ជាតិ
ច្បាប់​ថ្មី​៖ ព្រឹទ្ធសភា និង​មហាផ្ទៃ ថា កៅអី​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង មិន​បាត់បង់​ឡើយ​
17, Oct 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រឹទ្ធសភា និង​ក្រសួងមហាផ្ទៃ ថា​ខ្លឹមសារ​ច្បាប់​ស្តីពី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​និង​ច្បាប់​ចំនួន​៣​ទៀត មិន​ប៉ះពាល់​ដល់​កៅអី​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​ឡើយ​។ ព្រឹទ្ធសភា កំពុង​ពិនិត្យ​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ទាក់ទង​នឹង​ការយក​អាសនៈ​នៃ​គណបក្ស​មួយ ដែល​ត្រូវបាន​រំលាយ ឲ្យ​គណបក្ស​ដទៃ​។​



​ខ្លឹមសារ​ច្បាប់​ស្តីពី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​ក្រុម​សមាជិកសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កែប្រែ​មាត្រា ចំនួន​២ ដើម្បី​ស្របទៅនឹង​ការវិវត្ត​នយោបាយ​នា​ពេប​ច្ចុ​ប្បន្ន​នេះ​។ ចំពោះ​ខ្លឹមសារ​នៃ​ការកែប្រែ​មាត្រា​ច្បាប់​នេះ ត្រូវបាន​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​និយាយថា បើ​មើល​លើ​ខ្លឹមសារ​កែប្រែ​មាត្រា​ច្បាប់បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នេះ គឺ​មិនមាន​ចំណុច​ណា​ដែល​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​មានការ​ព្រួយបារម្ភ​ឡើយ​។ អ្នក​ពាក្យ​ព្រឹទ្ធសភា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​«​ដោយសារតែ​យើង​មើលឃើញ​ភាព​ចន្លោះប្រហោង ទើប​យើង​កែប្រែ ដើម្បី​ឲ្យ​ការអនុវត្ត​ច្បាប់ កាន់​តែមាន​សុពលភាព​។ យើង​ត្រូវអនុវត្ត​លើ​គ្រប់​គណបក្ស​។ យើង​មិន​សំដៅ​តែ​ទៅលើ​គណបក្ស​ណាមួយ ថា​ត្រូវ​រំលាយ​ឬ​មិន​រំលាយ​ទេ​។​

​ចុះបើ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ​មែន តើ​វា​អាច​ប៉ះពាល់​ដល់​កៅអី​សមាជិក​ព្រឹទ្ធ​គណបក្សប្រឆាំង ក្នុង​ព្រឹទ្ធសភា​ដែរ​ទេ​? ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ពន្យល់ថា សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​«​ភ្លើងទៀន​» នឹងមិន​បាត់បង់​តួនាទី​ក្នុង​ព្រឹទ្ធសភា​ឡើយ បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រឈម​នឹង​ការរំលាយ​បក្ស នាពេលខាងមុខ​ក្តី​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ខៀវ សុភ័គ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​អត់​មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ភ្លើងទាន​ទេ ព្រោះ​ពួកគាត់​បានធ្វើ​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ »​។​

​គណបក្ស សម រង្ស៊ី ដែល​បាន​ប្ដូរ​ឈ្មោះ​ទៅជា​គណបក្ស​«​ភ្លើងទៀន​» វិញ​ក្រោយពី​មានការ​ណែនាំ​ពី​ក្រសួងមហាផ្ទៃ ដែល​បង្គាប់​ឲ្យ​មានការ​អនុវត្ត​ឲ្យ​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ក្រោយ​ប្ដូ​ឈ្មោះ​រួច គណបក្ស​«​ភ្លើងទៀន​» ក៏បាន​តម្កល់​ឯកសារ​ច្បាប់ នៅ​ក្រសួងមហាផ្ទៃ​។ គណបក្ស​«​ភ្លើងទៀន​» ដែលមាន​ឈ្មោះ​ដើម​ថា គណបក្ស សម រង្ស៊ី នេះ​បានរួម​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា ហើយ​បង្កើត​មកជា​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៣ ។​

​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​សមាជិក​គណបក្ស​ភ្លើងទៀន បាន​នោះទេ​។​

​តែ​យ៉ាង​ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វ​ណ្ណុល បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កន្លងមក​ថា គណបក្ស​លោក​នឹង​នៅតែ «​បើក​» ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ក៏ដោយ ហើយ​អាច​នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា និង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំក្រោយ​ផងដែរ​៕


Tag:
 ម៉ម ប៊ុននាង
 ​ឡេង ប៉េងឡុង​
  ខៀវ សុភ័គ
© រក្សាសិទ្ធិដោយ thmeythmey.com