ជាតិ
អាមេរិក​ថា ការរំលាយ CNRP ស្មើនឹង​ដកសិទ្ធិ​បោះឆ្នោត​ពលរដ្ឋ​រាប់លាន​នាក់
17, Oct 2017 , 4:30 pm        
រូបភាព
លោកស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក
លោកស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក
​ភ្នំពេញ​៖ សហរដ្ឋអាមេរិក​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​សម្តែង​ការបារម្ភ​សារជាថ្មី​ម្តងទៀត​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ប្រឈម​នឹង​ការរំលាយចោល​។ យ៉ាងណាក៏ដោយ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា មូលហេតុ​នៃ​ការកែប្រែ​ច្បាប់​ខាងលើ មិនមែន​ដើម្បី​បំផ្លាញ​គណបក្ស​ណាមួយ​ឡើយ តែ​ផ្ទុយទៅវិញ គឺ​ដើម្បី​ឲ្យ​ស្របតាម​សភាពការណ៍​ជាក់ស្តែង​របស់​ប្រទេសជាតិ​។



​ជាថ្មី​ម្តងទៀត សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍ ជុំវិញ​ស្ថានការណ៍​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ជាពិសេស​ផ្តោតទៅលើ​ការកែប្រែ​ច្បាប់​មួយចំនួន ដែល​បើកផ្លូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​បែង​ចែង​អាសនៈ​ក្នុង​រដ្ឋសភា និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងករណី​ត្រូវ​រំលាយ ទៅ​ឲ្យ​គណបក្ស​ដទៃ​។

​សេចក្តីថ្លែងការណ៍ ដែល​ចេញ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២0១៧ បាន​លើកឡើងថា បើ​ច្បាប់​នោះ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវ​នៅ​ប្រទេស​កម្ពុជា ហើយ​បន្ទាប់មក ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏​ស្រាប់តែ​កើតឡើង​ដែរនោះ វា​អាចជា «​ការដក​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណ​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២0១៣ និង​ឆ្នាំ​២0១៧»​។​

​ក្នុង​សេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិក ក៏​ឆ្លៀត​ស្នើ​ម្តងទៀត​ដែរ ដោយ​សុំ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា ហើយ​ថែមទាំង​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ចំពោះ​សកម្មភាព​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​។ លើសពីនេះ ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ក៏​ត្រូវបាន​សហរដ្ឋអាមេរិក លើក​មក​និយាយ​ដែរ​។ សហរដ្ឋអាមេរិក លើកឡើងថា ការប្រកួតប្រជែង​ដ៏​ត្រឹមត្រូវ​ក្នុងការ​បោះឆ្នោត នា​ឆ្នាំ​២0១៨  មាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​និង​ភាពស្របច្បាប់​។

​ជុំវិញ​ការកែប្រែ​ច្បាប់​ទាក់ទង​នឹង​ការ​បែង​ចែង​អាសនៈ​របស់​គណបក្ស​មួយ ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​គណបក្ស​ដទៃ ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ថ្លែង​ការពារ​រួចហើយ​។ ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២0១៧ លោក ជាម យៀប តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ការកែប្រែ​នេះ នឹងធ្វើ​ឲ្យ​ច្បាប់​ក្នុងប្រទេស​កម្ពុជា មាន​ភាព​ពេញលេញ ដើម្បី​អនុវត្ត​ឲ្យ​បាន​សមស្រប​ទៅតាម​សភាពការណ៍​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សូមជម្រាបថា ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គ្មាន​ចេតនា​ចង់​បំផ្លិចបំផ្លាញ បុគ្គល​ឬ​គណបក្ស​ណាមួយ​ឡើយ​»​។​

​រីឯ​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា យល់ឃើញថា ខ្លឹមសារ​នៃ​ច្បាប់ គឺ​តែងតែ​អនុវត្ត​លើ​គ្រប់ភាគី​ទាំងអស់​។ លោក និយាយ​យ៉ាង​ដូច្នេះ​៖«​យើង មិន​សំដៅ​ទៅលើ​គណបក្ស​ណា​ទេ​។ ច្បាប់​ហ្នឹង គឺមាន​វិសាលភាព​ទូទៅ ឲ្យ​តែ​គណបក្ស​ណា​ធ្វើ​ខុស គឺ​ត្រូវ​យកមកអនុវត្ត​ហើយ​»​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ដែល​រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កំពុងស្ថិត​ក្នុងការ​ពិនិត្យ​របស់​ព្រឹទ្ធសភា​។ ជា​នីតិវិធី ក្រោយ​ពិនិត្យ​និង​អនុម័ត​ចប់​ពេលណា សេចក្តីស្នើ​ទាំងនោះ នឹងត្រូវ​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​បន្ត​។ នៅ​ដំណាក់កាល​ចុងក្រោយ សេចក្តីស្នើ​ខាងលើ ត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ឡាយព្រះហស្ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​៕


Tag:
 អាមេរិក​
  កឹម សុខា​
  ច្បាប់​ចែក​អាសនៈ
© រក្សាសិទ្ធិដោយ thmeythmey.com