នំពេញកាលពីពេលកន្លងទៅ
ភ្នំពេញ៖ ចាប់ពីថ្ងៃពុធ ទី ២៧ ខែកញ្ញានេះ រហូតដល់ថ្ងៃទី ៣ តុលាខាងមុខនេះ រាជធានី-ខេត្តចំនួន ១៧ អាចនឹងមានជំនន់ទឹកភ្លៀង។ បើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់មូលហេតុថា ដោយសារតែប្រព័ន្ធសម្ពាធទាបអូសកាត់ប្រទេសកម្ពុជា ពេញមួយសប្ដាហ៍។



ការព្យាករអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៦ កញ្ញានេះ បង្ហាញថាប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើងអូសកាត់លើប្រទេសកម្ពុជា និងស្ថិតនៅកម្ពុជាពេញមួយសប្ដាហ៍ ដែល នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស ជាមួយនឹងបរិមាណកើនឡើងជាបន្តបន្ទាប់។ 
 
បើតាមការព្យាករខាងលើ តំបន់វាលទំនាប និងតំបន់ខ្ពង់រាបអាចនឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ២៧ កញ្ញា រហូតដល់ថ្ងៃទី ០៣ តុលា និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងផងដែរ។ បណ្តាខេត្តរាជធានីទាំងនោះ មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។  
 
ចំណែកតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ទន្ទឹមនឹងអាចមានភ្លៀងធ្លាក់ច្រើន ជាមួយនឹងរលកសមុទ្រខ្ពស់ៗលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមដដែល ដែលបញ្ចប់ការព្យាកររបស់ខ្លួន ដោយការអំពាវនាវ ដល់ប្រជានេសាទ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងខ្ពស់  ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕
 

Tag:
 អាកាសធាតុ
 ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com