ជាតិ
នយោបាយជាតិ
ច្បាប់ថ្មី៖ កៅអីសភា និងឃុំសង្កាត់របស់ CNRP នឹងបានទៅលើ CPP បើបក្សផ្សេងមិនយក រូបភាព៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី (ខាងឆ្វេងដៃ) និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ខាងស្តាប់ដៃ) រួមទាំងតំណាងរាស្រ្តផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២0១៧
× ភ្នំពេញ៖ បើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ អាសនៈក្នុងរដ្ឋសភា រួមទាំងអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះ នឹងត្រូវបែងចែកឲ្យគណបក្សផ្សេងៗ ព្រោះច្បាប់ថ្មីបានចែងមកយ៉ាងដូច្នេះ។ ប៉ុន្តែ បើគណបក្សទាំងនោះមិនទទួលយក គណបក្សប្រជាជនកម្ពុជា នឹងមានឱកាសបានអាសនៈទាំងអស់នោះ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ការកែប្រែច្បាប់បែបនេះ គឺដើម្បីប្រយោជន៍ប្រទេសជាតិ និងដើម្បីធ្វើឲ្យស្របតាមសភាពការណ៍ជាក់ស្តែង។ ប៉ុន្តែអ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិវិញបានអត្ថាធិប្បាយថា «ខ្លឹមសារនៃច្បាប់ខាងលើ គឺជាការប្លន់ឆន្ទៈប្រជាពលរដ្ឋ»។
បើត្រូវតុលាការកំពូលសម្រេចរំលាយចោលមែននោះ អាសនៈទាំង៥៥ក្នុងរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបែងចែកទៅឲ្យគណបក្សនានា ក្នុងអំឡុងពេលយ៉ាងយូរ៧ថ្ងៃ លើកលែងតែគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ នេះបើយោងតាមខ្លឹមសារថ្មី ក្នុងសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលរដ្ឋសភាទើបអនុម័តនៅព្រឹកថ្ងៃទី១៦ខែតុលានេះ។ ប៉ុន្តែ ខ្លឹមសារក្នុងសេចក្តីស្នើនេះក៏បានចែងដែរថា ប្រសិនជាគណបក្សនានាប្រកាសមិនទទួលយកអាសនៈទាំងនោះ គណបក្សប្រជាជនកម្ពុជាដែលមានអាសនៈក្នុងរដ្ឋសភា អាចមានសិទ្ធិទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ នៅពេលត្រូវបានរំលាយចោល។
មាត្រា១៣៨ (ស្ទួន) ក្នុងសេចក្តីស្នើនេះ បានចែងយ៉ាងដូច្នេះថា៖«ក្នុងករណី ពុំមានគណបក្ស ទទួលយកអាសនៈ ដែលនៅទំនេររបស់គណបក្សដែលត្រូវបានរំលាយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនៈដែលនៅនំនេរនោះ ឲ្យទៅគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា»។
ចំណែក សេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតឃុំ-សង្កាត់ ក៏ទើបនឹងត្រូវបានរដ្ឋសភាអនុម័តដែរ។ ខ្លឹមសារថ្មី ក្នុងសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតឃុំ-សង្កាត់ បានកំណត់ថា រាល់អាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សដែលត្រូវបានរំលាយ ត្រូវបែងចែកឲ្យគណបក្សនានា ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយ។ ដូច្នេះ បើតាមខ្លឹមសារនេះ គណបក្សណា ក៏អាចទទួលបានអាសនៈរបស់គណបក្ស ដែលត្រូវបានរំលាយដែរ ដោយមិនគិតថាគណបក្សនោះ កំពុងដឹកនាំរដ្ឋាភិបាលឬមិនដឹកនាំរដ្ឋាភិបាលឡើយ។ ចំណុចសំខាន់ ក្នុងសេចក្តីស្នើនេះ គឺនៅត្រង់ថា ឲ្យតែគណបក្សណា បានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងឃុំ-សង្កាត់ ជាមួយគណបក្ស ដែលត្រូវរំលាយ គណបក្សនោះនឹងទទួលបានផលចំណេញពីការបែងចែកអាសនៈដែលនៅទំនេរ។
មាត្រា២0 (ថ្មី) ក្នុងសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ បានចែងយ៉ាងដូច្នេះ៖«ក្នុងករណី គណបក្សណាមួយ ត្រូវបានរំលាយ បញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់នៃគណបក្សនោះ លែងមានសុពលភាព និងលែងមានគុណសម្បតិ្តតទៅទៀតហើយ។ ករណីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនៈដែលនៅទំនេរនោះ ទៅឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមក្នុងការបោះឆ្នោតនៅក្នុងឃុំ-សង្កាត់ ក្នុងអំឡុងពេលយ៉ាងយូរ១៤ថ្ងៃ»។
យ៉ាងណាក៏ដោយ អាសនៈទាំង៥៥ក្នុងរដ្ឋសភា រួមទាំងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ប្រមាណ ៥ពាន់អាសនៈ របស់គណបក្សសង្គ្រោះជាតិ ទំនងជាមិនអាចធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់នោះទេ ដ្បិតខណៈនេះ មានគណបក្សខ្លះ ដូចជាគណបក្សហ្វ៊ុនស៊ិនប៉ិច ជាដើម បានបង្ហាញបំណងតិចៗចង់បានអាសនៈរួចទៅហើយ បើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយមែននោះ។ ផ្ទុយទៅវិញ គណបក្សខ្លះទៀត មានដូចជាគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាដើម បានបញ្ជាក់ប្រាប់សារព័ត៌មានមួយចំនួនថា ពួកគេមិនចង់បានអាសនៈទាំងនោះដែរ។
ក្រៅពីច្បាប់ទាំង២ខាងលើ ច្បាប់ចំនួន២ទៀតដែលរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានរដ្ឋសភា អនុម័តដែរ។ សេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ទាំង៤ខាងលើ ត្រូវបានតំណាងរាស្ត្រ៦៧រូប ពីគណបក្សប្រជាជនកម្ពុជា ដែលមានវត្តមានរបស់សម្តេច ហ៊ុន សែន ដែរនោះ ចំណាយពេលតែជិត២ម៉ោងប៉ុណ្ណោះ ដើម្បីអនុម័តក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២0១៧នេះ។ ឯតំណាងរាស្ត្រទាំងអស់ពីគណបក្សសង្គ្រោះជាតិ បានបោះបង់កិច្ចប្រជុំនេះ។
លោក ជាម យៀប តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឡើងថ្លែងការពារក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថា ការកែប្រែច្បាប់ទាំង៤នេះ គឺដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះ យល់ថា ការកែប្រែនេះ នឹងធ្វើឲ្យច្បាប់ក្នុងប្រទេសកម្ពុជា មានភាពពេញលេញ ដើម្បីអនុវត្តឲ្យបានសមស្របទៅតាមសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។ លោកសង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ខ្ញុំសូមជម្រាបថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ គ្មានចេតនាចង់បំផ្លិចបំផ្លាញ បុគ្គលឬគណបក្សណាមួយឡើយ»។
ទោះជាយ៉ាងណាក្តី ការកែប្រែច្បាប់ខាងលើ បានរងការរិះគន់ម្តងហើយម្តងទៀត ពីសំណាក់តំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ ជាក់ស្តែង ស្របពេលរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ទាំងនោះ តំណាងរាស្ត្រមួយចំនួននៃគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារជាលក្ខណៈរិះគន់និងសើចចំអក។
«ថ្ងៃនេះ ខ្ញុំជិះក្របីគយគន់មើល [គេ] ប្លន់យកកៅអីតំណាងរាស្ត្រ កៅអីឃុំ សង្កាត់ និងកៅអីរាជធានី ខេត្ត ហើយនិងកៅអីក្រុង ស្រុក ខណ្ឌ»។ នេះជាសារបែបដៀមដាម របស់លោក ហូរ វ៉ាន់ តំណាងរាស្ត្រ និងជាអនុប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ ដែលបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Vann Ho ដោយអមជាមួយរូបលោក អង្គុយលើសត្វក្របីស៊ីម៉ង់ត៍មួយ។
ឯលោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏វាយប្រហារធ្ងន់ៗដែរ ចំពោះខ្លឹមសារថ្មីនៃសេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ទាំង៤ខាងលើ។ លោក បានសរសេរលើគណនីហ្វេសប៊ុកឈ្មោះ Eng Chhai Eang យ៉ាងដូច្នេះថា៖«[.....] ប្រសិនបើអ្នកណាយកច្បាប់វិសោធនកម្មខាងលើនេះ ទៅអនុវត្តក្នុងការបែងចែកអាសនៈរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សមួយដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សដទៃទៀត គឺជាការប្លន់ឆន្ទៈប្រជាពលរដ្ឋ យ៉ាងកំរោល ហើយអ្នកទទួលយកអាសនៈពីអំពើការប្លន់នេះ មានឈ្មោះថា ទទួលផលចោរកម្ម»។
សូមបញ្ជាក់ថា ការកែប្រែច្បាប់ទាំង៤ខាងលើ គឺស្របពេលបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលមានក្រសួងមហាផ្ទៃ ដើរតួជាដើមបណ្តឹង កំពុងសិ្ថតក្នុងដៃតុលាការកំពូល។ ហើយគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ជាអ្នកស្នើឲ្យក្រសួងមហាផ្ទៃ ធ្វើបណ្តឹងដាក់ទៅកាន់តុលាការកំពូល។ សម្រាប់គណបក្សទាំង២នេះ ឯកឧត្តម កឹម សុខា ដែលកំពុងជាប់ពន្ធនាគារ ក្រោមការសង្ស័យរបស់តុលាការថា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ គឺមិនអាចលើកលែងឲ្យបានឡើយ រួមទាំងគណបក្សសង្គ្រោះជាតិទាំងមូលផងដែរ។ នេះជាមូលហេតុចម្បង ដែលគណបក្សទាំង២ ចង់ឲ្យតុលាការ រំលាយគណបក្សសង្គ្រោះជាតិ៕
Tag:
ច្បាប់បោះឆ្នោត
ចែកអាសនៈ
CNRP
CPP
© រក្សាសិទ្ធិដោយ thmeythmey.com