រថយន្ត
ទីផ្សាយានយន្តនៅរុស្ស៊ី ងើបឡើងវិញ ក្រោយរងវិបត្តិសេដ្ឋកិច្ចជាច្រើនឆ្នាំ
× ក្រុមហ៊ុនផលិតយានយន្តមានសុទិដ្ឋិនិយមខ្ពស់លើការពង្រីកទីផ្សារបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី នាឆ្នាំ២០១៧នេះ ដោយការលក់រថយន្តថ្មីចេញ មានកំណើនរហូតដល់១៨ភាគរយកាលពីខែកញ្ញា កន្លងមក។ នេះបើយោងតាមការផ្សាយរបស់ AFP។
ទីផ្សារថយន្តនៅប្រទេសរុស្ស៊ី បាននៅទ្រឹងដោយសារវិបត្តិសេដ្ឋកិច្ចរយៈពេល៤ឆ្នាំ ប៉ុន្តែបានផុសផុលឡើងវិញនៅឆ្នាំ២០១៧ ។ សមាគមពាណិជ្ជកម្មអឺរ៉ុប (AEB) ដែលតំណាងឲ្យវិនិយោគិនបរទេសនៅរុស្ស៊ី បានវាយតម្លៃថា ការលក់យានយន្តនៅរុស្ស៊ី នឹងមានកំណើន១០.៨ភាគរយនៅក្នុងឆ្នាំ២០១៧ ដែលកាលពីដើមឆ្នាំពួកគេគិតថា មានកំណើនតែក្នុងរង្វន់៤ភាគរយ។
ប្រសិនបើកំណើន ឡើងដូចជាការទស្សន៍ទាយរបស់ AEB មែននោះ រថយន្តនៅទីផ្សារុស្ស៊ី នឹងកើនដល់១.៥៨លានគ្រឿង ប៉ុន្តែចំនួននេះ នៅមានគម្លាតឆ្ងាយពីឆ្នាំ២០១២នៅឡើយ ដោយនៅកាលណោះ ចំនួនមានរហូតដល់៣លានគ្រឿង ជាកំណត់ត្រា។
កន្លងមក ទីផ្សាយានយន្តរុស្ស៊ី បានជួបវិបត្តិជាបន្តបន្ទាប់ ដូចតម្លៃប្រេងធ្លាក់ចុះ និងការរងគំនាមសេដ្ឋកិច្ចដែលទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ជាដើម ប៉ុន្តែនារយៈពេល២ឆ្នាំចុងក្រោយនេះ រដ្ឋបាលលោក វ្លាឌីមៀ ពូទីន បានប្រឹងប្រែងយ៉ាងខ្លាំង។
តាមការដកស្រង់របស់ AFP លោក Joerg Schreiber ប្រធានគណៈកម្មការយានយន្តរបស់ AEB បានសម្តែងការអបអរសាទរចំពោះកំណើននៃការលក់យានយន្តនៅរុស្ស៊ី ដែលតួលេខឡើងគុណជាពីរនារយៈពេល៥ខែជាប់ៗគ្នា ដោយខែកញ្ញា មានកំណើនខ្ពស់ជាងគេ។
កំណើននៃការលក់យានយន្តដ៏គួរឲ្យកត់សម្គាល់នៅទីផ្សារុស្ស៊ី កាលពីខែកញ្ញា រួមមាន យន្តម៉ាក Lada (+២៤ភាគរយ) Kia (+៤០ភាគរយ) Hyundai (+១២ភាគរយ) និង Renault (+២២ភាគរយ)។ ផ្ទុយទៅវិញ ទីផ្សារថយន្ត Toyota មានការថយចុះ១០ភាគរយ ខណៈ BMW ប្រកាសពីគម្រោងសាងសង់រោងចក្របន្ថែមថ្មីមួយទៀតនៅរុស្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com