រថយន្ត
បារាំង​នឹង​ផ្តល់​ថវិកា​លើកទឹកចិត្ត​សម្រាប់​អ្នក​ដែល​ប្តូរ​រថយន្ត​ចាស់​របស់ខ្លួន​ចេញ​
09, Oct 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ចាប់ពី​ឆ្នាំ​២០១៨ តទៅ រដ្ឋាភិបាល​បារាំង​នឹង​ផ្តល់ប្រាក់​លើកទឹកចិត្ត​ពី​១០០០​ទៅ​២៥០០​អឺរ៉ូ សម្រាប់​អ្នកប្រើប្រាស់​រថយន្ត ដែល​ធ្វើការ​ផ្លាស់ប្តូរ​រថយន្ត​ចាស់​របស់ខ្លួន ហើយ​ជំនួស​ដោយ​រថយន្ត​ថ្មី ឬ​រថយន្ត​មួយ​ទឹក​ដែល​ទើប​ប្រើប្រាស់​ថ្មីៗ ។ បើតាម​ការផ្សាយ​របស់ La Libération ករណីនេះ អនុវត្ត​សម្រាប់​រថយន្ត​ដែល​មិន​ជាប់ពន្ធ​។​



​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច លោក Nicolas Hulot រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបង្ហាញ​យន្តការ​ថ្មី​មួយ​សម្រាប់​បណ្តា​អ្នកប្រើប្រាស់​រថយន្ត​ដែលមាន​បំណង​ផ្លាស់ប្តូរ​រថយន្ត​ចាស់​របស់ខ្លួន ដោយ​រដ្ឋាភិបាល​នឹង​ផ្តល់ប្រាក់​លើកទឹកចិត្ត​មួយចំនួន​។​

La Libération បាន​លើកឡើងថា នៅ​ឆ្នាំ​២០១៨ ខាងមុខ​ដែលជា​តំណាក់កាល​ទី​១ រដ្ឋាភិបាល​បារាំង រៀបចំ​កញ្ចប់​ថវិកា​ពិ​សេស​សម្រាប់​រថយន្ត​ប្រមាណ​១០​ម៉ឺន​គ្រឿង​ដំបូង​។ គម្រោង​នេះ ក្នុង​គោលបំណង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ពី​១២៧​ក្រាម​ក្នុង​១​គីឡូម៉ែត្រ មក​ត្រឹម​១២០​ក្រាម​ក្នុង​១​គីឡូម៉ែត្រ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លក្ខខណ្ឌ​នេះ ផ្តល់​ជាពិសេស​សម្រាប់​រថយន្ត​ដែល​មិន​ជាប់ពន្ធ ដោយ​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចាប់ពី​១០០០​អឺរ៉ូ​ដល់​២០០០​អឺរ៉ូ រីឯ​អ្នក​ដែល​ដូរ​ទៅប្រើ​ប្រាស់​រថយន្ត​អគ្គិសនី អាច​ទទួលបាន​រហូត​ដល់​ទៅ​២៥០០​អឺរ៉ូ​។ សម្រាប់​រថយន្ត​ប្រើប្រាស់​សាំង ត្រូវជា​រថយន្ត​ដែល​ផលិត​នៅមុន​ឆ្នាំ​១៩៩៧ រីឯ​រថយន្ត​ប្រើប្រាស់​ម៉ា​ស៊ូ​ត ត្រូវ​ផលិត​មុន​ឆ្នាំ​២០០៦ (​មិន​ជាប់ពន្ធ​) ឬ​មុន​ឆ្នាំ​២០០១ (​ជាប់ពន្ធ​)​។​

​បើតាម​អ្នកជំនាញ​ផ្នែក​យានយន្ត ការផ្តល់ប្រាក់​លើកទឹកចិត្ត​នេះ គឺជា​រឿង​ល្អ ប៉ុន្តែ​វា​មិនមាន​ឥទ្ធិពល​ទៅលើ​ទីផ្សារ​រថយន្ត​ថ្មីៗ​នោះឡើយ ដោយ​គ្រាន់តែ​ផ្តល់​ប្រយោជន៍​តិចតួច​ដល់ទី​ផ្សារ​រថយន្ត​មួយ​ទឹក​៕


© រក្សាសិទ្ធិដោយ thmeythmey.com