ជាតិ
ចំណារ​លើ​សិលាចារឹក​កាលពី​អតីតកាល​៖«​សូម​ឲ្យ​កើត​នៅ​កម្ពុ​ជានា​អនាគតជាតិ​!»
17, Oct 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅលើ​ផ្ទាំង​សិលាចារឹក​មួយ​ដែល​គេ​បាន​រកឃើញ​នៅក្នុង​តំបន់​ខ្ពង់រាប​នគររាជ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័នទី​២ មាន​ចារ​ប្រយោគ​១​ឃ្លា​ថា​៖ «​ចេ​ត្ឆ​លំ មេ​ល្តិ បុណ្យ​នំ ជា​តោ​ហំ​កម្ពុ​ជេ​ទ្រុត​ម​» ប្រែ​ថា «​បើ​ផល​ដែល​កើតចេញ ពី​បុណ្យ​របស់ខ្ញុំ​មាន មែន​នោះ សូម​ឲ្យ​ឆាប់​កើត​នៅ​កម្ពុជា​»​។



​តើ​ប្រយោគ​១​ឃ្លា​ខាងលើនេះ ដែល​សិក្សា​ដោយ​លោក ចី​រ​ភ័ត ប្រ​ភ័ន​វិទ្យា មាន​អត្ថន័យ​យ៉ាងដូចម្តេចខ្លះ​សម្រាប់​យើង​ជា​ពុទ្ធសាសនិក​?​។ សូមជម្រាបថា ការដែល​យើង​យក​ប្រយោគ​មួយ​ឃ្លា​ដែល​សរសេរ​នៅ​ស​.​វ​ទី​១១​នៃ​គ​.​ស មក​បកស្រាយ​នេះ គឺ​ដោយសារតែ​យើង​មាន​គោលបំណង​ធំៗ​ពីរ​។ ចំពោះ​យើង ខ្លឹមសារ​នៃ​ប្រយោគ​មួយ​ឃ្លា​នេះ គឺ​ទី​១ : ចង់បង្ហាញ​ជា​ប្រយោល​ថា នៅ​បុរាណកាល ក្នុងខណៈដែល​នគរ​ខ្មែរ​មាន​ភាពរុងរឿង​ថ្កើងថ្កាន​នោះ នរណា​មួយ​ក៏​ចង់​ឲ្យ​ក្លាយទៅជា​ខ្មែរ​ដែរ​។ ត្បិត​ខ្មែរ​ខ្លាំងពូកែ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម មាន​ស្តុកស្តម្ភ​ជាង​ជនជាតិ​ដទៃ​ដែល​នៅ​ជុំវិញខ្លួន ទើប​ពុទ្ធសាសនិក​ខ្មែរ​នា​ជំនាន់​នោះ​ប៉ងប្រាថ្នា​ឲ្យ​កើតជា​ខ្មែរ​ម្តងទៀត​។​


 
​បើ​និយាយ​មួយបែប​ទៀត ក្នុងសម័យ​កាល​ដ៏​ត្រចះត្រចង់​នោះ កាលណា​បាន​កើតជា​ខ្មែរ គឺជា​មោទនភាព​ដ៏​វិសេសវិសាល​ណាស់​សម្រាប់​មហាជន​គ្រប់រូប គ្រប់​មជ្ឈដ្ឋាន​។ តែ​ជា​អកុសល ផ្ទុយទៅវិញ ចាប់តាំងពី​រដ្ឋ​ថៃ​ត្រូវបាន​បង្កើតឡើង​នៅលើ​ទឹកដី​ខ្មែរ​បុរាណ នា​ចុង​សតវត្សរ៍​ទី​១៣ ដើម​ស​.​វ​ទី​១៤ រហូតដល់​បច្ចុប្បន្ន​។ គេ​សង្កេតឃើញ​មានការ​ផ្លាស់ប្តូរ​នូវ​ផ្នត់គំនិត​របៀបនេះ ព្រោះថា ជាទូទៅ ជនជាតិ​ថៃ និង​ជនជាតិខ្មែរ​ដើមកំណើត​ថៃ ឈប់​ចង់​ក្លាយទៅជា​ខ្មែរ​ទៀតហើយ ដូចជា​ករណី​សហគមន៍​ខ្មែរ ដែល​រស់នៅក្នុង​ភូមិភាគ​ឥសាន​នៃ​ព្រះរាជាណាចក្រ​ថៃ​សព្វថ្ងៃនេះ រួមមាន ខេត្ត​អ៊ូ​ប៊ុន​, ស៊ីសាកេត​, បុរីរម្យ​, សុ​រិ​ន្ទ្រ​, នគររាជ​សីមា​ជាដើម​ជា​ឧទាហរណ៍​ស្រាប់​។ សិលាចារឹក​បាន​និយាយ​ដល់​ការ​គោរពបូជា​ចំពោះ​ព្រះពុទ្ធ​លោ​កេ​សូរ​ចំនួន ៩​អង្គ នៃ​និកាយ​ពេជ្រ​យាន ឬ​វ​ជ្រ​យាន​ផងដែរ តាមរយៈ​ពិធី​បន់ស្រន់​មួយ ដែល​គេ​តាំង​ឈ្មោះថា ពិធី​ទេវរាជ​។ ក៏ប៉ុន្តែ​ចំណុច​ដែល​ខុស​នោះ គឺ ក្នុង​សិលាចារឹក ដែល​លោក ចី​រ​ភ័ត ប្រ​ភ័ន​វិទ្យា បាន​លើក​យកមក​និយាយ​នេះ ពុំមាន​វត្តមាន​របស់​ពាក្យ​ស្រុក​ខ្មែរ ដូច​ដែលមាន​ក្នុង​សិលាចារឹក​ដទៃ​នោះទេ​។ ខាងលើនេះ គឺ​គ្រាន់តែ​ជា​ទិន្នន័យ​ជា​ប្រវត្តិសាស្ត្រ​ខ្លះ ដែល​គេ​អាច​ទាញ​ចេញពី​ប្រភព​សិលាចារឹក​ខ្មែរ​បុរាណ​។ សូមបញ្ជាក់ថា សិលាចារឹក​ខាងលើនេះ មាន​ឈ្មោះថា សិលាចារឹក​ស​ប្បាក ហើយ​ត្រូវបាន​សិក្សា​ដោយ​លោក ជីរ​ភ័ត ប្រ​ភ័​ន្ទ​វិទ្យា (Cf. Chirapat Prapandvidya, 1990, The Sab Bak Inscription : Evidence of an Early Vajrayana Buddhist Presence in Thailand, Journal of the Siam Society, 78 (2) : 11-14) និង​លោក កង្វល់ ខា​ក្សី​មា​៕

(​អត្ថបទ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត មី​សែ​ល ត្រា​ណេ នៅក្នុង​គេហទំព័រ http://www.khemaravidya.com)


Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com