ជាតិ
លោក ឃួ​ង ស្រេង ប្រកាស​សង់ស្ពាន​អាកាស​២​បន្ថែមទៀត នៅ​រាជធានី​ភ្នំពេញ
15, Oct 2017 , 4:14 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា សាលា​រាជធានី​មាន​គម្រោង​សង់ស្ពាន​អាកាស​២​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ខណៈ​ចំនួន​ពលរដ្ឋ និង​យានយន្ត បាន​បន្ត​កើនឡើង​។     



«​សាលា​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​នៅ​រង្វង់​មូល​ចោមចៅ និង​ច្រមុះជ្រូក​ដែលជា​ផ្លូវកែង​រវាងផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) និង​ផ្លូវ​២៧១ ព្រមទាំង​ធ្វើ​ផ្លូវ​ក្រោម​ដី​ផងដែរ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ប្រគល់​ស្ពាន និង​ផ្លូវ លី យ៉ុង​ផាត់ នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា​នេះ​។ 

​បើតាម​លោក ឃួ​ង ស្រេង មូលហេតុ​នៃ​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​បន្ថែម​នេះ គឺ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ខណៈដែល​ពេលបច្ចុប្បន្ន ពលរដ្ឋ​រស់នៅ​ភ្នំពេញ មាន​ជាង​៣​លាន​នាក់ និង​ចំនួន​យានយន្ត​បាន​កើន​ឡើងជា​បន្តបន្ទាប់​។

​សូមបញ្ជាក់ថា ស្ពាន លី យ៉ុង​ផាត់ ឬ​ស្ពាន​ព្រែក​ព្នៅ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ទិញ​ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដើម្បី​ដាក់​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​ដោយ​មិន​បង់ប្រាក់​វិញ​។ ស្ពាន​នេះ មាន​ប្រវែង ៩៩៦​ម៉ែត្រ និង​ទទឹង​១៤​ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ផ្លូវជាតិ​លេខ​៦A ដោយបាន​ដាក់​ឲ្យ​ដំណើរការ​តាំងពី​ឆ្នាំ​២០១០៕        


Tag:
 ស្ពាន​អាកាស​
  ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com