ជាតិ
សុខាភិបាល កំពុងពិនិត្យមើលសកម្មភាពព្យាបាលជំងឺ«គ ថ្លង់» របស់លោក ជា សុខហេង
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បដិសេធទទួលស្គាល់លោក ជា សុខហេង ដែលកំពុងដើរព្យាបាលជំងឺ«គ ថ្លង់» ដល់ប្រជាពលរដ្ឋ។ ការបដិសេធរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងក្រោយពីលោក ជា សុខហេង អះអាងថា មានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួង។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បាននិយាយថា ក្រសួងមិនដែលបានចេញអាជ្ញាបណ្ណវិជ្ជាជីវៈគ្រូពេទ្យ ដល់លោក ជា សុខហេង ឡើយ ដូច្នេះរាល់ការព្យាបាលរបស់បុគ្គលនេះ មិនស្ថិតនៅក្នុងក្របខណ្ឌគ្រូពេទ្យនោះទេ។ បន្ថែមពីនេះលោក លី សូវ៉ាន់ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើលោក ជា សុខហេង បើសិនជានៅតែបន្តអះអាងថា ជាគ្រូពេទ្យជំនាញ ដែលមានអាជ្ញាបណ្ណពីក្រសួង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសមិនទទួលស្គាល់លោកគ្រូព្យាបាល(ជា សុខហេង)ម្នាក់នេះទេ ព្រោះក្រសួងមិនដែលចេញអាជ្ញាបណ្ណឲ្យគាត់ឡើយ។ ហើយមុននឹងប្រកបរបរគ្រូពេទ្យ គេត្រូវស្នើសុំមកក្រសួងសុខាភិបាល ហើយក្រសួងត្រូវត្រួតពិនិត្យលើវិជ្ជាជីវៈ និងវេជ្ជសាស្ត្រត្រឹមត្រូវទើបចេញអាជ្ញាបណ្ណឲ្យ »។
លោក លី សូវ៉ាន់ បានបន្ថែមថា នៅពេលនេះក្រសួង បានណែនាំឲ្យមន្ទីរសុខាភិបាល គ្រប់ខេត្ត-ក្រុង ដោយមានការចូលរួមពីមន្ត្រីជំនាញ បំបាត់ឱសថក្លែងក្លាយ និងគ្លីនិក សហការជាមួយមន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃ ដើម្បីតាមដាន និងត្រួតពិនិត្យលើសកម្មភាពព្យាបាលជំងឺ«គ ថ្លង់» របស់លោក ជា សុខហេង នេះ។ បើតាមលោក លី សូវ៉ាន់ កន្លងមកអាជ្ញាធរធ្លាប់បានចុះរារាំងសកម្មភាពព្យាបាលជំងឺ«គ ថ្លង់»របស់លោក ជា សុខហេង ដែរ។
«បើពលរដ្ឋនៅតែមានជំនឿលើការព្យាបាលនោះ វាក៏ធ្វើឲ្យក្រសួងពិបាកទប់ស្កាត់ដែរ ដូច្នេះមានតែការសហការពីសំណាក់ពលរដ្ឋទេ ទើបអាចទប់ស្កាត់បាន ហើយពលរដ្ឋគប្បីកុំជឿលើការព្យាបាលលើអ្នកណាម្នាក់ដែលអះអាងថាជាគ្រូពេទ្យជំនាញព្យាបាលជំងឺ ដោយត្រូវពិនិត្យមើលលើអាជ្ញាបណ្ណដែលចេញពីក្រសួងឲ្យគ្លីនិក ឬកន្លែងពិគ្រោះយោបល់ជំងឺនោះសិន មុននឹងជឿ»។ នេះជាការអំពាវនាវរបស់លោក លី សូវ៉ាន់ ។
គួរបញ្ជាក់ថា ការចេញប្រតិកម្មរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងក្រោយពីលោក ជា សុខហេង កំពុងដើរព្យាបាលជំងឺ«គ ថ្លង់» នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យពលរដ្ឋមួយចំនួន កំពុងមានជំនឿយ៉ាងខ្លាំង ចំពោះការព្យាបាលរបស់លោក ជា សុខហេង នេះ៕
Tag:
លី សូវ៉ាន់
ជា សុខហេង
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com