ជាតិ
សេដ្ឋកិច្ច
ក្រសួង​ការងារ​បង្ហាញ​ជំហរ​បើកទូលាយ​ដល់​ការអនុវត្ត​សិទ្ធិ​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​
17, Oct 2017 , 7:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ ៖ ​ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា​ទើបតែ​បាន​ជួយ​ជំរុញ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ ១៧០​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ឆ្នាំ ២០១៨ កាលពី​ថ្ងៃ​ច័ន្ទ ក្រសួង​ការងារ​បាន​យល់ព្រម​កែសម្រួល​ឧបសគ្គ​មួយចំនួន​ដែល​អាច​នឹង​រារាំង​ដល់​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល និង​ការបង្កើត​សហជីព​នៅតាម​រោងចក្រ និង​សហគ្រាស ដើម្បី​ប្រឆាំងនឹង​ការកេងប្រវ័ញ្ច​ពី​និយោជក​។ ចំណាត់ការ​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ការថែរក្សា​សុខភាព​រប​ស់​ឧស្សាហកម្ម​កាត់ដេរ ដែលជា​ឆ្អឹងខ្នង​សំខាន់​មួយ​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​។



​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង បានប្រកាស​អំពី​ការសម្រួល​លក្ខខណ្ឌ​មួយចំនួន ដើម្បី​ពង្រីក​លំហ​សេរីភាព សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ទាក់ទិន​ទំនាក់ទំនង​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ និង​តាម​ការបញ្ជាក់​របស់​មេ​ដឹកនាំ​សហជីព​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ ២០១៧ បាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​របស់​លោក អ៊ិត សំហេង បានធ្វើ​ឡើង​ក្រោយ​ជំនួប​របស់លោក​ជាមួយ​លោក Peter McAllister នាយក​ប្រតិបត្តិ​នៃ​គំនិត​ផ្តួចផ្តើម​សីលធម៌​ពាណិជ្ជកម្ម (Ethical Trading Initiative-ETI) ដែលជា​តំណាង​ឲ្យ​ឲ្យ​អ្នកបញ្ជា​ទិញ​ធំៗ​ពី​កម្ពុជា​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​នោះ លោក អ៊ិត សំហេង បាន​ប្រា​ប់លោក Peter McAllister អំពី​ការប្រែប្រួល​មួយចំនួន​ក្នុង​វិស័យ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ រួមមាន​ការបញ្ឈប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​នីតិវិធី​ជម្រះក្តី​វិវាទ​ការងារ​ទៅតាម​មតិយោបល់​របស់​សិក្ខាសាលា​ត្រីភាគី និង​ភាគី​ពាក់ព័ន្ធ​នានា ដោយ​បន្ត​ប្រើ​យន្តការ​ផ្សះផ្សា និង​ដោះស្រាយ​វិវាទ​ដែលមាន​ស្រាប់ និង​ការកែសម្រួល​មាត្រា​១៦ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​អនុញ្ញាត​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ការបើក​ឲ្យ​មានការ​ពិភាក្សា​បន្ថែមទៀត​ជាមួយ​ត្រីភាគី​។​

​លោក អ៊ិត សំហេង បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ប្រែ​ចំណុច​សំខាន់ៗ​ពីរ​ផ្សេងទៀត គឺ​ការរៀបចំ​ប្រកាស ដើម្បី​ដាក់ជូន​សិក្ខាសាលា​ត្រីភាគី​ពិនិត្យ​ផ្តល់យោបល់ ដោយ​ផ្តល់​សិទ្ធិ​ដល់​សហជីព ដែលមាន​សមាជិក​ភាគតិច ក្នុងការ​ធ្វើជា​តំណាង​សមាជិក​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​រួម និង​ការរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ដើម្បី​ពិនិត្យ និង​កែសម្រួល​នីតិវិធី​នៃ​ការចុះបញ្ជី​សហជីព ឲ្យ​កាន់​តែមាន​តម្លាភាព ប្រសិទ្ធភាព និង​ធានាបាន​ការអនុវត្ត​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

​ក្រុម​មេដឹកនាំ​សហជីព​បាន​សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល ក្នុង​វិស័យ​ការងារ​នេះ ដោយ​ពួកគេ​បាន​និយាយថា ការណ៍​នេះ​បាន​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​កំពុង​កើតមាន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ ហើយ​ស្របគ្នា​នឹង​ការអំពាវនាវ​របស់​ស​ហ​រដ្ឋ​អាមេរិក និង​អឺរ៉ុប ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​គោរព​សិទ្ធិ​កម្មករ​។​

​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) ថ្លែងប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​ក្រសួង​ការងារ​យ៉ាង​ដូច្នេះ​៖

«​អ្វីដែល​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឯកភាព រហូត​ទៅដល់​ឈានទៅដល់​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន ក្នុងជំនួប​ជាមួយនឹង​អ្នកបញ្ជា​ទិញ​នេះ វា​ជា​រឿង​មួយ​ល្អ ហើយ​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ ក៏ដូចជា បញ្ហា​ដែល សហរដ្ឋអាមេរិក​លើក​ឡើង អំពី​បញ្ហា​ការជំរុញ​ឲ្យ​កម្ពុជា​ធានា​ការគោរព​សិទ្ធិ​កម្មករ​អី​នោះ ខ្ញុំ​យល់ថា ឱកាស​នេះ វា​ជា​ឱកាស​មួយ​ដែល​ក្រសួង​ការងារ ឆ្លើយតប​វា​ជា​រឿង​មួយ​វិជ្ជមាន មានន័យថា វា​ជា​រឿង​ពិតប្រាកដ​»​។​

​លោក ប៉ាវ ស៊ីណា បាន​ថ្លែងបន្តថា នៅក្នុង​វិស័យ​កាត់ដេរ​នេះ ភាគី​ពាក់ព័ន្ធ​នៅមាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ រួមមាន​បញ្ហា​នៃ​ការប្រើប្រាស់​កិច្ចសន្យាការងារ​ខ្លីៗ ដែល​លោក​អះអាងថា កំពុង​រីកសាយ​ភាយ​នៅក្នុង​ប្រទេស ការពង្រីក​វិសាលភាព​នៃ​ការដឹកជញ្ជូន​ដែលមាន​សុវត្ថិភាព ការផ្តល់សេវា​សុខភាព ការបិទ​រោងចក្រ​ដោយ​គ្មាន​សំណង​ជូន​ដល់ក​ម្មករ ការពង្រីក​បណ្តាញទឹក​ភ្លើង​ដល់​តំបន់​កម្មករ​កំពុងរ​ស់​នៅ និង​បរិស្ថាន​ក្នុង​រោងចក្រ និង​សហគ្រាស​នានា​ជាដើម​។​

«​នៅក្នុង​នោះដែរ យើង​មើលឃើញថា អ្វីដែល​ចំណុច​សំខាន់​ទៀត​នោះ គឺ​ការចុះ​អធិការកិច្ច ប្រកបដោយ​តម្លាភាព ពី​សំណាក់​មន្ត្រី​ជំនាញ នៅក្នុង​ការចុះពិនិត្យ​តាម​បណ្តា​រោងចក្រ សហគ្រាស​ទាំងអស់ ធ្វើ​ម៉េច​ឲ្យ​គាត់​កែប្រែ​នូវ​បរិស្ថាន​ក្នុង​រោងចក្រ​ឲ្យ​ស្របទៅតាម​បទដ្ឋាន ស្តង់ដារ​ច្បាប់ មានន័យថា ធានា​បរិយាកាស​នៅ​កន្លែងធ្វើការ ប្រកបដោយ ហៅថា ផាសុកភាព ដោយ​មិន​ក្តៅ ដោយ​មិន​គេ​ហៅថា បរិយាកាស​អាប់អួរ ឬមួយ​ក៏មាន​ជាតិគីមី ក្លិន​អី​ផ្សេងៗ​ហ្នឹង​បាទ ទាំងអស់​នេះឯង​ដែល​យើង មើលឃើញ​នៅតែ​ជា​បញ្ហា​»​។​

​មេដឹកនាំ​ស្ថាន​បេសកកម្ម​ការទូត​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បានស្នើ​ឲ្យ​មានការ​បើកទូលាយ​ដល់​សកម្មភាព​បង្កើត​សហជីព និង​បន្ត​ការពារ​សិទ្ធិ​កម្មករ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា​ប្រកាស​តំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដល់​១៧០​ដុល្លារ​។​

​ឯកអគ្គរដ្ឋទូត​ទាំងពីរ​បានលើកឡើង​ពី​បញ្ហា​នានា​ស្តីពី​សិទ្ធិ​កម្មករ ដែលមាន​សារៈសំខាន់​ដល់​ម្ចាស់​ម៉ាក ឬ​យីហោ​ធំៗ និង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។ ពួកគាត់​បាន​បញ្ជា​ក់ឡើ​ង​វិញ​ពី​ភាព​ចាំ​ចាច់​នៃ​ការធ្វើ​ឲ្យ​បាន​ប្រសើរ​នូវ​អនុសាសន៍​ជាច្រើន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (International Labor Organization) ដែល​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​សិទ្ធិ​កម្មករ ដើម្បី​ឲ្យ​ពួកគេ​ជ្រើសរើស​សហជីព​ដោយ​ខ្លួនឯង ចុះបញ្ជី​សហជីព​តាម​ដំណើរការ​ត្រឹមត្រូវ និង​តម្លាភាព និង​ដោះស្រាយ​វិវាទ​ការងារ​រួម ទៅតាម​ពេលវេលា​ជាក់លាក់ និង​ប្រកបដោយ​តម្លាភាព​។​

​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា  ការកែប្រែ​ដែល​ចេះតែ​បន្ត​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​មាន​ភាពចាំបាច់​ដើម្បី​រក្សា​កម្រិត​បច្ចុប្បន្ន​សម្រាប់​ការនាំ​ទំនិញ​ចូលទៅ​កាន់​សហរដ្ឋអាមេរិក ព្រមទាំង​ការទទួលបាន​ការជឿជាក់​ពី​អ្នកបញ្ជា​ទិញ​អាមេរិកាំង​។​

​ឧស្សាហកម្ម​កាត់ដេរ​ក​ម្ពុ​ជា​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​ស្ត្រី​ប្រមាណ​៧០​ម៉ឺន​នាក់​។ យោងតាម​តួលេខ​ចុងក្រោយ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់​ទៅ​បរទេស​គិត​ជា ទឹកប្រាក់​ប្រមាណ​ជា​៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៦៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com