ជាតិ
នៅពេល​មន្ត្រី​ប្រើ​អ្នកបួស រកលុយ​កខ្វក់ ឲ្យ​ខ្លួន​!
06, Oct 2017 , 5:32 pm        
រូបភាព
លោក ហែម ចរិយា នៅខាងឆ្វេង អតីតព្រះសង្ឃ សេង សារី នៅខាងស្តាំ។
លោក ហែម ចរិយា នៅខាងឆ្វេង អតីតព្រះសង្ឃ សេង សារី នៅខាងស្តាំ។
ដោយ:
​សមត្ថកិច្ច កំពុង​តាម​ចាប់ខ្លួន ជន​ត្រូវ​ចោទ ហែម ចរិយា ដែលមាន​ឪពុក​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ៣ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច ស ខេង ពាក់ព័ន្ធ​សំណុំរឿង​ស៊ីដាច់​លុយ​ប្រជាពលរដ្ឋ ៣១ នាក់ ជា​ថ្នូរ​នឹង​ការ​សន្យាថា ជួយ​ពួកគេ​ឲ្យ​បាន​ចូលធ្វើការ​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ​។ ទឹកប្រាក់​សរុប​របស់​ពលរដ្ឋ​ទាំង ៣១ នាក់​នោះ មាន​ចំនួន​ជាង ១៤ ម៉ឺន​ដុល្លារ ដែល​លោក ហែម ចរិយា មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ បាន​ប្រើ​អតីត​គ្រូសូត្រឆ្វេង​វត្ត​នគរ​បា​ជ័យ ឲ្យ​ប្រមូល​ជូន​ខ្លួន​។ ករណីនេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ទាក់ទង​ការប្រឆាំង​អំពើពុករលួយ បានស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​( ACU) បើក​ការស៊ើបអង្កេត​។ តែ​មកដល់ពេលនេះ ACU នៅ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​ជុំវិញ​សំណុំរឿង​នេះឡើយ​។



​ប្រជាពលរដ្ឋ​ចំនួន ៣១ នាក់ ក្នុងនោះ មាន​ទាំង​ព្រះសង្ឃ កូនសិស្សលោក​ផង​នោះ ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បំណង​របស់​ពួកគេ ត្រូវ​បរាជ័យ ហើយ​អស់​លុយ​ជាច្រើន​ថែមទៀត​។ ពួកគេ​ខកចិត្ត ដោយសារតែ​ដំបូង​ឡើយ​រំពឹងថា បាន​ចូលធ្វើ​ការងារ​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ ទើប​នាំគ្នា​ប្រមូល​លុយ​អស់ពី​ខ្លួន និង​ខ្លះ​ខ្ចី​ធនាគារ ហើយ​ប្រគល់​ឲ្យ​អតីត​ព្រះសង្ឃ​មួយអង្គ​ឈ្មោះ សេង សារី (​អន្ត​ការី​) ដើម្បី​ឲ្យ​បុគ្គល​រូបនេះ ប្រគល់​បន្តទៅ​លោក ហែម ចរិយា ជា​ថ្នូរ​នឹង​ការទទួលបាន​ការងារ​នៅក្នុង​ស្ថាប័ន​នេះ​។

​ទឹកប្រាក់​សរុប​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បានប្រគល់​ឲ្យ​លោក ហែម ចរិយា  មាន​ចំនួន ១៤០,២៦៧ ដុល្លារ​( ១៤ ម៉ឺន ២​រយ ៦៧ ដុល្លារ​) ដោយ​ប្រជាពលរដ្ឋ​ម្នាក់ បាត់បង់​អស់ប្រាក់​យ៉ាងតិច​ក៏ ១៨ លាន​រៀល ( ៤ ពាន់ ៥ រយ ដុល្លារ​) ដែរ​។ នេះ​បើតាម​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម លោក ហេង វុទ្ធី​។ លោកស្នងការ​រង​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រាក់​ទាំងនោះ ត្រូវបាន​អតីត​ព្រះសង្ឃ​ឈ្មោះ សេង សារី ប្រគល់​ឲ្យ​លោក ហែម ចរិយា កាលពី​ខែមករា ឆ្នាំ ២០១៧ ហើយ​ជាង ៧ ខែក្រោយ​មក​ទើប​ករណីនេះ បាន​ផ្ទុះឡើង​នៅ​ចុងខែ​សីហា នៅពេល​ក្តីសង្ឃឹម​របស់​អ្នក​ទាំង ៣១ នាក់ ដែលមាន​ទី​កំណើត​នៅក្នុង​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ នោះ មិនបាន​ដូច​បំណង​។

​លោក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថ្វីដ្បិតតែ​ករណីនេះ លេចឡើង​នៅក្នុង​វត្ត​នគរ​បា​ជ័យ ស្ថិតនៅ​ក្នុងស្រុក​កំពង់សៀម មែន តែ​អ្នក​ទាំង ៣១ នាក់ ដែល​ខាតបង់​លុយកាក់​ក្នុង​សំណុំ​រឿងនេះ មានតែ​ម្នាក់​ប៉ុណ្ណោះ ដែល​រស់នៅ​ក្នុងស្រុក​កំពង់សៀម​។ « ករណីនេះ មាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កំពង់សៀម​របស់ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ​។ អ្នកខ្លះ​រស់នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម និង​ខ្លះទៀត រស់នៅ​ស្រុក​តំបែរ ស្រុក​អូ​រាំង​ឪ ក្នុង​ខេត្ត​ត្បូងឃ្មុំ​»​។ លោក​បញ្ជាក់​យ៉ាងនេះ​ហើយ ក៏​បន្ថែមទៀតថា ចំណែក​អតីត​ព្រះសង្ឃ​វ័យ ៣៦ ឆ្នាំ ឈ្មោះ សេង សារី ដែល​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​លោក ហែម ចរិយា វិញ មាន​ស្រុកកំណើត នៅ​ភូមិ​កំពង់​ត្រំ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ហើយ​មាន​តួនាទី​ជា​គ្រូសូត្រឆ្វេង​វត្ត​នគរ​បា​ជ័យ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម​។

​អ្នកស្រី ហាវ យ៉ា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល ៣ ឃុំ​រាយប៉ាយ ស្រុង​កងមាស ខេត្តកំពង់ចាម ដែល​អស់​លុយ ៤,៥០០ ដុល្លារ (៤ ពាន់ ៥ រយ​ដុល្លារ​) ព្រោះតែ​ចង់​ឲ្យ​កូន​បាន​ចូលធ្វើការ​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ បាន​ឲ្យ​ដឹងថា អ្នកស្រី ទទួលបាន​ព័ត៌មាន​ស្តីពី​អ្នកធានា​ឲ្យ​ចូលធ្វើការ​ក្នុង​ក្របខណ្ឌ​នេះ ពី​កូនសិស្សលោក​ម្នាក់ ដែល​រស់នៅក្នុង​វត្ត​នគរ​បា​ជ័យ​។ អ្នកស្រី ដំណាល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ដំបូង​ឡើយ​មាន​កូនសិស្សលោក​ម្នាក់ ដែល​ស្គាល់​អតីត​ព្រះសង្ឃ សេង សារី រៀបការ​ប្រពន្ធ​ដែល​ធ្វើជា​គ្រូពេទ្យ រស់នៅ​ផ្ទះ​ក្បែរ​ខ្ញុំ​ក្នុងភូមិ​ទួល ៣ នេះ​។ ប្រពន្ធ​កូនសិស្សលោក​នោះ ជា​កូន​ម្តាយ​ក្មេកខ្ញុំ​។ កូនសិស្សលោក​ដែល​ត្រូវជា​ប្អូនថ្លៃ​ខ្ញុំ​ផង​នោះ បាន​ប្រាប់​ម៉ែ​ក្មេកខ្ញុំ​ថា ខ្លួន​ស្គាល់​គ្រូសូត្រឆ្វេង​នៅ​វត្ត​នគរ​បា​ជ័យ (​ព្រះនាម សេង សារី​) ដែលមាន​អ្នកធំ​ម្នាក់​ជួយ​ឲ្យ​រកម​នុស្ស ចូល​បម្រើ​ការងារ​នៅក្នុង​ក្របខណ្ឌ​នគរបាលជាតិ​បាន ដោយ​ដាក់​(​សូក​)​លុយ​តែ ៤,៥០០ ដុល្លារ ដឹង​តែ​បាន​ចូល​ក្របខណ្ឌ​តែម្តង​។ ម្តាយ​ក្មេក ក៏​យក​រឿងនេះ​មក​ប្រាប់​ខ្ញុំ​ត​»​។

​អ្នកស្រី បន្តថា ពេលដែល​ឮដំណឹង​នេះ​ដំបូង ខ្លួន​ហាក់​មិនទាន់​ជឿ​ខ្លាំង​នោះទេ​។ «​តែ​ពេល​គេ​(​កូនសិស្សលោក​) មកជួប​ខ្ញុំ ហើយ​ប្រាប់ថា កន្លងមក មាន​អ្នក​ចូលធ្វើ​បាន ដោយ​អស់​តែ​លុយ​ប៉ុណ្ណឹង​។ ម្យ៉ាង​ម៉ែ​ក្មេក ចេះតែ​ជំរុញ​ខ្ញុំ ព្រោះ​ទុកចិត្ត​ព្រះសង្ឃ​។ ខ្ញុំ និង​ប្តី ក៏​ជឿ ហើយ​គិតថា ក្រែង​កូន​បានការ​ងារ​ល្អ​ហ្នឹង​គេ​ផង ក៏​យល់ព្រម​»​។ អ្នកស្រី ហាវ យ៉ា និង​ប្តី សម្រេច​បែបនេះហើយ ក៏​ទៅ​ខ្ចីលុយ​ធនាគារ​បាន ៤,៥០០ ដុល្លារ ដើម្បី​ប្រគល់​ទៅ​ឲ្យ​អតីត​ព្រះសង្ឃ ជា​ថ្នូរ​នឹង​ការ​សន្យាថា ឲ្យ​កូនប្រុស​របស់ខ្លួន បាន​ការងារ​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ​។ តែ​ពីរ​ខែក្រោយ​មក ពោល​ក្នុងអំឡុង​ខែ ២ ឆ្នាំ ២០១៧ ដែលជា​ខែ​កំណត់ថា កូនប្រុស​របស់​អ្នកស្រី​បាន​ចូលធ្វើការ​នោះ មិន​សម្រេច​ដូច​ការសន្យា​ឡើយ​។ « បន្ទាប់មក ខ្ញុំ ត្រូវ​ចាំ​រហូតដល់​ខែ ៥ ទៀត តែ​នៅ​មិនបាន​។ ខ្ញុំ​បាន​ទៅ​ជួប​លោក​(​អតីត​ព្រះសង្ឃ សេង សារី​) ផង និយាយ​តាម​ទូរ​សព្ទ​ផង តែ​ព្រះអង្គ​ក៏​ប្រាប់ថា អ្នកធំ​ដែល​យកលុយ​បន្ត (​ហែម ចរិយា​) នោះ នៅ​មិនទាន់​អាចជួយ​បាន​។ នៅ​ខែ ៨ ( ខែសីហា ឆ្នាំ ២០១៧) ខ្ញុំ​និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​អស់​លុយ​ក្នុងករណីនេះ ក៏បាន​ដាក់ពាក្យ​ប្តឹង​ទៅកាន់​សមត្ថកិច្ច​នៅក្នុង​ស្រុក​កំពង់សៀម​តែម្តង​»​។ នេះ​រៀបរាប់​បន្ថែម​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទូល ៣ ខាងលើ​។

​អ្នកស្រី យ៉ា ក៏​ត្អូញត្អែរ​ពី​ទុក្ខលំបាក​របស់​អ្នកស្រី និង​គ្រួសារ បច្ចុប្បន្ន ដែល​ត្រូវ​រកលុយ​សង​ធនាគារ​វិញ​។ ស្ត្រី​រូបនេះ បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ខំ​ទៅ​ខ្ចី​ធនាគារ ដោយ​គិតថា ពេល​កូន​បានធ្វើ​ការងារ​ទៅ យកលុយ​នោះមក​សង​ធនាគារ តែ​ពេលនេះ​វ័ណ្ឌក​ហើយ​គ្រួសារ​ខ្ញុំ​។ ពេលខ្លះ​ពួក​ខ្ញុំ​រកលុយ​សង​ធនាគារ​មិនបាន ក៏​លក់​គោ សង​គេ​»​។ បើតាម​អ្នកស្រី ហាវ យ៉ា គ្រាន់តែ​នៅក្នុង​ភូមិ​ទួល ៣ នេះ មាន​អ្នកភូមិ​ចំនួន ៥ នាក់ ដែល​បាន​អស់​លុយកាក់​ដោយសារ​ក​រ​ណី​នេះ ដោយ​អ្នក​ទាំងនោះ ភាគច្រើន​ជា​សាច់ញាតិ​របស់​អ្នកស្រី​។

​នៅពេលដែល​សារព័ត៌មាន​ថ្មីៗ សួរថា តើ​អ្នកស្រី​បានគិត​ដល់​ទេ ការ​សូកលុយ ដើម្បី​បាន​ចូលធ្វើ​ការងារ​រដ្ឋ​បែបនេះ វា​អាច​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​? អ្នកស្រី ហាវ យ៉ា ឆ្លើយ​យ៉ាងខ្លី​បែបនេះ​ថា​៖«​ខ្ញុំ​មិនដឹង​អ្វី​ទេ​លោកគ្រូ​(​អ្នកកាសែត​សារព័ត៌មាន​ថ្មីៗ​) ខ្ញុំ​ចេះតែ​ធ្វើតាមៗ​គ្នា​ទៅ មិនដឹងថា វា​ពុករលួយ ឬ​មិន​ពុករលួយ​អ្វី​ទេ​។ ពេលនេះ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា បាន​លុយ​មកវិញ ដើម្បី​សង​ធនាគារ​។ ខ្ញុំ​ឈប់​ជឿ នរណា​ទៀតហើយ ទោះបីជា​អ្នកបួស​ក៏ដោយ​»​។​

​អតីត​ព្រះសង្ឃ​ឈ្មោះ សេង សារី ដែលជា​អ្នកប្រមូល​លុយ​ឲ្យ​លោក ហែម ចរិយា ត្រូវបាន​មន្ត្រី​សង្ឃ​ខេត្តកំពង់ចាម ចាប់​ផ្សឹក កាលពី​ចុងខែ​សីហា នៅពេលដែល​ពលរដ្ឋ ព្រះសង្ឃ កូនសិស្សលោក​ទាំង ៣១ អង្គ​/​នាក់ ប្តឹងទៅ​សមត្ថកិច្ច ហើយ​បច្ចុប្បន្ន​អតីត​សង្ឃ​អង្គ​នេះ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម ពាក់ព័ន្ធ​នឹង​បទ សមគំនិត​ក្នុងការ​ឆបោក​។ នេះ​បើតាម​លោក ហេង វុទ្ធី ស្នងការរង​ខេត្តកំពង់ចាម​។​

​ចំណែក​លោក ហែម ចរិយា អនុប្រធាននាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម លោក ប្លង់ សុផល ចេញ​ដីកា កាលពី​ថ្ងៃទី ២៥ ខែសីហា ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​សំណុំរឿង​ឆបោក​ទឹកប្រាក់​ចំនួន ១៤០,២៦៧ ដុល្លារ​នេះ ដោយ​ទុក​រយៈពេល​ឲ្យ​មួយខែ​។ ក៏ប៉ុន្តែ​ជនសង្ស័យ​រូបនេះ មិនបាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​អយ្យ​ការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​នោះឡើយ​។​


​ក្រោយពី​លោក ហែម ចរិយា ដែលមាន​ទីលំនៅ​បច្ចុប្បន្ន នៅក្នុង​ភូមិ​ក្របី ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បានគេច​ខ្លួន និង​មិនបាន​ចូលខ្លួន​តាម​ការកោះហៅរ​បស់​អយ្យការ​អម​តុលាការ​ដំបូង ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​នេះ បានសម្រេច​ចោទប្រកាន់​លោក​ជា​ផ្លូវការ​ពីបទ​ឆបោក និង​បង្គាប់​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ​។ លោក ហួត វុទ្ធី អ្នកនាំពាក្យ​តុលាការ​ដំបូង​ខេត្តកំពង់ចាម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  នៅ​ថ្ងៃទី ២៦ ខែ កញ្ញា លោក​បាន​យក​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ ហែម ចរិយា ដល់​សមត្ថកិច្ច​រួចហើយ​។ « ខ្ញុំ​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកញ្ញា បានប្រគល់​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​ដល់​សមត្ថកិច្ច​ហើយ ដើម្បី​ឲ្យ​តាម​ចាប់បាន​ជន​ត្រូវ​ចោទ​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នក​ពាក្យ​តុលាការ​ដំបូង​ខេត្តកំពង់ចាម​ខាងលើ​។

​លោក ហេង វុទ្ធី ស្នងការរង​ខេត្តកំពង់ចាម ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​ថ្លែងថា បន្ទាប់ពី​លោក​ទទួលបាន​ដីកា​របស់​ចៅ​ក្រុម​ស៊ើបសួរ ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ ហែម ចរិយា មាន​តួនាទី​ជា​ជំនួយការ​ផ្ទាល់​ឪពុក ដែលជា​ឧ​ត្ត​ម​សេនីយ៍​ឯក​ផ្កាយ ៣ និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នោះ កងកម្លាំង​របស់លោក​កំពុងតែ​ញាប់ដៃ​ជើង ដើម្បី​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឲ្យ​បាន​។ លោក អះអាង​ដូច្នេះ​ថា​៖« ពេលនេះ យើង​បាន​សហការ​ជាមួយ​ស្នងការ​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ហើយ​។ ខ្ញុំ​មិនអាច​និយាយបានថា ពេលនេះ​ជន​ត្រូវ​ចោទ​កំពុង​គេចខ្លួន​នៅទីណា​បានទេ សូម​ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​។ ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា បុគ្គល ហែម ចរិយា មិនអាច​រួចផុត​ពីស​ម​ត្ថ​កិច្ច​បានឡើយ ទោះបី​មាន​តួនាទី​ធំ ឬ​មាន​ខ្នង​ក្រាស់​ប៉ុណ្ណា​ក្តី​»​។​

​សារព័ត៌មាន​ថ្មីៗ បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ហែម ថេ​ង ឧ​ត្ត​ម​សេនីយ៍​ឯក​ផ្កាយ ៣ ដែលជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច សម្តេច ស ខេង និង​ជា​ឪពុក​របស់​ជន​ត្រូវ​ចោទ ហែម ចរិយា ជាច្រើន​ថ្ងៃ ដើម្បី​ឲ្យ​លោក​អត្ថាធិប្បាយ​ជុំវិញ​ទង្វើ​របស់​កូនប្រុស ដែលមាន​តួនាទី​ជា​ជំនួយការ​របស់ខ្លួន តែ​លោក​មិន​លើក​ទូរ​សព្ទ​។ ប៉ុន្តែ កាលពី ថ្ងៃទី ២៧ ខែកញ្ញា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហែម ថេ​ង ដែលជា​ឪពុក​របស់​ជន​ត្រូវ​ចោទ ហែម ចរិយា បាន​ចេញមុខ​បកស្រាយ​ថា ករណីនេះ​មិនជា​ប់​ពាក់ព័ន្ធ​រូបលោក​ឡើយ​។ លោក ហែម ថេ​ង ដែលមាន​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផង​នោះ បាន​ប្រាប់​សារព័ត៌មាន Fresh News ថា  លោក​សូម​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​កូនប្រុស​របស់ខ្លួន ដោយ​គ្មាន​ការលើកលែង​នោះទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ  ច្រានចោល​ករណី លោក ហែម ចរិយា ថា មិន​ពាក់ព័ន្ធ​នឹង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នោះឡើយ​។ លោក បកស្រាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាងនេះ​ថា​៖« វា​ជា​រឿង​បុគ្គល​ទេ ហើយ​តុលាការ​អនុវត្ត​តាមច្បាប់​ចំពោះ​អ្នកធ្វើ​ខុស ទោះបី​មន្ត្រី​មាន​ឋានៈ​ខ្ពស់​បែបណាក៏ដោយ​។ បើ​តុលា​ការរកឃើញ​កំហុស ខាងយើង​(​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​)​នឹង​អនុវត្តតាម​វិន័យ ០០៦ នៃ​នីតិវិធី​កងកម្លាំង​នគរបាលជាតិ ដូចជា​ការបណ្តេញ​(​ហែម ចរិយា​) ចេញពី​អង្គភាព​ជាដើម​»​។ ទន្ទឹមនឹងនេះ លោក កែវ វណ្ណ​ថន ក៏​សោកស្តាយ ដែល​ករណីនេះ បង្កឡើង​ដោយ​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។
​លោក​អគ្គនាយករង​រូបនេះ ឲ្យ​ដឹង​ទៀតថា បើទោះបី​មាន​ករណី​លោក ហែម ចរិយា នេះ​ជាម​ន្ត្រី​ក្នុង​ស្ថាប័ន​លោក​ក្តី ក៏​អង្គភាព​របស់លោក មិនមាន​ផែនការ​ណាមួយ ដើម្បី​ស្រាវជ្រាវ​បន្ថែម​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ឬ​ស្រាវជ្រាវ​រក​សកម្មភាព​ពីមុន​របស់លោក​អនុប្រធាននាយកដ្ឋាន​អន្តោប្រវេសន៍ ហែម ចរិយា នោះដែរ​។ « អង្គភាព​យើង​គ្មាន​ផែនការ​ស្រាវជ្រាវ ព្រោះ​កន្លងមក​យើង​មិនដែល​ទទួល​ព័ត៌មាន​ថា លោក ហែម ចរិយា ទទួល​លុយ​ពី​អ្នក​សូក ដើម្បី​បញ្ចូល​បុគ្គល​ណាមួយ ចូលក្នុង​មន្ត្រី​ក្របខណ្ឌ​នគរបាលជាតិ​។ យើង​មិនដែល​ដឹង​ទេ​»​។ នេះ​ជាការ​បន្ត​លើកឡើង​របស់លោក វណ្ណ​ថន​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា យល់ថា ករណីនេះ វា​ប៉ះពាល់​ដល់​មុខ​ព្រះ​សាសនា និង​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃ ដែល​តុលាការ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​។ ទន្ទឹមនឹងនេះ ថ្វីដ្បិតតែ​ពេលនេះ ចៅក្រម​ស៊ើបសួរ​តុលាការខេត្ត​កំពង់ចាម បាន​ចោទប្រកាន់​លោក ហែម ចរិយា ពីបទ​ឆបោក​ក្តី តែ​លោក​លើកឡើងថា រឿងនេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែរ ដោយ​លោក​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​( ACU) ត្រូវ​បើក​ការស៊ើបអង្កេត​លើ​អង្គហេតុ និង​អ្នក​ជាប់ទាក់ទង ព្រមទាំង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់​ឲ្យ​បានច្បាស់លាស់​។ « ករណីនេះ វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ និង​រឿង​ឆបោក យើង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ថែ​ម​។ ព្រោះ​អាចមាន​អ្នក​ជាប់ទាក់ទង​ដទៃទៀត​»​។ នេះ​ជាការ​បន្ថែម​របស់លោក ព្រាប កុល​។​

​លោក នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បន្តថា បើទោះបីជា​ករណី​សូកលុយ ដើម្បី​បានការ​ងារ​ក្នុង​ក្របខណ្ឌ​មន្ត្រីនគរបាល​ជាតិ​នេះ មិនបាន​សម្រេច​ក្តី តែ​វា​ជា​រឿង​មួយ​ដែល​អាច​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​រូបភាព​សូកលុយ​អ្នកមានអំណាច ជា​ថ្នូរ​នឹង​ការចូល​បម្រើ​ការងារ​រ​ដ្ឋ​នេះ​។ « រឿង​ពុករលួយ​បែបនេះ យើង​សាក​ទៅ​សួរ​ពលរដ្ឋ សុទ្ធតែ​ធ្លាប់​ឮ ធ្លាប់​ដឹង ពី​ការ​សូកលុយ ដើម្បី​បានការ​ងារ​រដ្ឋ​។ វា​គ្រាន់តែ​យើង​គ្មាន​ភស្តុតាង​ច្បាស់លាស់​ប៉ុណ្ណោះ​។ វា​ជា​ជំងឺ​រ៉ាំរ៉ៃ​នៅក្នុង​សង្គម​យើង​។ ហើយ​ពេល​រូបភាព​បែបនេះ បាន​រាលដាល​ដល់​ក្នុង​វត្ត​អារាម ដែល​ជាទី​សក្ការបូជា​របស់​ពុទ្ធប​រិ​ស័​ទ វា​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់​។ មន្ត្រី​ដែល​ប្រើ​ព្រះសង្ឃ​ឲ្យ​ធ្វើ​រឿងនេះ ព្រោះ​យល់ថា ព្រះសង្ឃ​ជាម​នុស្ស​ដែល​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ និង​ទុកចិត្ត​»​។ លោក​ថ្លែង​ដូច្នេះ ក៏​បន្ត​និយាយ​ពី​ដំណោះស្រាយ​ដែល​អាជ្ញាធរ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវធ្វើ ដូចជា​ការពង្រឹង​យន្តការ​ច្បាប់​ឲ្យ​បាន​រឹងមាំ ដើម្បី​ចាត់វិធានការ​លើ​ជន​ប្រ​ពឹ​ត្ត​ដោយ​គ្មាន​ការលើកលែង និង​ការ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ប្រឆាំង​អំពើពុករលួយ​ជាដើម​។​

​ទាក់ទង​នឹង​កិត្តិយស​របស់​ព្រះពុទ្ធសាសនា លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា ទទួលស្គាល់ថា ករណីនេះ បាន​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។ លោក​ថា ករណី​បែប​នះ មិនគួរ​កើតមាន​នៅក្នុង​ទី​រាម​នោះឡើយ ហើយ​លោក​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​ទូទាំងប្រទេស ប្រតិបត្តិ​ធម៌​វិន័យ និង​ច្បាប់​រដ្ឋ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ជាមួយគ្នានេះ​លោក ក៏​អំពាវនាវ​កុំ​ឲ្យ​គ្រហស្ថ​បបួល ឬ​លួងលោម​ព្រះសង្ឃ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ និង​ខុសច្បាប់​រដ្ឋ​នានា​។​« សូមមេត្តា​កុំ​នាំ​ព្រះសង្ឃ​ធ្វើ​ខុស​ធម៌​វិន័យ និង​ច្បាប់​រដ្ឋ ។ យើង​ឃើញ កន្លងមក​ដោយមាន​កា​រ​លួងលោម និង​ប្រើល្បិច​ឆបោក ព្រះសង្ឃ​ខ្លះ ដែលមាន​ចំណេះដឹង​ទាប ជឿ​ភ្លាម ដូចជា​ករណី​អតីត​ព្រះសង្ឃ​នៅ​វត្ត​នគរ​បា​ជ័យ​នេះ​ជាដើម​»​។ នេះ​ជាការ​អំពាវនាវ​របស់​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​។ 

​លោក ហេង វុទ្ធី លើកឡើងថា កណី​សូកលុយ ដើម្បី​ជា​ថ្នូរ​នឹង​ការងារ​រដ្ឋ ដែលមាន​ពាក់ព័ន្ធ​នឹង​ព្រះសង្ឃ​ដ៏​ធំ​បែបនេះ មិនដែល​កើតមាន​នៅ​ខេត្តកំពង់ចាម​នោះទេ​។ «​វា​ជ្រុល​ហួសហេតុ​តែម្តង​ហើយ ដល់​ថ្នាក់​ព្រះសង្ឃ​សហការ​ជាមួយ​បុគ្គល​មាន​ឋានៈ​ខ្ពស់​នៅ​ក្រសួង ដើម្បី​បាន​តួនាទី​បែបនេះ​។ វា​មិនគួរ​កើតមាន​ទេ​។ ខ្ញុំ​ជា​អាជ្ញាធរ ហួសចិត្ត​ពេក​»​។ លោក ហេង វុទ្ធី លើកឡើង​យ៉ាង​នេះហើយ ក៏​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មុននឹង​ជឿ​លើ​នរណាម្នាក់ ត្រូវ​សួរ​អ្នកដទៃ ជាពិសេស​គឺ​សួរ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​របស់ខ្លួន​ជាមុនសិន​។

​អធិការនគរបាល​ស្រុក​កំពង់សៀម បាន​បង្ហើប​ឲ្យ​ដឹងថា អតីត​ព្រះសង្ឃ ឈ្មោះ សេង សារី ដែលជា​អ្នក​ខិតខំ​ដើរ​ប្រមូល​លុយ​ឲ្យ​លោក ហែម ចរិយា អនុប្រធាននាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ ព្រោះ​មានបំណង​ចង់បាន​តួនាទី​ក្នុង​ការងារ​រដ្ឋ តាមរយៈ​លោក ហែម ចរិយា ដែរ​។ លោក​អធិការ បន្ថែម​បែបនេះ​ថា​៖« អតីត​ព្រះសង្ឃ បាន​ផលចំណេញ​ពី​ការប្រមូល​លុយ​ឲ្យ ហែម ចរិយា​។ តាម​ខ្ញុំ​ដឹង សេង សារី នេះ ក៏បាន​សូកលុយ​លោក ហែម ចរិយា ២ ម៉ឺន​ដុល្លារ ដើម្បី​បានការ​ងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ​»​។

​សូម​រម្លឹក​បន្តិច​ថា នៅ​មុនពេល​មន្ត្រី​សង្ឃ​នៃ​ក្រសួង​ធម្ម​ករ និង​សាសនា ចាប់​ផ្សឹក និង​អាជ្ញាធរ​ចាប់ខ្លួន អតីត​ព្រះ​គ្រូសូត្រឆ្វេង សេង សារី បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​ភ្ជាប់​(Tag) ចូល​ទំព័រ Facebook របស់​សម្ដេច ហ៊ុន សែន ដើម្បី​ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍​។ សំណេរ​នោះ មាន​ខ្លឹម​សារសំខាន់​បែបនេះ​ថា​៖ «​អាត្មា​សូម​ចម្រើនពរ​ដល់​សម្តេច មេត្តាជួយ​ស្រោចស្រង់​ជីវិត​អាត្មា​ផង ព្រោះ​អ​ត្មា​ភាព​មានរឿង​អយុត្តិធម៌ ដោយ លោក ហែម ចរិយា ដែលជា​មន្ដ្រីនគរបាល​ជាតិ​ផ្នែក​អន្ដោប្រវេសន៍ និង​ជា​កូន​របស់​ឯកឧត្តម ហែម ថេ​ង មក​បោកប្រាស់​អាត្មាភាព​ឲ្យ​រកម​នុស្ស​ចូល​ក្របខណ្ឌ​នគរបាលជាតិ ដោយ​យក​តួនាទី​ខ្លួន និង​តួនាទី​របស់​ឪពុក​មក​អះអាង​។ ទឹកប្រាក់ ដែល​លោក ហែម ចរិយា បោក​យកទៅ​ចំនួន ១៤០,០០០ ដុល្លារ ក្នុងនោះ​មាន​ទាំង​ព្រះសង្ឃ កូនសិស្ស​ទាំងអស់​៣១​អង្គ​/​នាក់​។ មនុស្ស ដែល​អាត្មា​រក​ឲ្យ​លោក ហែម ចរិយា ឥឡូវនេះ​គេ​ប្ដឹង​អាត្មាភាព អាត្មាភាព​មិនដឹង​ធ្វើ​យ៉ាងណាទេ​»​។​

​បន្ទាប់​អតីត​ព្រះសង្ឃ​អង្គ​នេះ សរសេរ​សារ Tag ចូល​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Facebook Page) របស់​សម្តេច ហ៊ុន សែន អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​ថត​យក (Capture) សំណេរ​របស់​អតីត​ព្រះសង្ឃ សេង សារី មក​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ ដោយ​អម​ជាមួយ​សំណេរ​រិះគន់ និង​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​។​

​លោក សន ជ័យ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដ៏​សកម្ម​ម្នាក់ ដែលមាន​តួនាទី​ជា​ប្រធាន​អង្គការ​សម្ព័ន្ធភាព​គណ​នេ​យ្យ​ភាព​សង្គម​កម្ពុជា ផង​នោះ បាន​បង្ហោះ​សំណេរ​របស់​អតីត​ព្រះសង្ឃ សេង សារី និង​ស្នើសុំ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យ៉ាងនេះ​ថា​៖«​សង្ឃ​រត់ការ និង​មន្ត្រី ទាក់​ម៉ូយ (​ចូល​)​ក្របខណ្ឌ​នគរបាលជាតិ​។ នេះ​ជា​ករណី​ពុករលួយ​ហើយ ចាត់ការ​ទៅ ACU»​។​

​យ៉ាងណា​ក៏ដោយចុះ មកដល់ពេលនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​មិនទាន់​បើក​ការស៊ើបអង្កេត​ក្នុងករណី​នេះឡើយ​។ នេះ​បើតាម​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ទន្ទឹមនឹង​លោក​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខាង ACU មិន​បានទទួល​ពាក្យបណ្តឹង និង​ព័ត៌មាន​ណាមួយ​ជុំវិញ​សំណុំរឿង​លោក ហែម ចរិយា ន​និង​រឿង​អតីត​ព្រះសង្ឃ សេង សារី កន្លងមក​នោះទេ​។ លោក អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ មានប្រសាសន៍​ដូច្នេះ​ថា​៖« ខ្ញុំ​បានដឹង​តែ​តាមរយៈ​លោក (​អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​) ប៉ុណ្ណឹង​។ បើ​មាន​អ្នកប្តឹង យើង​នឹង​ពិនិត្យមើល​បណ្តឹង​នោះ​។ គេ​អាច​ប្តឹង​មក ACU តាម​វិធី​បីយ៉ាង ដោយ​ទី​១ តាមរយៈ​សរសេរ​លិខិត​ដាក់ចូល​ក្នុង​ប្រអប់​ស របស់ ACU ទី ២ តាមរយៈ​អ៊ីមែល និង​ទី ៣ តាមរយៈ​លេខ​ទូរ​សព្ទ អ្នកទទួល​ពាក្យបណ្តឹង​របស់ ACU​។ ខ្ញុំ​សូមបញ្ជាក់​ម្តងទៀត មកដល់ពេលនេះ យើង​នៅ​មិនទាន់​ទទួលបាន​តម្រុយ​ផ្លូវការ​ណាមួយ​ទេ​ជុំវិញ​ករណីនេះ​។ ដូច្នេះ​ខ្ញុំ​មិនអាច​ប្រាប់​លោក ហួស​ពីនេះ​ទៀត​»​។

​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក  ព្រាប កុល ជុំវិញ​ការ​សូកលុយ ដើម្បី​ជា​ថ្នូរ​ចូលធ្វើ​ធ្វើការ​រដ្ឋ​ថា ជា​ជំងឺ​រ៉ាំរ៉ៃ នៅក្នុង​សង្គម​ខ្មែរ លោក ឃាង សេង ចាត់ទុក​ការលើកឡើង​នេះ​ថា គ្រាន់តែ​ជាការ​និយាយ​ចោល គ្មាន​ភស្តុតាង មិនអាច​យកការណ៍​បាន​នោះទេ​។ លោក ប្រៀប​មតិ​របស់លោក ព្រាប កុល ទៅ​ហ្នឹង​ឧទាហរណ៍ បែបនេះ​ថា​៖« ឧទាហរណ៍ ដូច​រឿង​មួយ គេ​និយាយថា ស្អែក​បុគ្គល ក ទៅ​សម្លាប់​គេ ឲ្យ​អាជ្ញាធរ​ទៅ​ចាប់​ឲ្យ​ហើយ​។ រឿង​គ្មាន​ភស្តុតាង​បែបនេះ មិនអាច​យកជាការ​ណ៍​បានទេ​»​។

​ព័ត៌មាន​ចុងក្រោយ​ជុំវិញ​ការ​តាម​ចាប់ខ្លួន​ជន​ត្រូវ​ចោទ ហែម ចរិយា ដោយ​គិត​ត្រឹម​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៧ សមត្ថកិច្ច​នៅ​មិនទាន់​អាច​ចាប់ខ្លួន ជន​ត្រូវ​ចោទ ហែម ចរិយា បាន​នោះទេ​។ នេះ​បើតាម​លោក ហេង វុទ្ធី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​។​លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល​ថ្ងៃទី ៦ ខែតុលា យ៉ាងខ្លី​បែបនេះ​ថា​៖«​មកដល់ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​ចាប់​បានទេ តែ​ពួកយើង​ខិតខំ​ណាស់ មិន​ឲ្យ​ជន​ត្រូវ​ចោទ​រួចខ្លួន​ឡើយ​​»៕


            លោក ហួត វុទ្ធី ព្រះរាជអាជ្ញារង​និងជាអ្នកនាំពាក្យតុលាការដំបូង ខេត្តកំពង់ចាម


​​​​​​​​​                                                      លោក ហេង វុទ្ធី ស្នងការរងនៃស្នងការ​នគរបាលខេត្តកំពង់ចាម

Tag:
 ហែម ចរិយា
  សេង ឃាង
  ព្រាប កុល
  ហេង វុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com