ជាតិ
សេដ្ឋកិច្ច
USAID អនុវត្តគម្រោងទឹកស្អាតសម្រាប់តំបន់ជនបទ ក្នុងទឹកប្រាក់ ៣លានដុល្លារ
× ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានលើកគម្រោងមួយ ដែលមានឈ្នោះថាគម្រោង Wash-Fin ដែលមានតម្លៃទឹកប្រាក់ ៣លានដុល្លារ សម្រាប់រយៈពេល ៣ឆ្នាំ។ គម្រោងនេះមានបំណងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទរបស់កម្ពុជា។
លោក មីន មុន្នី ទីប្រឹក្សារបស់គម្រោងមួយនេះ បានឲ្យដឹងថា ថវិការបស់គម្រោងនេះនឹងត្រូវប្រើប្រាស់ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសដល់ប្រតិបត្តិករឯកជនផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ដែលគ្មានបណ្ដាណទឹកស្អាតរបស់រដ្ឋទៅដល់តំបន់ទាំងនោះ។ លោក មីន មុន្នី បានថ្លែងដូចនេះ នៅក្នុងសិក្ខាសាលាស្ដីពីការរៀបចំផែនការគម្រោង Wash-Fin នៅថ្ងៃទី១២ខែតុលា។
លោក មីន មុន្នី បន្ថែមថា គម្រោងនេះក៏នឹងជួយអ្នកផ្គត់ផ្គង់ទឹកស្អាតទ្រង់ទ្រាយតូចៗទាំងនោះ ឲ្យមានលទ្ធភាពពង្រីកវិសាលភាពបណ្ដាញទឹករបស់ខ្លួន តាមរយៈការសម្របសម្រួលអ្នកទាំងនិងគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក្នុងការទទួលបានប្រាក់កម្ចីការប្រាក់ទាប។
លោក មីន មុន្នី បញ្ជាក់ថា គម្រោងនេះមានបំណងធ្វើឲ្យមានការផ្គត់ទឹកស្អាតប្រកបដោយនិរន្តរភាព និងតម្លៃទាប នៅទីជនបទ។ បើតាមទីប្រឹក្សាគម្រោង Wash-Fin រូបនេះ គម្រោងមិនទាន់កំណត់តំបន់អនុវត្តនៅឡើយ ប៉ុន្តែគម្រោងនេះនឹងមិនអនុវត្តនៅទីប្រជុំជនធំៗឡើយ។ ហើយគម្រោងនេះនឹងត្រូវអនុវត្តពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com