ជាតិ
សម្តេច ហ៊ុន សែន ​ថា ការបាញ់សម្លាប់​នៅ​អាមេរិក ហាក់ដូចជា ចំអក​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​
04, Oct 2017 , 12:13 pm        
រូបភាព
សម្តេច ហ៊ុន សែន នៅខាង​ឆ្វេង លោក William Heidt នៅខាង​ស្តាំ
សម្តេច ហ៊ុន សែន នៅខាង​ឆ្វេង លោក William Heidt នៅខាង​ស្តាំ
ដោយ:
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា យល់ថា ការបាញ់សម្លាប់​មនុស្ស​នៅ​អាមេរិក​ដ៏​ឃោរឃៅ កាលពី​យប់​ថ្ងៃអាទិត្យ ហាក់ដូច​ជាការ​ចំអក​ឲ្យ​លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណា សម្តេច ហ៊ុន សែន ក៏​ចូលរួម​សោកស្តាយ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​ចំពោះ​សោកនាដកម្ម​នេះដែរ​។



​ស្តាប់​ស​ឡេង​សម្តេច ហ៊ុន សែន





​ទំនងជា​នៅ​មិនទាន់​ស្ងប់ចិត្ត​ទាក់ទង​នឹង​សារ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ពាក់កណ្តាល​ខែកញ្ញា កន្លងទៅ ដែល​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​អសន្តិសុខ​នៅ​កម្ពុជា ទើប​នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានចាត់ទុក​ការបាញ់ប្រហារ​នៅ​អាមេរិក​ថា ជាការ​ដើរ​ផ្ទុយ​ពី​ការលើកឡើង​របស់លោក William Heidt​។ សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើងថា ការបាញ់សម្លាប់​ដ៏​ឃោរឃៅ ដែល​បណ្តាល​ឲ្យ​មនុស្ស ៥៨ នាក់ និង​ប្រជាជន​អាមេរិក​រាប់រយ​នាក់​រងរបួស កាល​ពីយប់​ថ្ងៃ​អាទិត្យ​ ហាក់ដូច​ជាការ​ចំអក​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt​។

​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​-​កម្មការិនី ប្រមាណ ១ ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​កំបូល ប្រមុខ​រដ្ឋាភិបាល បញ្ជាក់​យ៉ាងនេះ​ថា​៖ «​វា​ជា​ការដើរ​ផ្ទុយ​មួយ​នឹង​ការប្រកាស​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​នៅ​ភ្នំពេញ នៅមុន​ពេល​ភ្ជុំ ដែល​(​លោក​ទូត​) បែរជា​ដាស់តឿន​ឲ្យ​ប្រជាជន​អាមេរិក ដែល​មក​ប្រទេស​កម្ពុជា សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​សន្តិសុខ​។ ប៉ុន្តែ​វា​មិនបាន​កើតរឿង​នេះ​នៅ​កម្ពុជា​ឯណា តែ​ទៅ​កើត​នៅ​អាមេរិក​ខ្លួនឯង​។ វា​ហាក់ដូច​ជាការ​ចំអក​មួយ​ចំពោះ​អគ្គរដ្ឋទូត​អាមេរិក​តែម្តង​»​។​

​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​ផ្តាំ​ទៅ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដោយ​កុំ​ឲ្យ​លោក​ទូត​យល់ថា ការ​អត្ថា​ធិប្បាយរបស់​សម្តេច ជាការ​ចំអក​ឲ្យ​ខ្លួន​ឲ្យ​សោះ​។​

​ទោះជា​សម្តេច​មានប្រសាសន៍​បែបនេះ​ក្តី តែ​ សម្តេចនាយក​រដ្ឋ​មន្រ្តី​ ក៏​សម្តែង​ការសោកស្តាយ និងចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​រដ្ឋាភិបាល​អាមេរិក​ផងដែរ ហើយ​សម្តេច ក៏​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ​។

​សូមបញ្ជាក់ថា ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​ដ៏​ឃោរឃៅ​ទៅលើ​អ្នក​ទស្សនា​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ដ៏​ធំ​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​អាមេរិក ៥៨ នាក់​ស្លាប់ និង​រាប់រយ​នាក់​ទៀត​រងរបួស​នោះ ត្រូវបាន​សម​ត្ថិ​កិច្ច​នៅក្នុង​ទីក្រុង Las Vegas កំណត់​អត្តសញ្ញាណ​បាន​។ ខ្មាន់កាំភ្លើង​នោះ ឈ្មោះ Stephen Paddock អាយុ​៦៤​ឆ្នាំ មកពី​ក្រុង Mesquite រដ្ឋ Nevada ។ ឃាតករ Stephen Paddock ជា​ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​រង្គាល​ដ៏​ប្រល័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​អាមេរិក​៕


Tag:
 ហ៊ុន សែន​
  William Heidt
  ទូត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com